សាធារណជនប្រហែលមិនទាន់ភ្លេចទេ ពីវត្តមានចាប៉ីដងវែងខ្នាតយក្សដែលបានដាក់តាំង បង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧។ ចាប៉ីដងវែងខ្នាតយក្ស ត្រូវបានយកទៅ រក្សាទុកនៅសាលាខេត្តបាត់ដំបង ដែលជាអតីតផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន)។
ពិធីប្រគល់ចាប៉ីដងវែងខ្នាតយក្ស ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ចំពេលគណៈប្រតិភូរដ្ឋមន្ត្រីទេសចរចំនួន២២ប្រទេស ទៅទស្សនកិច្ចស្វែងយល់ពីទីក្រុង បុរាណ ខេត្តបាត់ដំបង ដែលជាបេក្ខភាពមួយក្នុងចំណោមខេត្តចំនួន៣ទៀត ដែលស្នើសុំចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ចាប៉ីដងវែងខ្នាតយក្ស ត្រូវបានអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា បានដង្ហែទៅដាក់តាំងក្នុងសាលាខេត្តបាត់ដំបង ក្នុងបំណងរក្សាចាប៉ីតទៅមុខ ទៀតសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានដឹង និងស្គាល់។ តាមព័តមានរបស់អាជ្ញាធរជាតិអប្សរា ការរៀបចំនេះធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។
គួររម្លឹកថា ចាប៉ីដងវែងខ្នាតយក្សនេះមានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត។ ចាប៉ីនេះធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com