សៀមរាប៖ យុវជនបោះបង់ចោលការសិក្សានៅកម្ពុជា មានឱកាសតិចតួចណាស់ ក្នុងការទទួលបានការបណ្តុះបណ្តាល ពីសុខភាពបន្តពូជ និងការពន្យារកំណើត។ អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ការបណ្តុះបណ្តាលពីបញ្ហានេះ ទៅដល់យុវជនដែលបោះបង់ចោលការសិក្សាមួយចំនួន នៅក្នុងខេត្តសៀមរាប។
យុវជនដែលបោះបង់ចោលការសិក្សាប្រមាណ៥០នាក់ កំពុងទទួលបានការអប់រំពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើត បន្ថែមលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសវិជ្ជាជីវៈភូមិភាគតេជោសែន ក្នុងខេត្តសៀមរាប។ គម្រោងនេះគាំទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា។
ការផ្តល់ការអប់រំបន្ថែម ស្តីពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើត ដល់យុវជនបោះបង់ចោលការសិក្សានេះ ធ្វើឡើងស្របពេលដែលការអប់រំពីបញ្ហានេះកម្ពុជា ហាក់នៅមិនទាន់ទូលំទូលាយនៅឡើយ។
អ្នកស្រី ហោម រូហ្សា ជាគ្រូបង្រៀនពីសុខភាពបន្តពូជ និងការពន្យារកំណើត ទៅដល់យុវជនទាំងនេះ។ គ្រូបង្រៀនរូបនេះ បញ្ជាក់ថាការបង្រៀនពីសុខភាពបន្តពូជ និងការពន្យារកំណើតនេះ គឺចង់បន្ថែមការយល់ដឹងដល់សិស្សបន្ថែមទៀត ឲ្យបានយល់កាន់តែច្បាស់ពីការធ្វើអនាម័យ និងការការពារសុខភាពជាដើម។ បើតាមអ្នកគ្រូ ហោម រូហ្សា សុខភាពបន្តពូជនេះ មានសារៈសំខាន់សម្រាប់យុវវ័យ និងសហគមន៍ទាំងមូល។ អ្នកគ្រូ ហោម រូហ្សា បញ្ជាក់ដូច្នេះថា៖« ការយល់ដឹងពីសុខភាពបន្តពូជ និងការពន្យារកំណើត អាចជួយឲ្យពួកគេគេចផុតពីបញ្ហាក្រីក្រ ប្រសិនបើពួកគេមានផែនការ និងគម្រោងការក្នុងជីវិត ពិសេសបន្ទាប់ពីពួកគេមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន»។
អ្នកស្រី រូហ្សា បន្ថែមថា យុវវ័យបច្ចុប្បន្ន ឆាប់ប្រឡូកនឹងការរួមភេទ ទាំងនៅវ័យក្មេង ដែលមិនបានយល់ច្បាស់ពីសុខភាពបន្តពូជ អ៊ីចឹងបានជាបង្រៀនដល់ពួកគេកុំឲ្យប្រឡូកជាមួយការរួមភេទ នៅវ័យក្មេង ឬក៏ពួកគេចេះការពារខ្លួន ករណីពួកគេប្រឡូកនឹងការរួមភេទ។
ដើមឡើយពួកគេអៀនខ្មាសច្រើននៅពេលនិយាយដល់រឿងរួមភេទ ឬសុខភាពបន្តពូជ ប៉ុន្តែក្រោយពីបានទទួលការបណ្តុះបណ្តាល ពួកគេមិនត្រឹមតែមិនខ្មាសអៀនទេ ប៉ុន្តែថែមទាំងបានចែករំលែកចំណេះដឹងទាំងនេះ ទៅកាន់មិត្តភក្តិទៀតផង។
កំពុងអង្គុយស្ដាប់មិត្តរួមថ្នាក់ពន្យល់មេរៀន កញ្ញា សារ៉ាយ ជាយុវតីម្នាក់ ដែលទើបតែមានឱកាសរៀនសូត្រពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើតនេះ។
យុវតីវ័យ ១៨ឆ្នាំរូបនេះលើកឡើងថា ការសិក្សាពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើតនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់នាង ព្រោះវាបានអនុញ្ញាតឲ្យរូបគេ ដឹងពីផលវិបាកក្នុងគ្រួសារក្រោយរៀបការ ការថែរក្សាសុខភាពពេលមានផ្ទៃពោះ និងការពារកុំឲ្យមានផ្ទៃពោះ នៅពេលពួកគេរៀបការរួចជាដើម។ ការយល់ដឹងពីសុខភាពបន្តពូជ និងការពន្យារកំណើតនេះ កំពុងផ្លាស់ប្តូរការគិតរបស់សារ៉ាយផង។ សារ៉ាយ ដែលពីមុនមកមិនបានគិតឡើយពីការរៀបចំផែនការគ្រួសារនោះ បញ្ជាក់ដូច្នេះថា៖«ខ្ញុំសប្បាយចិត្តនៅពេលដែលបានសិក្សាពីបញ្ហាទាំងនេះ ធ្វើឲ្យខ្ញុំមានគម្រោង និងផែនការជីវិតច្បាស់លាស់»។
យុវជនបោះបង់ចោលការសិក្សាម្នាក់ទៀត ក៏រីករាយនឹងវគ្គបណ្តុះបណ្តាលពីសុខភាពបន្តពូជ និងការពន្យារកំណើតនេះដែរ។ មានវ័យ២០ឆ្នាំ សុខ សិទ្ធ បញ្ជាក់ថារូបគេឆ្លៀតពេលមកសិក្សាបន្ថែមពីបញ្ហាទាំងនេះ ព្រោះរូបគេយល់ថាមានសារៈសំខាន់ ដើម្បីឲ្យជីវិតពួកគេកាន់តែស្រួល និងមានផែនការច្បាស់លាស់ កុំឲ្យជួបបញ្ហាក្រីក្រដោយសារតែបញ្ហាបែបនេះ។
យុវជនរូប បានអះអាងទៀតថា មុនពេលទទួលការបណ្តុះបណ្តាលស្តីពីបញ្ហានេះ រូបគេអៀនខ្មាសខ្លាំង ប៉ុន្តែពេលនេះ រូបគេមិនញញើតនឹងការនិយាយពីការបន្តពូជ និងការពន្យារកំណើតនោះឡើយ។ លើសពីនេះ សុខ សិទ្ធ សន្យាថារូបគេ នឹងចែករំលែកចំណេះដឹងទាំងនេះ ទៅដល់យុវវ័យផ្សេងទៀត នៅក្នុងសហគន៍របស់គេផង។
បញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើតជាបញ្ហាសំខាន់ដែលសិស្សបោះបង់ការសិក្សា និងសិស្សទូទៅ គួរតែស្វែងយល់។ នេះជាការបញ្ជាក់របស់ កញ្ញា អឿម ផល្លី។
ក្រៅពីយល់ដឹងពីបញ្ហាសុខភាពបន្តពូជ និងការពន្យារកំណើត ផល្លី បញ្ជាក់ថា នាងក៏បានយល់ដឹងពីផលអវិជ្ជមាននៃការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងស្វែងយល់ពីជំងឺអេដស៍ និងបញ្ហាជាច្រើនទៀតដែរ។ យុវតីរូបនេះ ក៏អះអាងដែរថា នាងធ្លាប់ផ្ទេរចំណេះទាក់ទងនឹងសុខភាពបន្តពូជ និងការពន្យារកំណើតនេះទៅដល់យុវវ័យផ្សេងទៀតផង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com