ភ្នំពេញ៖ បញ្ហាកង្វះមីក្រូសារជាតិមួយចំនួននៅតែជាបញ្ហាសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា ទោះបីជារយៈពេល២០ឆ្នាំចុងក្រោយនេះ កង្វះជីវជាតិA ត្រូវបានកាត់បន្ថយលើស្រ្តីមានផ្ទៃពោះក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលនៃ ការអនុវត្តគម្រោងសាកល្បងការផ្ដល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ លោកស្រី ប្រាក់សោភ័ណ្ឌនារី បានលើកឡើងថា កង្វះជាតិហ្វូលេតនៅជាបញ្ហាដល់ស្រ្តី ១៨% និងកង្វះជីវជាតិD ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ។
ទោះបីជាអត្រានៃភាពស្លេកស្លាំងខ្ពស់ក្នុងស្រ្តីកម្ពុជា មានតែបីភាគរយ មានបញ្ហាខ្វះជាតិដែក តែជាង៦០%ទៀត មានបញ្ហាអេម៉ូក្លូប៊ីនមិនប្រក្រតី។ លើសពីនេះ ស្រ្តីចំនួន៧៨% និងកុមារ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្ដង់ដារឡើយ។ នេះបើតាមលោកស្រីប្រាក់ សោភ័ណ្ឌនារី ដែលបន្ថែមថា ស្រ្តីនៅកម្ពុជា ត្រូវការមីក្រូសារជាតិជាច្រើនទៀតដូចជា ជាតិហ្វូលេត ជាតិស័ង្កសី ជាតិអ៊ីយ៉ូត ជីវជាតិB1 និងជីវជាតិ D ជាដើម។
អ្នកជំនាញសុខាភិបាលរូបនេះបានអះអាងថា ការពង្រីកលទ្ធភាពផ្ដល់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះ អាចជួយឱ្យស្រ្តី និងទារកមានសុខភាពល្អ ដោយគ្រាប់ថ្នាំនេះ មានអត្ថប្រយោជន៍ច្រើនខ្លាំង បើធៀបនឹងគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក។
គួរជម្រាបថា ក្រសួងសុខាភិបាល បានអនុវត្តគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះចំនួន ១៥០០នាក់ នៅខេត្តកំពង់ធំ។ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងគណៈកម្មការដឹកនាំសម្របសម្រួលការផ្ដល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា កំពុងបង្ហាញភស្ដុតាងរឹងមាំ ដើម្បីរៀបចំផែនក្នុងការផ្លាស់ប្ដូរពីការប្រើប្រាស់គ្រាប់ថ្នាំជាតិដែក មកប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះវិញ៕
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com