គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជំនួសគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក!

06/04/2024 1:12 pm ភ្នំពេញ

 

ក្រសួងសុខាភិបាល បានអនុវត្តគម្រោងសាកល្បងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះចំនួន ១៥០០នាក់ នៅខេត្តកំពង់ធំ។ គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ មានវីតាមីន និងជាតិរ៉ែ ដែលជួយឱ្យម្ដាយនិងកូនមានសុខភាពល្អ និងជួយកាត់បន្ថយអត្រាមរណៈទៀតផង។

 

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការផ្ដល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ នៅថ្ងៃទី៥ ខែមេសា លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ (MMS)  មានវីតាមីន និងជាតិរ៉ែចំនួន១៥មុខ ដែលជួយថែសុខភាពម្ដាយនិងកូនបានយ៉ាងល្អ ខណៈគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក មានតែជាតិដែក និងអាស៊ីតហ្វូលិកប៉ុណ្ណោះ។

គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះ អាចជួយលកាត់បន្ថយអត្រាទារកកើតមិនគ្រប់ទម្ងន់បានចំនួន១៣ % ច្រើនជាងជាតិគ្រាប់ថ្នាំជាតិដែកអាស៊ីតហ្វូលិក ។​គ្រាប់ថ្នាំនេះ ក៏ជួយកាត់បន្ថយទារកកើតមិនគ្រប់ទម្ងន់បាន ចំនួន១៩% និងជួយកាត់បន្ថយអត្រាកូនកើតមុនអាយុបាន១៦% ។

បើតាមលោកស្រី ប្រាក់ សោភ័ណ្ឌនារី ការសិក្សារបស់ក្រសួងសុខាភិបាល ជាមួយស្រ្តីមានផ្ទៃពោះចំនួន ១៥០០នាក់ នៅខេត្តកំពង់ធំ បានបង្ហាញថា ការលេបថ្នាំមីក្រូសារជាតិចម្រុះ មានចំនួន១៨០គ្រាប់ មានអត្រា៩៥ភាគរយ គឺខ្ពស់ជាងការលេបថ្នាំជាតិដែកអាស៊ីតហ្វូលិកចំនួនតែ៩០គ្រាប់ ដែលមានអត្រា៩១ភាគរយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងគណៈកម្មការដឹកនាំសម្របសម្រួលការផ្ដល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះនៅកម្ពុជា កំពុងបង្ហាញភស្ដុតាងរឹងមាំ ដើម្បីរៀបចំផែនក្នុងការផ្លាស់ប្ដូរពីការប្រើប្រាស់គ្រាប់ថ្នាំជាតិដែក មកប្រើប្រាស់គ្រាប់ថ្នាំមីក្រូសារជាតិចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះវិញុ៕ 

 

ព័ត៌មានទាក់ទង