មួយថ្ងៃរកបានជាង ១ម៉ឺនរៀល លោក ខឹម វ៉ាន់ ខំសន្សំលុយទៅស្រុកថ្ងៃចូលឆ្នាំខ្មែរ

12/04/2024 10:25 am ភ្នំពេញ

ភ្នំពេញ៖ ចំនួនអ្នករត់ស៊ីក្លូ កំពុងថយចុះនៅរាជធានីភ្នំពេញ។​ មុខរបរដ៏ពេញនិយមរបស់ខ្មែរអំឡុងទសវត្សរ៍៩០ កំពុងប្រឈមពីមួយថ្ងៃ ទៅមួយថ្ងៃ។ ការប្រឈមនេះ ក៏ព្រោះតែ អ្នកជិះស៊ីក្លូ ស្ទើរតែគ្មាន ហើយភ្ញៀវទេសចរ ក៏កាន់តែតិច។ របររត់ស៊ីក្លូ ក៏មិនអាចប្រជែងជាមួយកង់បីឥណ្ឌា។ បច្ចុប្បន្ន អ្នកដំណើរ កំពុងពេញនិយមធ្វើដំណើរដោយកង់បីឥណ្ឌា ដែលមានក្រុមហ៊ុនធំ កំពុងប្រកួតប្រជែងទីផ្សារ។


 


លោក ខឹម វ៉ាន់ បានប្រកបរបរធាក់ស៊ីក្លូជាង៣០ឆ្នាំមកហើយ។ អ្នកខេត្តព្រៃវែងរូបនេះ ចាត់ទុកស៊ីក្លូ​ ជាសមាជិកគ្រួសារ ព្រោះលោកតែងតែនៅជាមួយស៊ីក្លូទាំងថ្ងៃ និងយប់។ លោក វ៉ាន់ តែងតែចេញទៅដឹកទំនិញឱ្យភ្ញៀវ រៀងរាល់ព្រឹក ប៉ុន្តែក្នុងមួយថ្ងៃ បុរសវ័យចំណាស់រូបនេះ ដឹកទំនិញបានតែ ២ ទៅ៣ជើងប៉ុណ្ណោះ។ 
 
«ភ្ញៀវខ្មែរ សុទ្ធតែជាអ្នកជិះពីមុនមក។ ដឹកខ្មែរ ពីផ្សារថ្មី ទៅផ្សារកណ្ដាល មួយជើង បានត្រឹមតែ២ ទៅ៣ពាន់រៀលប៉ុណ្ណោះ។ ព្រឹកឡើង ខ្ញុំ ចេះតែជិះៗទៅ ហើយពេលខ្លះជួបអ្នកធ្លាប់ជិះ គេហៅជិះ ប៉ុន្តែពេលខ្លះ ក៏មិនមានភ្ញៀវ។» លោក ខឹម វ៉ាន់ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅផ្សារធំថ្មី ដូច្នេះ។ 
 
វ័យកាន់តែចាស់ កម្លាំងក៏កាន់តែថយ។ លោក ខឹម វ៉ាន់ រំពឹងបន្តរត់ស៊ីក្លូរហូតអស់កម្លាំង។ លោក វ៉ាន់ មិនចង់ក្លាយជាបន្ទុករបស់កូននោះទេ។ អ្នករត់ស៊ីក្លូរូបនេះ បញ្ជាក់ថា ការធាក់ស៊ីក្លូរៀងរាល់ថ្ងៃ ជួយឱ្យលោកមានសុខភាពល្អ និងមិនមានជំងឺផងដែរ។ 
 
«កូនៗ ចង់ឱ្យឈប់រត់ស៊ីក្លូដែរ ប៉ុន្តែខ្ញុំ មិនដឹងរកអ្វីផ្សេងពីនេះ។ វា ជារបររបស់ខ្ញុំតាំងពីដើមមក។ នៅស្រុកកំណើត ក៏ខ្ញុំ មិនមានមុខរបរអ្វីដែរ។» នេះជាការបញ្ជាក់របស់លោក ខឹម វ៉ាន់។ 
ទោះបីរកប្រាក់កម្រៃបានតិច ប៉ុន្តែលោក ខឹម វ៉ាន់ បានសន្សំលុយខ្លះ ដើម្បីទៅស្រុកកំណើត នារដូវបុណ្យចូលឆ្នាំខ្មែរ។ អ្នកខេត្តព្រៃវែងរូបនេះ តែងតែទៅវត្តនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ លោក វ៉ាន់ យល់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិ ដែលមិនអាចរំលងបានឡើយ។ 
 
«ថ្ងៃខ្លះ ខ្ញុំរកលុយបាន១ម៉ឺនរៀល ឬជាង១ម៉ឺន។ ថ្លៃបាយទឹក ខ្ញុំសល់លុយបន្តិចប៉ុណ្ណោះ។» នេះជាការបញ្ជាក់របស់លោក ខឹម វ៉ាន់។ លោក ខឹម វ៉ាន់ មិនរំពឹងរកចំណូលបានច្រើននោះទេ ព្រោះលោកយល់ច្បាស់ថា អ្នកដំណើរចូលចិត្តជិះកង់បីឥណ្ឌា។ ព្រោះក្ដីស្រឡាញ់ អ្នកធាក់ស៊ីក្លូជាង៣០ឆ្នាំរូបនេះ នៅតែបន្តរបរនេះ និងចាយសន្សំសំចៃប្រាក់សម្រាប់ធ្វើបុណ្យទាន ប៉ុណ្ណោះ៕ 

ព័ត៌មានទាក់ទង