ខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីនទី១៥

27/03/2024 4:32 pm ភ្នំពេញ


អាជ្ញាធរមីន បានប្រកាសដាក់ខេត្តក្រចេះ ជាខេត្តទី១៥ ដែលអស់មីន នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ។ នេះជាប្រវត្តិសាស្រ្ត ដែលប្រជាជនខេត្តក្រចេះ បានទទួលនូវសេរីភាពរួចចាកផុតពីគំរាមកំហែងដោយសារមីន ក្រោយធ្វើសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៣ ។



ថ្លែងក្នុងពិធីប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក លី ធុច បានបញ្ជាក់ថា ខេត្តក្រចេះ មានប្រតិបត្តិករចំនួន ៣ ក្រុម រួមមាន មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការហេឡូត្រាស់។ ប្រតិបត្តិកទាំងនេបានបោសសម្អាតក្នុងទំហំផ្ទៃដីជាង ១៣៣ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៩៥ ចម្ការមីន ។ ក្នុងនោះ អាជ្ញាធរ បានកំទេចចោលមីន និងសំណល់ជាតិផ្ទុះផ្សេងទៀតប្រមាណ ៦ ម៉ឺនគ្រាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋជិត ៤០ ម៉ឺននាក់។
 
ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបន្ថែមថា ជាង៦ខែ នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺមានខេត្តចំនួន៣ហើយ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ 
 
ខេត្តក្រចេះអស់មីន គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត​ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេច ហ៊ុន សែន សម្រាប់សកម្មភាពមីន ព្រមទាំងជំនួយសប្បុរសពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍នានា។
 
សូមជម្រាបថា ខេត្តដែលបានប្រកាសជាខេត្តអស់មីន មានដូចជា កែប កំពង់ស្ពឺ មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្ទឹងត្រែង ព្រៃវែង ភ្នំពេញ ព្រះសីហនុ ខេត្តត្បូងឃ្មុំ ស្វាយរៀង ខេតាកែវ កំពត កំពង់ឆ្នាំង  និងខេត្តកណ្តាល៕

ព័ត៌មានទាក់ទង