
កូនផ្សោតទើបនឹងកើតមួយក្បាល ត្រូវបានក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃចន្ទទី២៥ ខែមីនា។ នេះគឺជាកូនផ្សោតទី៦ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។
នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល និងងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ផ្សោតជំទង់២ក្បាល និងងាប់ដោយសារវ័យចាស់១ក្បាល។ រយៈពេល៤ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេ រហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។ នេះបើតាមទិន្នន័យរបស់ WWF។
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ២០២០បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គមានតែ៨៩ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ រស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

