ក្រសួងបរិស្ថានដកហូតដីជាង១០០ហិកតាពីគម្រោងវិនិយោគទេសចរណ៍ភ្នំ១៥០០

26/03/2024 3:02 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងបរិស្ថាន សម្រេចដកហូតដីជាង១០០ហិកតា ពីគម្រោងវិនិយោគទេសចរណ៍១៣កន្លែង ស្ថិតក្នុងភូមិសាស្រ្តភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការរឹបអូសនេះធ្វើឡើង បន្ទាប់ពីក្រសួងពិនិត្យឃើញថា ក្រុមហ៊ុនវិនិយោគទាំងនោះមិនបានគោរពតាមគោការណ៍របស់រដ្ឋាភិបាល និងមិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំ។



លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមីនា បានបញ្ជាក់ថា គម្រោងវិនិយោគ១៣កន្លែង ត្រង់ចំណុចភ្នំ១៥០០ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរដកហូត ដើម្បីដាំស្ដារព្រៃឈើឡើងវិញ។ បើតាមរដ្ឋមន្រ្តី ក្នុងចំណោមគម្រោងទាំង១៣នេះ មានគម្រោង៣ ស្ថិតនៅតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ ដែលទី១មានផ្ទៃដី៩,៨៦ហិកតា ,ទី២ ចំនួន៩,៦៧ហិកតា និងទី៣ ចំនួន៨,៦៧ហិកតា។

គម្រោង២កន្លែងទៀត នៅជាប់តំបន់ស្នូលដីទំហំ៨,៦២ហិកតា , មានផ្ទៃដី៧,០៧៩ហិកតា ,និង៨គម្រោងទៀតនៅតំបន់ទឹកធ្លាក់ក្រពើពីរមានផ្ទៃដីប្រមាណជាង៦០ហិកតា។ លោក អ៊ាង សុផល្លែត បានព្រមានថា គម្រោងវិនិយោគណាមិនបានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល និងទុកចោលមិនបានដំណើរការអភិវឌ្ឍ ក្រសួងនឹងដកហូតយកទាំងអស់ ដើម្បីដាំស្តារព្រៃឈើឡើងវិញ។



ចំពោះដីព្រៃ ដែលដកហូតពីការកាប់ទន្រ្ទាន និងព្រៃរេចរឹល ដោយធម្មជាតិ ក៏នឹងត្រូវដាំស្តារព្រៃឈើឡើងវិញផងដែរ ដើម្បីបង្កើនគម្របព្រៃ៦០ភាគរយនៅឆ្នាំ២០៥០។ កន្លងមកនេះ ក្រសួងបរិស្ថាន បានត្រៀមដាំស្តារព្រៃឈើជាង១លានដើម ចាប់ពីរដូវវស្សាឆ្នាំ២០២៤។ គិតមកទល់ពេលនេះ គ្រប់មន្ទីររាជធានី-ខេត្ត បានបណ្តុះកូនឈើគ្រប់ផែនការហើយ នឹងបានចែកដល់ពលរដ្ឋតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ជាបន្តបន្ទាប់។ លើសពីនេះ កូនត្នោតជាង៣០ម៉ឺនថែមទៀត ក៏ត្រូវបានផ្ដល់ឱ្យពលរដ្ឋដាំដោយឥតគិតថ្លៃផងដែរ៕

ព័ត៌មានទាក់ទង