កសិករបារម្ភ ពោតកាន់តែធ្លាក់ថ្លៃ ក្រោយថៃព្រមានបិទការនាំចូលពី​ប្រទេសជិតខាង

21/03/2024 4:05 pm ភ្នំពេញ


នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានព្រមានបិទការនាំចូលពោតពីប្រទេសជិតខាងរយៈពេល៤ខែនៅឆ្នាំក្រោយ ដើម្បីដោះស្រាយការកើនឡើងនៃការបំពុលខ្យល់ នៅតំបន់ភាគខាងជើង។ ថៃ​ គឺជាកន្លែងលក់គ្រាប់ពោតដ៏ធំមួយរបស់កម្ពុជា ដូច្នេះ ការព្រមានរបស់ប្រមុខរដ្ឋាភិបាលថៃនៅពេលនេះ ធ្វើឱ្យកសិករខ្មែរព្រួយបារម្ភថា ពោតអាចប្រឈមកការកស្ទះ និងធ្លាក់ថ្លៃមួយកម្រិតទៀត។



លោក ចន្រ្ទា ម្ចាស់សៃឡូទិញពោតមួយកន្លែង នៅស្រុកសំឡូត ខេត្តបាត់ដំបង បានលើកឡើងថា សព្វថ្ងៃ ការបញ្ជាទិញពោតក្រហមពីក្រុមហ៊ុនក្នុងស្រុកមានភាពទន់ខ្សោយនៅឡើយ ដែលនាំឱ្យកសិករ ជាពិសេសអ្នករស់នៅជាប់ព្រំដែន ត្រូវពឹងពាក់លើទីផ្សារថៃ។ លោកថា ប្រសិនបើ ថៃហាមឃាត់ការនាំចូលពោតពីកម្ពុជា នឹងធ្វើឱ្យមានការកកស្ទះកើតឡើង ហើយតម្លៃនឹងធ្លាក់ចុះខ្លាំង។ 
 
លោក ប្រាប់ដូច្នេះថា៖«បច្ចុប្ប​ន្ននេះ យើងនាំចេញពោតទៅខាងប្រទេសថៃច្រើនណាស់ ដូច្នេះប្រសិនបើ គេបិទ យើងអាចនឹងរាំងស្ទះ និងចុះថោក ដោយសារតម្រូវការក្នុងស្រុកយើងមានតិចតួច»។ 
 
កសិករដាំពោត១ហិកតា​ នៅខេត្តត្បូងឃ្មុំ លោក ចៅ រ៉ូនី បានឱ្យដឹងដែរថា បច្ចុប្បន្ន តម្លៃពោតក្រហមកំពុងធ្លាក់ចុះ ពោលគឺពី៦០០រៀល ទៅ៨០០រៀលក្នុងមួយគីឡូក្រាម ធៀបឆ្នាំ២០២៣ តម្លៃហក់ខ្ពស់ដល់១០៥០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូ។ ការណ៍នេះ ប្រសិនបើ រដ្ឋាភិបាលថៃ បិទការនាំចូលពោតពីកម្ពុជាទៀត វានឹងធ្វើឱ្យចាល់ទីផ្សារ ហើយទាញទម្លាក់តម្លៃកាន់តែទាបថែមទៀត។ 
 
ស្របពេល ធាតុចូលកសិកម្ម ដូចជា ជី ថ្នាំ ប្រេង ឡើងថ្លៃជាបន្តបន្ទាប់ មិនយូរនោះទេ កសិករនឹងបោះបង់ការដាំដុះពោត ហើយងាកទៅដាំដំណាំផ្សេងៗវិញ។​ នេះជាការអះអាងរបស់ លោក រ៉ូនី ដោយបន្ថែមដូច្នេះថា៖« បើសិនគេបិទ ដូចការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃមែន ខ្ញុំក៏ព្រួយបារម្ភណាស់ដែរ ព្រោះឥឡូវនេះ តម្លៃចុះថោកស្រាប់ហើយ។ ដូច្នេះបើថៃបិទទៀត វានឹងធ្វើឱ្យពោតរបស់កសិករយើង ចាល់ ហើយតម្លៃនឹងធ្លាក់ចុះកាន់តែខ្លាំង»។ 
 
ប្រមុខរដ្ឋាភិបាលថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៧ ខែមីនា បានព្រមានយ៉ាងច្បាស់ៗថា ថៃនឹងបិទការនាំចូលពោតពីប្រទេសជិតខាងរយៈពេល ៤ខែ នៅឆ្នាំ២០២៥ ដើម្បីដោះស្រាយការកើនឡើងនៃការបំពុលខ្យល់ ដែលមានភាគល្អិត PM2.5 នៅតំបន់ភាគខាងជើង។
 
ខ្យល់ពុល ដែលមានផ្ទុកភាគល្អិត PM2.5 នៅតែជាបញ្ហាធំនៅក្នុងប្រទេសថៃ ហើយទីក្រុង និងខេត្តមួយចំនួនរបស់ប្រទេសនេះ តែងតែប្រឈម។ ដើម្បីដោះស្រាយបញ្ហាខ្យល់ពុល រដ្ឋាភិបាលថៃបានដាក់ចេញវិធានការឱ្យបុគ្គលិកនៅផ្នែកមួយចំនួនធ្វើការពីផ្ទះ, វិធានការឈប់ដុតព្រៃដើម្បីធ្វើកសិកម្ម និងពិភាក្សាជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហារួមគ្នា។
 
ដោយខ្យល់ពុលនៅតែបន្តកើតមាន និងចាត់ទុកជាបញ្ហាធ្ងន់ធ្ងរ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានព្រមាននឹងបិទការនាំចូលពោតពីប្រទេសជិតខាងរយៈពេល ៤ខែ នៅឆ្នាំក្រោយ។ «យើងត្រូវតែចាត់វិធានការឱ្យបានធ្ងន់ធ្ងរក្នុងពេលនេះ។ នៅឆ្នាំក្រោយ ពោលគឺពីខែមករា ដល់ខែមេសា ការនាំចូលពោតនឹងត្រូវហាមឃាត់»។ ប្រមុខរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលទស្សនកិច្ចនៅខេត្តឈៀងមៃ ក្នុងថ្ងៃទី១៦ ខែមីនា។
 
កន្លងទៅ ថៃធ្លាប់បានអះអាងថា ភ្លើងឆេះព្រៃ និងការដុតចំបើងនៅតាមវាលស្រែ ចេញពីប្រទេសកម្ពុជា​ ធ្វើបានបង្កឱ្យមានការបំពុលខ្យល់ដល់ប្រទេសខ្លួន។ ជុំវិញករណីនេះ ទាំង លោក ចន្រ្ទា និងចៅ រ៉ូនី ទទួលស្គាល់ថា ពិតជាមានការដុតដំណាំ ឬសំរាម ដើម្បីធ្វើកសិកម្មពិតមែន ប៉ុន្តែ​អ្នកទាំងពីរយល់ថា បញ្ហានេះ មិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានប្រទេសថៃនោះទេ។ 
 
ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ 
 
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដុះពោតក្រហមប្រមាណ ១៤៥.៩៨៣ ហិកតា នៅក្នុងខេត្ត ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ ព្រៃវែង និងខេត្តកណ្តាល។ ដំណាំនេះ ត្រូវបាននាំចេញក្រៅប្រទេស ដូចជា ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ជាដើម។ 
 
រយៈពេល១១ ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេច​បានការនាំចេញគ្រាប់ពោតចំនួន ៦៥ ៤៩៨,៤១តោន ថយចុះជិត៦០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 

ព័ត៌មានទាក់ទង