ត្រឹម៥ថ្ងៃ អាជ្ញាធររឹបអូសដីជិត៤ពាន់ហិកតា ពីការទន្រ្ទានខុសច្បាប់នៅខេត្តពោធិ៍សាត់

20/03/2024 11:41 am ភ្នំពេញ

ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមីនា សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានរឹបអូសដី ៣៩៤២,៧៣ ហិកតា ពីការទន្រ្ទានខុសច្បាប់នៅភូមិសាស្រ្តខេត្តពោធិ៍សាត់។



ប្រតិបត្តិការនេះ មានការចូលរួមពីកងកម្លាំង ៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្តពោធិ៍សាត់។ ក្នុងនោះកិច្ចការបង្រ្កាបនេះ ឃាត់បានជនសង្ស័យម្នាក់ និងបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់។
 
នេះជាប្រតិបត្តិការទ្រង់ទ្រាយធំ បន្ទាប់ពី សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទ្រង់ទ្រាយធំ។ ចំពោះកិច្ចការងារនេះ សម្ដេច ធានាឈរនៅពីក្រោយ ឱ្យតែមន្រ្តីអនុវត្តត្រឹមត្រូវ។​
 
ជារឿងៗ សម្ដេច តែងតែលិចឭព័ត៌មានបទល្មើសធនធានធម្មជាតិ ចេញពីបណ្ដាញសង្គមហ្វេសប៊ុក ខណៈអាជ្ញាធរខេត្ត និងមន្រ្តីមូលដ្ឋាន ហាក់ពុំមានវិធានការ។ ប្រមុខរាជរដ្ឋាភិបាលរូបនេះ បាននិយាយទៅកាន់មន្រ្តីដែលពាក់ព័ន្ធ ថា​ ក្នុងករណីទាំងអស់នេះ មន្ត្រីគួរធ្វើយ៉ាងណាចាត់វិធានការឱ្យបានលឿន ដោយកុំចាំទាល់មានគេរាយការណ៍តាមហ្វេសប៊ុក។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«​ដាវអាជ្ញាសឹកមានហើយ។ ការអនុវត្តខ្ញុំនៅពីក្រោយ តែត្រូវអនុវត្តឱ្យត្រឹមត្រូវ»។


 
ដោយឡែក កាលពីថ្ងៃទី៣០ ខែមករា សម្ដេច​ ហ៊ុន ម៉ាណែត ក៏បានព្រមានដកអភិបាលខេត្តចំនួន៦ មានភូមិសាស្រ្តជាប់បឹង ប្រសិនបើ មិនអាចពង្រឹងភាពជាម្ចាស់ការ ទប់ស្កាត់ការទន្រ្ទានយកដីតំបន់ព្រៃទឹកសាប។ ខេត្តទាំង៦នោះរួម ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។មួយរយៈចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ សកម្មភាពទាងនេះ បានបំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុងបានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។
 
ជុំវិញករណីនេះ ក្រសួងបរិស្ថាន បានព្រមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបញ្ឈប់បន្ទាន់ រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ក្នុងបរិបទនេះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងអស់ ត្រូវបន្តអនុវត្តច្បាប់១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
 
ក្រសួងបរិស្ថាន ព្រមានផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ។ ជាមួយគ្នានេះ បុគ្គលដែលរំលោភយកដីតំបន់ការពារធម្មជាតិ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់ទាំងនោះ ទៅកាន់សមត្ថកិច្ច ឬក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ៕

ព័ត៌មានទាក់ទង