ស្វាយចន្ទីធ្លាក់ថ្លៃ! លោក ឃឹម ហ្វីណង់ ឱ្យកសិករចងក្រង«សហគមន៍» ដើម្បីជាដំណោះស្រាយ

10/03/2024 4:42 pm ភ្នំពេញ

ភ្នំពេញ៖ ស្របពេលគ្រាប់ស្វាយចន្ទីកំពុងធ្លាក់ថ្លៃ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យកសិករចង់ក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីដោះស្រាយបញ្ហាប្រឈម។



តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៩ ខែមីនា លោក ឃឹម ហ្វីណង់ បានលើកឡើងថា បច្ចុប្បន្ន កសិករដាំស្វាយចន្ទីមួយចំនួន ជាពិសេសអ្នកដាំនៅលើផ្ទៃដីតូចៗ និងលក្ខណៈគ្រួសារពិតជាប្រឈមនឹងការខាតបង់។ កសិករប្រភេទនេះ ភាគច្រើននៅខ្សោយផ្នែកបច្ចេកទេស ការចំណាយថ្លៃដើមផលិតខ្ពស់ ទទួលបានទិន្នផលទាប ខ្វះខាតទុនបង្វិល និងហានិភ័យពីការប្រែប្រួលអាកាសធាតុ ជាដើម។ 

បញ្ហាទាំងនេះហើយ បានបង្ខំឱ្យពួកគេទទួលយកកម្ចី ទិញធាតុចូលដែលមានការប្រាក់ខ្ពស់។ ដូច្នេះ បើសិន បូកកត្តារួមផ្សំទាំងអស់ចូលគ្នា គឺកសិករកំពុងស្ថិតនៅកៀកនឹងបន្ទាត់ «ចំណេញ-ខាត» ដ្បិតគ្រាប់ស្វាយចន្ទីស្រស់មានតម្លៃមធ្យម ៤៥០០រៀលក្នុងគីឡូក្រោមក៏ដោយ។ 
 


បើតាម លោក ឃឹម ហ្វីណង់ កត្តាតម្លៃតែមួយមុខពុំទាន់ធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ។ ដូច្នេះ ក្នុងវិស័យនេះ ទាមទារឱ្យកសិករពង្រឹងគុណភាពគ្រាប់ស្វាយចន្ទីមួយទៀត ដើម្បីទទួលបានតម្លៃបន្ថែម ដូចអ្នកដាំតាមស្តង់ដា។ យ៉ាងណា គ្រាប់ស្វាយចន្ទី អាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត រហូតដល់ផុតខែឧសភា ហើយបន្ទាប់មកវានឹងហក់ឡើងល្អវិញ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ។
 
ជុំវិញបញ្ហានេះ លោក ឃឹម ហ្វីណង់ ណែនាំដល់កសិករទន់ខ្សោយទាំងអស់ ពិចារណារួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីដោះស្រាយបញ្ហាប្រឈម។ សហគមន៍កសិកម្មទំនើប នឹងធ្វើឱ្យកសិករតូចៗអាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយរាល់បញ្ហាមួយចំនួនដូចជា ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ។


 
ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបានគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប។ ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម ផែនការអាជីកម្មរឹងមាំ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»៕ 

ព័ត៌មានទាក់ទង