កម្ពុជា បោះសម្អាតផ្ទៃដីមានមីនបានចំនួន៣ ០២៤គីឡូម៉ែត្រការ៉េ ក្នុងរយៈពេល៣១ឆ្នាំមកនេះ។ ផ្ទៃដីកម្ពុជាដែលត្រូវបានសម្អាតមីនរួចរាល់ចាប់ពីឆ្នាំ១៩៩២ដល់២០២៣នេះ គឺមាន៧៦ភាគរយនៃផ្ទៃដីសរុប យកទៅប្រើប្រាស់ និងបង្កបង្កើនផល នៅក្នុងវិស័យកសិកម្ម។
បច្ចុប្បន្ន មានប្រជាពលរដ្ឋជិត១២លាននាក់ ទទួលផលបានពីសកម្មភាពរបស់រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ៗក្នុងការបោះសម្អាតមីនដែលសល់ពីសង្គ្រាមកន្លងមកនេះ។ កិច្ចការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះ នឹងត្រូវបន្តអនុវត្ត ដើម្បីសម្រចបាននូវកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ថ្ងៃ២៤កុម្ភៈ ឆ្នាំ២០២៤ ជាខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។
នាឱកាសប្រារព្ធទិវាជាតិដឹងអំពីមីន ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានរំលឹកថាក្នុងរយៈពេល៣១ឆ្នាំមកនេះ កម្ពុជារកឃើញ និងបំផ្លាញចោល នូវមីនប្រឆាំងមនុស្សចំនួន១ ១៧៩ ៣៦៥គ្រាប់, មីនប្រឆាំង រថក្រោះ២៦ ៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣ ១០៥ ៥៩៣គ្រាប់។ ដោយឡែក ក្នុងឆ្នាំ២០២៣ ផ្ទៃដី៤៤៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច។ ក្នុងនោះ រកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស២៣ ៩៤៦គ្រាប់, មីនប្រឆាំងរថក្រោះ២០៤គ្រាប់ និងគ្រាប់ មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤គ្រាប់។
ការណ៍នេះធ្វើឱ្យចំនួនជនរងគ្រោះដោយសារមីនបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៣២នាក់ក្នុងឆ្នាំ២០២៣។ « មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាននូវការរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង»។ សម្តេច ហ៊ុន ម៉ាណែត បានផ្ញើសារបែបនេះទៅកាន់ប្រជាពលរដ្ឋនាឱកាសប្រារព្ធទិវាជាតិដឹងអំពីមីន។
កាលឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើតនូវ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពដល់ពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផល ប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន។ កម្មវិធីនេះចាប់ផ្តើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។
ចាប់ពីឆ្នាំ២០២២ រដ្ឋាភិបាលបានប្រកាសនូវរាជធានី-ខេត្តចំនួន១៤ អស់មីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។
« ឆ្នាំ២០២៤នេះ យើងគ្រោងប្រកាសខេត្តចំនួន៤ទៀត ក្រចេះ កំពង់ធំ សៀមរាប និងរតនគិរី ជាខេត្តអស់មីន»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ថា ៖ «ចាប់តាំងពីយើងចាប់ផ្ដើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលបានកំណត់យកសកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រ ជាតិសំខាន់ៗ»។
ទោះបីកម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់និងទទួលរងនូវការបំផ្លាញ ដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីន សំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរក្តី ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដូចជា៖ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីរី ស៊ីប យេម៉ែន ប្រទេសឆាដ ម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។
ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ បើតាមសម្តេច នៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគកម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ក្នុងចំណោម១២០ប្រទេស ដែលបានបរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
រយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន៩ ២៨១នាក់ ក្នុងនោះនារី ៧៥៣នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោកដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។ ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពី ការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពដែលមាន៤៥ប្រទេសចូលរួម។
ទន្ទឹមនឹងនេះ កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិក១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបពីថ្ងៃទី២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាព បោសសម្អាតមីនជាការងារអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ថ្វីត្បិតវិស័យបោសសម្អាតមីន ទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ កម្ពុជាត្រូបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១៣២១គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។
ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។
ក្នុងន័យនេះ កម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។ ពិសេស គឺអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com