ឥណ្ឌា ប្រគល់រូបចម្លាក់ចំនួន៥ មកអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុលនិងរក្សាទុក

02/02/2024 11:17 am សៀមរាប

សៀមរាប៖ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ដែលកំពុងអភិរក្ស និងជួសជុលប្រាសាទតាព្រហ្មបានប្រគល់រូបចម្លាក់ចំនួន៥មកអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលនិងរក្សាទុក នាថ្ងៃទី១ ខែកុម្ភៈ។ រូបចម្លាក់ទាំងនេះ ត្រូវបានគេប្រទះឃើញ កាលពីចុងឆ្នាំ២០២៣ អំឡុងពេលរើគំនរថ្មខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ។



រូបចម្លាក់បដិមាទាំង៥ ដែលប្រគល់ជូនអាជ្ញាធរជាតិអប្សរា រួមមាន រូបចម្លាក់ព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគក្នុងទម្រង់សមាធិ បាត់ព្រះកេស និងបាត់ព្រះហស្តទាំងសងចំនួន២។ នេះបើតាមប្រសាសន៍ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា។ 
 
បើតាមលោកស្រី ស៊ីមន រូបចម្លាក់ដែលគេប្រទះឃើញទាំងអស់មានចំនួន៦ ប៉ុន្តែក្រុមការងារបានសម្អាត និងផ្ទៀងផ្ទាត់រៀបចំឯកសារ ហើយពិនិត្យឃើញថា ចម្លាក់បដិមាទាំង៥នេះ ពុំពាក់ព័ន្ធនឹងរចនាសម្ពន្ធខ្លោងទ្វារខាងត្បូងនេះទេ ទើបប្រគល់មកអាជ្ញាធរអប្សរា។ ចំណែកថ្មកំពូលហោជាងដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងប៉ុណ្ណោះ ដែលគេប្រទះឃើញដែរនោះ ត្រូវបានដាក់នៅទីតាំងដើមរបស់ខ្លោងទ្វារវិញ៕

ព័ត៌មានទាក់ទង