ជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូងឆៀងខាងលិច ប្រាសាទភ្នំ​បា​ខែង ត្រូវបានបន្ត​ជួសជុល

25/01/2024 10:12 am សៀមរាប

សៀមរាប៖ ការងារជួសជុលប្រាសាទបាខែង នៅតែបន្តឥតឈប់ឈរ។ បច្ចុប្បន្ន អ្នក​ជំ​នាញកំពុងជួសជុលរចនាសម្ព័ន្ធប្រាសាទ នៅផ្នែកខ្លះដែលថ្មមានសភាសពុកផុយ ប្រេះដោយសារកត្តាអាយុកាល។ ដំណើរការជួសជុល កែលម្អ ធ្វើវឱ្យរចនាសម្ព័ន្ធប្រាសាទ​ប្រសើរ​ឡើងនេះប្រព្រឹត្តទៅក្រោមជំនួយថវិការបស់រដ្ឋាភិបាលអាម៉េរិក។



ដើម្បីជ្រាបច្បាស់ពីបច្ចេកទេសនៃការជួសជុលប្រាសាទបាខែងនេះ សូមលោកអ្នកនាង ទស្សនាបទសម្ភាស៍ដូចខាងក្រោម៖



ប្រាសាទភ្នំបាខែង ជាប្រាសាទដែលមានស្ថាបត្យកម្មសាងសង់ប្លែកពីប្រាសាទភ្នំដទៃ នៅ​ក្នុងតំបន់អង្គរ។ ដូនតាខ្មែរ​ បានកាត់ថ្មភ្នំធម្មជាតិធ្វើជារាងពីរ៉ាមិត និងរៀបថ្មភក់ផ្នែក​ខាង​លើ ឱ្យចេញជារូបរាងប្រាសាទតែម្តង។ 
 
បច្ចុប្បន្ន អ្នកជំនាញ កំពុង​ព្យាបាល ​ជួសជុល​​ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា ជណ្ដើរ និងជញ្ជាំង ផ្នែកខាងត្បូងឆៀងខាងលិច នៃបូជនីយដ្ឋានហិណ្ឌូសាសនា ដែលរងការ​ខូច​ខាតនេះ​។

នេះបើតាម លោក ជីវ ភិរម្យ វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុល ដោយ​លោក​បាន​បញ្ជាក់ថា ជ្រុងចំនួន៣ផ្សេងទៀតនៃប្រាសាទនេះ​ ត្រូវបានជួស​ជុលរួចហើយ គឺជ្រុងខាង​ជើងឆៀងខាងលិច, ខាងជើងឆៀង​ខាង​កើត និងខាងត្បូងឆៀងខាងលិច និង​មុខជណ្ដើរ​ខាងលិច។
 
គួរជម្រាប​ថា គម្រោងជួសជុលប្រាសាទភ្នំបាខែង ​ត្រូវបានអនុវត្ត​ដោយ​អង្គការមូលនិធិ​ប្រាសាទ​ពិភពលោក ដោយ​ចាប់ផ្តើមតាំងពីឆ្នាំ២០០៨មក។ ​នៅប៉ែក​ខាងកើត នៃប្រាសាទ បានទទួលការជួស​ជុល​មុន​គេ។ ក្រៅពីជួសជុលតួប្រាសាទពីរ៉ាមីត អង្គការមូលនិធិ​ប្រាសាទ​ពិភពលោក ក៏មានគម្រោងជួយជួសជុលប្រាសាទឥដ្ឋនៅជុំវិញប្រាសាទ ដែល​មានចំនួន​៤៤ប្រាសាទ​ដែរ នាពេលអនាគត។
 
ជាមួយគ្នានេះ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ មូលនិធិឯកអគ្គរដ្ឋទូតដើម្បីការអភិរក្សវប្បធម៌​លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង បានបន្តជំនួយថវិកាចំនួន​៤៥ម៉ឺន​ដុល្លារ ដើម្បី​ជួសជុលរចនាសម្ព័ន្ធប្រាសាទបាខែងនេះ៕

ព័ត៌មានទាក់ទង