លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា។
ដើម្បីឱ្យ «ប្រាក់រៀល» មានការចរាចរកាន់តែធំក្នុងចរន្តសេដ្ឋកិច្ច រដ្ឋាភិបាល ត្រូវជំរុញដល់វិស័យឯកជនរៀបចំប្រព័ន្ធបើកបៀវត្ស និងលក់ទំនិញ-សេវាកម្មជាប្រាក់រៀល នៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ដោយមើលឃើញពីការរៀបចំប្រព័ន្ធបើកបៀវត្ស ជាការជំរុញពលរដ្ឋឱ្យប្រើប្រាស់ប្រាក់រៀល បានកាន់ប្រសើរ ខណៈវិស័យជននៅប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយ សម្រាប់បៀវត្សបុគ្គលិក។
«នៅក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល គឺត្រូវឱ្យមានប្រាក់ចំណូលប្រជាពលរដ្ឋ ជាប្រាក់រៀល។ ដូច្នេះ យើង[រដ្ឋ] អាចរៀបចំប្រព័ន្វប្រាក់បៀវត្សទូទាំងប្រទេសឱ្យទៅជាប្រាក់រៀលទាំងស្រុង»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដែលបានបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធនេះដំណើរការដោយរលូន និងមានស្ថិរភាព រដ្ឋាភិបាល ត្រូវតែផ្សារភ្ជាប់នឹងការចំណាយរបស់ពលរដ្ឋ ឱ្យទៅជាប្រាក់រៀល ដោយជំរុញអាជីវករទាំងអស់ត្រូវលក់ទំនិញ ជាប្រាក់រៀល។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកទស្សនាការសម្ភាសរវាងកញ្ញា អ៊ូ សុខមាន ជាមួយលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ខាងក្រោមដូចតទៅ៖
បើតាមអ្នកជំនាញសេដ្ឋកិច្ចពីរាជបណ្ឌិត្យសភាកម្ពុជារូបនេះ នៅពេលដែលពលរដ្ឋសម្រេចចាប់យកការប្រើប្រាស់ប្រាក់រៀលជាគោល ក្នុងសកម្មភាពសេដ្ឋកិច្ច, រដ្ឋាភិបាល ត្រូវតែធានា ឬរក្សា ឱ្យបាននូវស្ថិរភាពអត្រាប្តូរប្រាក់នៅលើទីផ្សារ។ លើសពីនេះ រដ្ឋ ត្រូវលើកទឹកចិត្ត និងផ្តល់ភាពងាយស្រួលសម្បូរបែបដល់អ្នកប្រើប្រាស់ប្រាក់រៀល ហើយបង្កើនការចំណាយ ឬការលំបាកនានាលើការប្រើប្រាស់ដុល្លារក្នុងប្រព័ន្ធធនាគារ ឬនៅក្នុងសកម្មភាពសេដ្ឋកិច្ចនានា។
សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ការរៀបចំប្រព័ន្ធខាងលើនេះ រដ្ឋាភិបាលត្រូវការពេលអនុវត្ត ត្រឹមរយៈពេល៣ទៅ៥ឆ្នាំប៉ុណ្ណោះ ក្នុងការធ្វើឱ្យទំហំនៃការប្រើប្រាស់ប្រាក់រៀល កើនដល់៥០ភាគរយដោយមានស្ថិរភាពក្នុងចរន្តសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្នទំហំប្រាក់រៀលមានត្រឹមប្រមាណ១៥ភាគរយ៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com