អាជ្ញាធរអប្សរា ដាក់ពិន័យលើមន្ត្រី ក្រោយប្រើហិង្សាលើកុមារនៅកសិន្ធុប្រាសាទអង្គរ

12/01/2024 4:13 pm ភ្នំពេញ

សៀមរាប៖ វីដេអូហិង្សាមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែមករា ដោយគេឃើញ បុគ្គលិកផ្នែកសណ្ដាប់ធ្នាប់របស់អាជ្ញាធរជាតិអប្សរា កំពុងណែនាំ និងវាយតប់លើកុមារាមួយរូប ដែលយកអណ្ដើកលក់ដល់ទេសចរនៅកសិន្ធុប្រាសាទអង្គរវត្ត។ នៅថ្ងៃទី១២ ខែមករានេះ អាជ្ញាធរជាតិអប្សរាបានចេញមកបកស្រាយថា ស្ថាប័នខ្លួនមិនគាំទ្រចំពោះសកម្មភាពប្រើហិង្សា ពេលចុះអនុវត្តន៍ការងារដូច្នេះឡើយ និងបានដាក់ពិន័យដល់បុគ្គលបង្កហេតុនោះរួចហើយ។



អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ភ្លាមៗក្រោយទទួលបានព័ត៌មាន ថ្នាក់ដឹកនាំខ្លួន បានកោះប្រជុំ និងហៅបុគ្គលិកដែលវាយតប់លើកុមារាខាងលើ មកសួរនាំរកការពិត និងបានសម្រេចដាក់ពិន័យរដ្ឋបាល ធ្វើកិច្ចសន្យាទទួលកំហុស និងគម្រាមបណ្ដេញចេញពីការងារផង ប្រសិនបើនៅបន្តធ្វើសកម្មភាពមិនសមរម្យបែបនេះនៅពេលក្រោយ។ បកស្រាយក្នុងសេចក្ដីប្រកាសព័ត៌មាន អាជ្ញាធរជាតិអប្សរា ក៏បានណែនាំបុគ្គលបង្កហេតុ ឲ្យទៅសុំទោសអាណាព្យាបាលរបស់កុមារ​រូបនោះ ដោយផ្ទាល់ផងដែរ។ 
 
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានរំឭកថា ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា តែងណែនាំដល់មន្រ្តី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាសការប្រើហិង្សាណាមួយ។ 
 
លិខិតដដែលបានសរសេរថា៖« អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្ដិកៈរបស់មន្រ្តីរាជការស៊ីវិល-បុគ្គលិកសាធារណៈ»។ 
 
ជាចុងក្រោយ ទាក់ទងនឹងការលក់ដូរអណ្ដើតនៅតំបន់ប្រាសាទនេះដែរ អាជ្ញាធរជាតិអប្សរា ស្នើជាថ្មីដល់សាធារណជន កុំលក់ដូរ ឬយកសត្វគ្រប់ប្រភេទទៅព្រលែងក្នុងកសិន្ធុនានា នៃរមណីយដ្ឋានអង្គរ ដោយពុំមានការអនុញ្ញាត ចៀសវាងមានផលប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ៕

ព័ត៌មានទាក់ទង