ការបញ្ឈប់ការជួលកង់ ម៉ូតូ ដល់ទេសចរជារឿងល្អដែរឬទេ?

08/01/2024 10:22 am ភ្នំពេញ


សៀមរាប៖ ក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរនៅខេត្តសៀមរាប បានស្នើសុំរដ្ឋបាលខេត្តពិចារណាបញ្ឈប់ ការជួលកង់ ម៉ូតូ ដល់ភ្ញៀវទេសចរ ដែលពួកគេយល់ថា ធ្វើឱ្យបាត់បង់ចំណូលមួយផ្នែក។ យ៉ាងណា តើការបញ្ឈប់ការជួលកង់ ឬម៉ូតូ ជារឿងដែលល្អដែរឬទេ?



ទាក់ទងនឹងបញ្ហានេះ លោក រដ្ឋា ដែលជាអ្នករត់រ៉ឺម៉កកង់បីយល់ថា អាជ្ញាធរឬអ្នកជួលសេវា គួរមើលករណីទេសចរខ្លះដែលមិនចេះបើកបរស្ទាត់ជំនាញ មិនគួរជួលឱ្យពួកគេទេ ផ្ទុយទៅវិញ ការបើកបរទាំងនោះងាយគ្រោះថ្នាក់។ កំពុងរង់ចាំភ្ញៀវនៅមុខព្រលានជល់ដំរី លោក រដ្ឋា បន្ថែមថា៖«   បើកបរកាន់តែច្រើន ស្ទះផ្លូវកាន់តែខ្លាំង វាប៉ះពាល់រឿងចរាចរណ៍ហ្នឹងតែម្ដង»។ 
 
យ៉ាងណាលោក រដ្ឋា ថានេះជាជម្រើសសម្រាប់ទេសចរ ហើយវាមិនប៉ះពាល់ដល់ចំណូលរបស់អ្នកដឹកភ្ញៀវទេ សំខាន់គឺបញ្ហាចរាចរណ៍ ដែលទេសចរខ្លះមិនចេះច្បាប់ចរាចរណ៍ស្រុកខ្មែរ ដែលធ្វើឱ្យការបើកបររបស់ពួកគេគ្មានសណ្ដាប់ធ្នាប់ជាដើម។ 
 
នៅក្បែរនោះ គឺលោក ហុក លុន ក៏កំពុងរង់ចាំភ្ញៀវចេញពីប្រាសាទផងដែរ។ លោកថា ការជួលសេវាកង់ និងម៉ូតូ ដល់ភ្ញៀវមានផលប៉ះពាល់ខ្លះដែរ តែនេះជាទីផ្សារសេរីមិនអាចហាមឃាត់បានឡើយ។ លោកបន្តថា៖«ខ្ញុំយល់ថា បរទេសមិនគួរឱ្យបើកបរខ្លួនឯងទេ គួរតែមានបណ្ណបើកបរត្រឹមត្រូវ ទេសចរបើកខ្លួនឯងមិនគួរមាន ព្រោះគាត់មិនសូវយល់ពីលក្ខណៈបើកបរនៅស្រុកខ្មែរ គាត់មិនមានបណ្ណបើកបរ តែជនបរទេសខ្លះ ស្នាក់នៅធ្វើអីនៅសៀមរាប មិនអីទេ បើទេសចរជួលកាលប៉ះពាល់ដែរ បើកបរមិនសូរប្រកាន់បានត្រឹមត្រូវ ជិះក៏មិនស្ទាត់ដូចយើង»។ 
 
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ សេវាកម្មកម្ពុជា យល់ថា ការទាមទារឱ្យបញ្ឈប់ការជួលកង់ និងម៉ូតូដល់ទេសចរ មិនមែនជារឿងត្រឹមត្រូវទេ។ លោកបន្តថា វាជាទីផ្សារសេរី ហើយវាក៏ជាអាជីវកម្មរបស់ប្រជាពលរដ្ឋមួយផងដែរ។ ការជួលកង់ ម៉ូតូ ឬរថយន្ត មិនពាក់ព័ន្ធនឹងការដឹកជញ្ជូនទេ ពីព្រោះទេសចរខ្លះគាត់មានជម្រើសចង់ជិះកង់បែបកម្សាន្ត ហាត់ប្រាណ ដែលបង្ហាញពីលក្ខណៈឯកជនរបស់ពួកគេពេលមកកម្សាន្តនៅរមណីយដ្ឋានផ្សេងៗ។ 
 
ផ្ទុយទៅវិញ លោក ម៉ម រិទ្ធី មិនគាំទ្រចំពោះក្រុមហ៊ុនរថយន្តប្រភេទអគ្គិសនី ដែលម៉ៅផ្ដាច់ទីផ្សារតែឯង ដែលការណ៍ធ្វើឱ្យប៉ះពាល់មុខរបររបស់ប្រជាជន។
 
ទាក់ទងនឹងបញ្ហានេះដែរ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តធ្លាប់ចេញសេចក្ដីណែនាំរួចហើយ លើការកំណត់សិទ្ធិជូនជនបរទេសក្នុងការបើកបរ។ សេចក្ដីណែនាំចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានហាមដាច់ខាតមិនឱ្យបរទេសដែលមកជាលក្ខណៈទេសចរណ៍ ឬកម្សាន្ត ជួលម៉ូតូ ជិះខ្លួនឯងឡើយ លើកលែងតែកង់ ឬកង់អគ្គិសនី។ ចំណែកម្ចាស់អាជីវកម្មទាំងអស់ នឹងទទួលខុសត្រូវ មុខច្បាប់ក្នុងករណីល្មើសការកំណត់នេះ ហើយអាជ្ញាធរមានសិទ្ធិផ្អាកអាជីវកម្មទាំងនោះបាន។ 
 
ចំពោះជនបរទេសដែលកំពុងបំពេញការងារនៅក្នុងខេត្ត ដែលប្រើប្រាស់យានយន្ត មានទំហំស៊ីឡាំង លើស១២៥ សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី១១គីឡូវ៉ាត់ ត្រូវមានបណ្ណបើកបរនៅកម្ពុជា ទៅតាមប្រភេទយានយន្តកំពុងប្រើប្រាស់ជាដាច់ខាត៕

ព័ត៌មានទាក់ទង