ឆ្នាំ២០២៤​ រដ្ឋគ្រោងចាយលើសចំណូលប្រមាណ១០០០លានដុល្លារ

04/01/2024 3:54 pm ភ្នំពេញ

សម្រាប់ឆ្នាំ២០២៤រដ្ឋាភិបាលបានត្រៀមកញ្ចប់ចំណាយចំនួន ៣៧ ១១០ ៤០៤លានរៀល( ប្រមាណ៩០០០លានដុល្លារ)​ ដែលទំហំចំណាយនេះលើសពីចំណូលដល់ជាង១០០០លានដុល្លារ។ ថវិកាសង្ខេប ឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ​ រដ្ឋរំពឹងរកចំណូលបានជិត៨០០០លានដុល្លារប៉ុណ្ណោះ។


ចំណាយប្រចាំឆ្នាំ២០២៤ ចំនួន៩០០០លានដុល្លារនេះ គឺស្មើនឹង២៥,៩៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ។ ក្នុងនោះមានប្រមាណ ៦៣០០លានដុល្លារ ជាចំណាយចរន្តថវិការដ្ឋ ស្មើនឹង១៨,១១ភាគរយនៃ ផ.ស.ស។ រីឯ ប្រមាណ២៧០០លានដុល្លារទៀត ជាចំណាយមូលធន ស្មើនឹង៧,៨៥ភាគរយនៃ ផ.ស.ស។ សម្រាប់ឆ្នាំ២០២៤ រដ្ឋមានបន្ទុកចំណាយច្រើន ជាពិសេសផ្តោតលើការដំឡើងប្រាក់ដល់មន្តី្រ​​រាជការគ្រប់កម្រិត ចាប់ពីមន្ត្រីជាប់កិច្ចសន្យា ដល់មន្រ្តីរាជការស៊ីវិល។ 
 
លើសពីនេះ រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ១២០លានដុល្លារទៀត សម្រាប់ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈការលើកទឹកចិត្តចំពោះមន្ត្រីមានគុណវុឌ្ឍិ ដែលមានកិច្ចការនេះស្ថិតក្រោមការដឹកនាំផ្ទាល់ពីសំណាក់សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏គ្រោងកញ្ចប់ថវិកាជាង១៣លានដុល្លារ សម្រាប់ថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងម្លាំងប្រដាប់អាវុធ និងនិវត្តជន ព្រមទាំងត្រៀមថវិកាជិត១,៥លានដុល្លារ សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនមន្ត្រីរាជការសាធារណៈ ផងដែរ។ 
 
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាឆ្នាំ២០២៤​ ក៏ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងការអនុវត្តវិធានការគន្លឹះចំនួនសម្រាប់ដោះស្រាយអាទិភាពរបស់រដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ក្នុងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នោះ រដ្ឋបានត្រៀមកញ្ចប់ចំណាយ៨៣លានដុល្លារលើការពង្រីកសេវាថែទាំសុខភាព, ៣៦លានដុល្លារលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ​និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, ១៦៥លានដុល្លារលើការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួសសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ។ 
 
រដ្ឋត្រៀម១០០លានដុល្លារសម្រាប់ការអនុវត្តយុទ្ធសាស្ត្រពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង១០០លានដុល្លារទៀតសម្រាប់យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន។ រីឯ ថវិកា៤លានដុល្លារទៀត រដ្ឋត្រៀមសម្រាប់ការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់។​
 
ជាមួយគ្នានេះ រដ្ឋាភិបាលត្រៀមថវិកា ១២០លានដុល្លារសម្រាប់ការពង្រីកសមត្ថភាពរដ្ឋបាលសាធារណៈ, ១០២លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពអប់រំ, ៥៩លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល, ៩លានដុល្លារ សម្រាប់ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង២,៥លានដុល្លារទៀត រដ្ឋត្រៀមបន្តការពង្រឹង និងលើកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។ 
 
ដើម្បីបំពេញកញ្ចប់ចំណាយប្រចាំឆ្នាំ២០២៤ រដ្ឋាភិបាលគ្រោងខ្ចីលុយពីវិនិយោគិនក្នុងស្រុកចំនួន១០៨លានដុល្លារ តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ និងគ្រោងខ្ចីលុយពីបរទេសក្នុងកម្រិត ១ ៧០០លាន SDR (ជាង២០០០លានដុល្លារ)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងក្នុងសៀវភៅសង្ខេបថវិកាជាតិ ឆ្នាំ២០២៤ យ៉ាងដូច្នេះ៖ « ការបោះលក់មូលបត្ររដ្ឋ និងការខ្ចីលុយពីបរទេសនេះ​ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌករដល់កម្ពុជាទេ​។ ពោល គឺជាទិដ្ឋភាពបច្ចេកទេសស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន ចីរភាព និងហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់»។ 
 
ក្រសួងសេដ្ឋកិច្ចបានបន្ថែមថា រីឯចំណាយលើការទូទាត់ប្រាក់ខ្ចីក្នុងឆ្នាំ២០២៤ ត្រូវបានគ្រោងជាហិរញ្ញប្បទានចំនួន ២ ១១៥ពាន់លានរៀល ត្រូវជា១,៤៨ភាគរយ នៃផ.ស.ស គឺមានកំណើន១៣,៧ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០២៣ សម្រាប់រំលស់បំណុលសាធារណៈក្នុងប្រទេស​និងក្រៅប្រទេស៕ 
 

ព័ត៌មានទាក់ទង