កុមារនៅ​ភូមិ​ភាគ​ឦសាន ជួប​បញ្ហា​កង្វះ​​អាហារូបត្ថម្ភច្រើនជាងគេ

03/01/2024 9:22 am ភ្នំពេញ

ភ្នំពេញ៖  បញ្ហា​កង្វះ​អាហារូបត្ថម្ភលើកុមារនៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បងនៅកម្ពុជាខណៈកុមារ​រស់នៅខេត្ត​​ភាគ​ឦសាន​ ដូចជានៅខេត្ត​រតនគិរី មណ្ឌល​គិរី និងខេត្តស្ទឹង​ត្រែង​ ជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភច្រើនជាងគេ។ មូលហេតុដែលកុមារនៅតំបន់ភាគឦសានមានបញ្ហា​ក្រិសក្រិន និង​ស្គម​ស្គាំងច្រើន ត្រូវបានលោក យី គឹមថាន នាយករងប្រចាំប្រទេស​ទទួល​បន្ទុក​កម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា​បញ្ជាក់ថាដោយសារ​កត្តាចំណេះដឹងនិង​ទំនៀមទម្លាប់របស់​ពលរដ្ឋ​ជន​ជាតិដើម​ភាគតិចសេវាសុខាភិបាល​នៅឆ្ងាយ កង្វះ​មណ្ឌលសុខភាព និងកង្វះ​អនាម័យ​ជាដើម​។



«​​តំបន់​ដែល​កំពុង​ជួបប្រទះនូវ​​កង្វះ​អាហារូបត្ថម្ភស្រួចស្រាល់ គឺ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ នៅ​ខេត្ត​រតនគិរី, មណ្ឌល​គិរី, ស្ទឹង​ត្រែង​ អត្រា​គឺ​ឡើង​ដល់ ៣០ជាង​នៅឡើយ»។ ​លោក យី គឹមថាន លើកឡើងដូច្នេះ មុននឹងបន្តថានេះជាបញ្ហាដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ​ ​​រួមគ្នា​ដោះស្រាយ ដើម្បី​កម្ពុជាមានធនធាន​មនុស្ស​ដែល​មាន​សុខភាពល្អ។

​សូមអញ្ជើញ​លោកអ្នកនាង ទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជា​មួ​យ​លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា​ ដូចតទៅ៖ 
 


បើតាមលោក យី គឹមថា ស្ថាន​ភាព​អនាម័យ​ និង​អាហារូបត្ថម្ភនៅ​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​ ប៉ុន្តែ​នៅ​​តែ​មាន​ការ​ព្រួយ​បារម្ភនៅឡើយ។ ​ដោយឡែក អត្រា​ប្រេវ៉ាឡង់នៃ​ភាព​ក្រិសក្រិនរបស់កុមារ ​កាលពីឆ្នាំ២០១៤ មាន​រហូត​ដល់​៣២​ភាគរយ​ ប៉ុន្តែនៅរវាង​​ឆ្នាំ​២០២0-២០២១ អត្រានេះបានធ្លាក់​ចុះ​មក​នៅត្រឹម​២២ភាគរយ​។ ក៏ប៉ុន្តែក៏នៅតែជាអត្រា​​ខ្ពស់​នៅ​ឡើយ​។
 
ចំណែកឯ ស្ថានភាព​ស្គម​ស្គាំង​របស់​កុមារ​ គឺនៅ​តែ​១០ភាគរយ​ដដែល​ ក្នុងរយៈមួយ​ទសវត្សរ៍ចុងក្រោយ។


ក្នុងនាម​ភ្លែនអន្តរជាតិ ដែលជាអង្គការ​ធ្វើ​ការ​លើ​បញ្ហា​អាហារូបត្ថម្ភរបស់​កុមារ លោក យី គឹមថាន ក៏​ខ្វាយខ្វល់​ពី​បញ្ហា​ទឹក​ស្អាត និង​អនាម័យ​​ដែរ។ សេវា​ផ្គត់​ផ្គង់​​ទឹក​ស្អាត និង​អនាម័យ ដែល​គិ​ត​គូរ​ដល់​អាហារូបត្ថម្ភ​ គឺជា​អាទិភាព​មួយ​នៃ​យុទ្ធសាស្រ្ត​ពហុវិស័យ​ ដើម្បី​ពន្លឿន​​ការ​កែ​លម្អ​អាហារូបត្ថម្ភ​​។ កង្វះ​ទឹក​ស្អាត និង​អនាម័យ​​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកលថា ​ជា​កត្តា​រួម​ចំណែក​​មួយ​ដ៏​សំខាន់​នៅ​កម្ពុជា ​ដែល​ត្រូវ​បាន​ព្យាករណ៍ថា ប្រមាណ​ ៣០ភាគរយ​ នៃ​ករណី​កុមារ​ក្រិស​ក្រិន និង​ស្គម​ស្គាំង​ គឺ​បណ្ដាល​​មក​ពី​កង្វះ​ទឹក​ស្អាត និង​អនាម័យ​ រួម​ទាំង​ការ​ផ្ដល់​ចំណី​អាហារ​ដល់​កុមារ​មិន​ត្រឹមត្រូវ។ 

របាយការណ៍​ផែន​ការ​ប្រតិបត្តិ​ឆ្នាំ ២០២៣-២០២៨ បង្ហាញថាកង្វះ​លទ្ធភាព​ទទួល​បាន​សេវា​ផ្គត់ផ្គង់​​ទឹក​ស្អាត និង​អនាម័យ​ជា​មូលដ្ឋាន​រួម​ជា​មួយ​នឹង​ឥរិយាបថ​ប្រតិបត្តិ​អនាម័យ​មិន​ល្អ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ជា​ពិសេស​​នៅ​តំបន់​ជន​បទ​ដាច់​ស្រយា​ល​ គឺ​ជា​កត្តា​កំណត់​ដ៏​សំខាន់​​នៃ​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​នៃ​ភាព​ស្គម​ស្គាំង​និង​ក្រិស​ក្រិន​ ក្នុង​ចំណោម​​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ​ ដែល​ជះ​ឥទ្ធិពល​ដល់​បុគ្គល​ម្នាក់ៗនិង​សង្គម​នៃ​បញ្ហា​កង្វះ​អាហារូបត្ថម្ភនៅកម្ពុជា។​


បញ្ហា​ប្រឈម​ចម្បងៗ​ ដែល​កំណត់​នៃ​កង្វះ​អាហារូបត្ថម្ភ​​របស់​កុមាររួមមាន​កង្វះ​លទ្ធភាព​​ទទួល​បាន​សេវា​សុខភាព​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​​ទឹក​ស្អាត​និង​អនាម័យ និង​ទម្លាប់​ប្រតិបត្តិ​អនាម័យ​មិន​ល្អ។
 
បើតាម​ប្រេវ៉ាឡង់កុមារក្រិសក្រិន​ ខេត្ត​មាន​អាត្រា​ក្រិសក្រិន​ខ្ពស់​រួមមានខេត្ត​រតនគិរី, មណ្ឌលគិរី, ស្ទឹងត្រែង,ពោធិ៍សាត់, កំពត,​ និងកែប៕

ព័ត៌មានទាក់ទង