ព្រឹត្តិការណ៍កសិកម្មប្រចាំឆ្នាំ៖ វិស័យស្រូវ-អង្ករ ងើបឡើងវិញបន្តិច ខណៈការចិញ្ចឹមសត្វ នៅតែជួបបញ្ហា

01/01/2024 3:08 pm ភ្នំពេញ

ភ្នំពេញ៖ រយៈពេល៥ខែចុងក្រោយនេះ វិស័យស្រូវ-អង្ករ របស់កម្ពុជាបានងើបឡើងវិញបន្តិច បន្ទាប់ពីពិភពលោក ចាប់ផ្ដើមព្រួយបារម្ភរឿងសន្តិសុខស្បៀង ដែលបណ្ដាលមកពីបាតុភូតសកល «អែលនីញ៉ូ»។ ការណ៍នេះ ធ្វើឱ្យចលនា​នៃ​ការ​បញ្ជា​ទិញ​អង្ករនៅលើពិភពលោកកើនឡើង ហើយនេះក៏ជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញ ផងដែរ។


យ៉ាងណា បើងាកមកមើល វិស័យចិញ្ចឹមសត្វក្នុងប្រទេសកម្ពុជាវិញ នៅតែបន្តជាប់គាំង ខណៈអ្នកចិញ្ចឹមជ្រូកក្នុងស្រុក មិនថាក្រុមហ៊ុន ឬឯកជននោះទេ បានជួបបញ្ហាបាក់ទឹកចិត្តជាខ្លាំង ដោយសារលំហូរចូលសាច់បង្កកពីបរទេស ដែលបានសម្លាប់តម្លៃ និងទីផ្សារ។
 
សារព័ត៌មានឌីជីថលថ្មីៗ នឹងលើកយកព្រឹត្តិការណ៍កសិកម្មសំខាន់ៗប្រចាំឆ្នាំ ២០២៣ ចំនួន៤ ចែកជូនលោក-អ្នកនាង ក្នុងនោះរួមមាន វិស័យចិញ្ចឹមសត្វនៅកម្ពុជាជួបបញ្ហា ដោយសារលំហូរសាច់បង្កក, វិស័យស្រូវ-អង្ករកម្ពុជា មានស្ថិរភាព ខណៈពិភពលោកបារម្ភពីសន្តិសុខស្បៀង, វិបត្តិអាកាសធាតុ ប៉ះពាល់ទិន្នផលស្វាយចន្ទី និងចុងក្រោយ រដ្ឋាភិបាល ដាក់គោលនយោបាយកសិកម្មពង្រាយមន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់។
 
វិស័យចិញ្ចឹមសត្វនៅកម្ពុជាជួបបញ្ហា ដោយសារលំហូរសាច់បង្កក
 
នៅក្នុងវិស័យសត្វ ជាពិសេស ការចិញ្ចឹមគោខ្នាតតូច និងជ្រូក នេះ ក្រុមហ៊ុន និងឯកជនជាច្រើន សុទ្ធសឹងជួបបញ្ហាបាក់ទឹកចិត្ត ចង់បោះបង់ការចិញ្ចឹម ព្រោះតែលំហូរចូលសាច់បង្កកពីបរទេស ដែលបានសម្លាប់តម្លៃ និងទីផ្សារ។ បើតាមកសិករ បញ្ហាក្នុងវិស័យចិញ្ចឹមសត្វនេះ កើតឡើងជិតពីរឆ្នាំហើយ តែមិនទាន់ឃើញក្រសួង ឬស្ថាប័នពាក់ព័ន្ធណា ដោះស្រាយបាននៅឡើយ។ 


រូបភាព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការនាំចូលសាច់បង្កកពីបរទេស បានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក ប្រមាណ២០ទៅ៣០ភាគរយ។ លើសពីនេះ វាក៏អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពសារធារណៈផងដែរ នៅពេលការនាំចូលមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ឬច្បាប់អនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
បច្ចុប្បន្ន សាច់ក្នុងស្រុក លែងជាជម្រើសរបស់ពលរដ្ឋកម្ពុជាហើយ។ ជាក់ស្ដែង នៅតាមពិធីមង្គលការ បុណ្យទាន ហាង និងភោជនីយដ្ឋានមួយចំនួន បានងាកទៅរកសាច់បង្កកដែលនាំចូលពីបរទេសវិញ ក្រោមហេតុផល «តម្លៃថោក ជាងសាច់ក្នុងស្រុក»។ 
 
នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពង្រឹងច្បាប់ហាមឃាត់ការនាំសាច់បង្កក ខូចគុណភាព ចូលមកកម្ពុជា។ ការណែនាំនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ទទួលបានសំណើមួយចំនួនពីវិស័យឯកជន ដែលទាមទារឱ្យពិនិត្យឡើងវិញ លើការគ្រប់គ្រងផលិតសាច់នាំចូល។  
 
ប៉ុន្មានថ្ងៃ ក្រោយការបញ្ជារបស់ នាយករដ្ឋមន្រ្តី គេសង្កេតឃើញថា អាជ្ញាធរកម្ពុជា បានខ្នះខ្នែងបង្រ្កាបសាច់បង្កកគ្មានប្រភពច្បាស់លាស់ និងផលិតផ្ទុកសារធាតុហាមឃាត់ យ៉ាងគគ្រឹកគគ្រេង។ ប៉ុន្តែ មកទល់ពេលនេះ ហាក់ស្ងប់ស្ងាត់បន្តិចវិញ។


វិស័យស្រូវ-អង្ករកម្ពុជា មានស្ថិរភាព នៅពេលពិភពលោកបារម្ភពីសន្តិសុខស្បៀង
 
រយៈពេល៥ខែចុងក្រោយនេះ វិស័យស្រូវ-អង្ករ របស់កម្ពុជាបានងើបឡើងវិញបន្តិច បន្ទាប់ពីពិភពលោក ចាប់ផ្ដើមព្រួយបារម្ភរឿងសន្តិសុខស្បៀង ដែលបណ្ដាលមកពីបាតុភូតសកល «អែលនីញ៉ូ»។ ការណ៍នេះ ធ្វើឱ្យចលនានៃការបញ្ជាទិញអង្ករនៅលើពិភពលោកកើនឡើង ហើយនេះក៏ជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញ ផងដែរ។

នៅក្នុងបរិបទនេះ កម្ពុជាដែលជាប្រទេសផលិតស្រូវធំមួយនៅក្នុងតំបន់ ទទួលបានការចរចា និងបញ្ជាទិញជាច្រើន។ ជាក់ស្ដែង កាលពីខែសីហា កម្ពុជាជោគជ័យលើការនាំចេញអង្ករទៅឥណ្ឌូណេស៊ី ជើងទី១ មានចំនួន៣,៥ពាន់តោន និងបន្តដឹកជញ្ជូន២ជើង បន្ថែមទៀតសរុប១ម៉ឺនតោន។ នៅក្នុងខែ វិច្ឆិកា ទីម័រ ក៏សម្រចបញ្ជាទិញអង្ករពីកម្ពុជាប្រមាណ ៤ពាន់តោន ជាលើកដំបូង ផងដែរ។ 
 
ជាមួយគ្នានេះ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជា នឹងមានកើន។ ទន្ទឹមនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីជំរុញការនាំចេញឱ្យបាន១លានតោន ស្របតាមគោលនយោបាយជាតិស្តីពីការ«ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ» ដែលដាក់ចេញដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីឆ្នាំ ២០១០មក។ 
 
រយៈពេល១១ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៥៩៥ ៦៣០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៤២០.៨១ លានដុល្លារ។ ចំពោះការនាំចេញស្រូវវិញ មាន៣ ៩២៦ ៥៦៦តោន ទៅកាន់វៀតណាម គិតជាទឹកប្រាក់មានចំនួន ១ ១៥៦.៧០លានដុល្លារ។ 

នៅពាក់កណ្ដាលខែធ្នូនេះ ស្រូវសើមនៅតែស្ថិតក្នុងតម្លៃមួយល្អ ពោលគឺចន្លោះពី១២០០រៀល ទៅជាង១៤០០រៀល ក្នុងមួយគីឡូក្រាម តាមប្រភេទ ឬពូជនីមួយៗ។ ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន១២លានតោនក្នុងមួយឆ្នាំ គឺលើស ៦លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញ ជាប់លេខរៀងទី ៨នៅលើពិភពលោក។  
 
វិបត្តិអាកាសធាតុ ប៉ះពាល់ទិន្នផលស្វាយចន្ទី 
 
នៅក្នុងឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា បានធ្លាក់ចុះប្រមាណពី១៥ ទៅ១៦ភាគរយជារៀងរាល់ខែ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ បរិមាណនាំចេញធ្លាក់ចុះនៅពេលនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បំផ្លាញទិន្នផលស្វាយចន្ទី ខណៈកសិករមួយចំនួន ក៏សម្រេចកាប់ដើមចោល ឈប់ដាំ ដោយសារមិនអាចទប់ទល់ការប្រែប្រួលអាកាសធាតុដ៏លឿននេះបាន។ 

យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល ១០ម៉ឺនហិកតា ប៉ុន្តែ ក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១ មាន៨០ម៉ឺនហិកតា។
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីជាមធ្យមធ្លាក់ចុះពី ៣០ទៅ ៤០ភាគរយ។ ការប្រែប្រួលអាកាសធាតុដែលកើតលើដំណាំស្វាយចន្ទី ភាគច្រើនបណ្ដាលមកពីភ្លៀងញឹកញាប់ និងរលក់កម្ដៅ។ បញ្ហានេះ បានធ្វើឱ្យគ្រាប់ស្វាយចន្ទីខូច និងអាក់ចេញផ្កា ជាដើម។
 
សមាគមស្វាយចន្ទីកម្ពុជា បានក្រើនរំឭក​ដល់កសិករឱ្យត្រៀមខ្លួនទប់ទល់នឹងបាតុភូតកម្ដៅ ឈ្មោះថា «អែលនីញ៉ូ» ដែលអាចកើតឡើងនៅចន្លោះខែតុលា ដល់មិថុនា ឆ្នាំ២០២៤។ បាតុភូតកម្ដៅនេះ អាចបង្កហានិភ័យធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅ ដែលធ្វើឱ្យដំណាំចន្ទីពិបាកលូតលាស់ និងការវាយប្រហារពីសត្វល្អិតចង្រៃ ផងដែរ។
 
សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាមានជាង ៦១ម៉ឺនតោន ថយចុះជិត១៦,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
 
រដ្ឋាភិបាល ដាក់គោលនយោបាយពង្រាយមន្ត្រីជំនាញកសិកម្មឃុំ-សង្កាត់
 
នៅក្នុងអណតិ្តទី៧នេះ រដ្ឋាភិបាល បានដាក់គោលនយោបាយកសិកម្ម ពង្រាយមន្ត្រីកសិកម្មតាមឃុំ នៅទូទាំងប្រទេសចំនួន១៦០០នាក់ ដើម្បីជួយរក្សាកំណើនផលិតកម្ម ប្រសិទ្ធភាពសេដ្ឋកិច្ច គុណភាព និងទីផ្សារ។ មិនតែប៉ុណ្ណោះ វាក៏ធានាបាននូវសុវត្ថិភាព និងសន្តិសុខស្បៀង និងការបង្កើនកម្រិតជីវភាពពលរដ្ឋមូលដ្ឋានផងដែរ។
 
ការពង្រាយមន្រ្តីកសិកម្មឃុំ ទូទាំងប្រទេស មានតួនាទីជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ ការណែនាំពីរបៀបប្រើប្រាស់ទឹកដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធការងារកសិកម្ម ផ្សេងៗ។ 
 
កាលពី​ថ្ងៃទី​២២ ខែធ្នូនេះ ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផល​បេក្ខជន​ប្រឡង​ជ្រើសរើសមន្រ្តី​កសិកម្ម​ឃុំ​ចំនួន ២៥០នាក់ ក្នុង​នោះ​មាន​ស្រ្តីចំនួន ៩៤នាក់។ ក្រោយ​ប្រឡង​ជាប់ មន្រ្តី​កសិកម្មឃុំទាំង ២៥០នាក់ នឹងត្រូវ​ចូលរួម​វគ្គបណ្ដុះ​បណ្ដាលរយៈពេល ១ឆ្នាំជាមុនសិន នៅ​ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ៕

ព័ត៌មានទាក់ទង