
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង និងស្វាយរៀង នឹងរៀបចំព្រឹត្តការណ៍ សង្រា្កន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងនោះខេត្តព្រៃវែង នឹងរៀបចំ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ មេសា ចំណែកឯ ខេត្តស្វាយរៀង នឹងរៀបចំសង្ក្រាន្ត ចាប់ពីថ្ងៃទី ១៤-១៦ មេសា។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តទាំងពីរ។
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងក្រុងព្រៃវែង រយៈពេល ៤ថ្ងៃ ពីថ្ងៃទី ១៣ -១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ នឹងមានការប្រប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងមានការបាញ់កាំជ្រួច អបអរសាទរព្រឹត្តិការណ៍សង្ក្រាន្តខេត្តព្រៃវែង យ៉ាងអធិកអធមផងដែរ។
ចំណែកឯ រដ្ឋបាលខេត្តស្វាយរៀង ក៏រៀបចំព្រឹត្តការណ៍សង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួម នឹងអាចយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ក៏ដូចជាបទចម្រៀង និងក្បាច់រាំ ដែលការសម្តែងដោយសិល្បករគ្រប់ជំនាន់ ដើម្បីរំលឹកដល់បុព្វបុរសខ្មែរពីសម័យមុន។
ក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍សង្រា្កន្តស្វាយរៀង ប្រារព្ធឡើងនៅទីតាំងនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានរៀបចំ គណៈកម្មការ សម្រាប់ចាត់ចែង សណ្តាប់ធ្នាប់ ការតុបតែងកម្មវិធីសង្រា្កន្ត ល្បែងប្រជាប្រិយ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងទៀត៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

