សោកស្ដាយ! ទន្សោងញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះពីម្សិលមិញបានងាប់ហើយ

រូបភាពនៅពេលសត្វទៅដល់មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅកាលពីម្សិលមិញ ប៉ុន្ដែវាបាន_ងាប់ នៅព្រឹកមិញនេះ។ រូបភាព៖ លោក _ទ្រី ស៊ីថេង
ភ្នំពេញ៖ កូនទន្សោងញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះពីចម្ការអំពៅកាលពីម្សិលមិញ បានងាប់ហើយ ក្រោយបានទៅដល់មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ មូលហេតុដែលសត្វនេះងាប់ដោយសារ របួសធ្ងន់ ខ្សោយកម្លាំង និងត្រូវធ្វើដំណើរឆ្ងាយ។
លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម បានប្រាប់សារព័ត៌មានThmeyThmey25 ថា កូនសត្វទន្សោងនោះបានស្លាប់ហើយកាលពីព្រឹកមិញ ខណៈក្រុមការងារព្យាយាមជួយសង្គ្រោះចាប់តាំងពីមកដល់មជ្ឈមណ្ឌលកាលពីម្សិលមិញមក ប៉ុន្ដែនៅតែរក្សាមិនបាន។
លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម។
លោក រតនា ពន្យល់បែបនេះ៖ « សត្វនេះរបួសខ្លាំងណាស់ ជើងរបស់វាមានស្នាមធ្មេញឆ្កែច្រើន។ យប់មិញវាដង្ហក់ខ្លាំង ហើយព្រឹកឡើងក៏ស្លាប់ទៅ។ ណាមួយវាអាចមកពីធ្វើដំណើរផ្លូវឆ្ងាយផង»។
លោកបន្ថែមថា សត្វដែលត្រូវរបួសដោយចង្កូមឆ្កែ ភាគច្រើនពិបាកសង្គ្រោះណាស់ មិនថាសត្វព្រៃ ឬសត្វស្រុកទេ។ គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែមីនា គណៈកម្មការសហគមន៍ការពារព្រៃឈើប្រាំបីមុម បានប្រទះឃើញសត្វទន្សោងញីអាយុ៣ខែ ដែលត្រូវបានឆ្កែខាំជើងត្រូវជើងខាងឆ្វេង ផ្នែកខាងក្រោយ នៅចម្ការអំពៅជាប់ព្រៃសហគមន៍ការពារព្រៃឈើប្រាំបីមុមខេត្តកំពង់ស្ពឺ៕
-
ដោយ៖ ប៉ូ សុភា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

