អង្គការទន្លេគ្លីនិកកម្ពុជា៖ ពលរដ្ឋនៅជុំវិញបឹងទន្លេសាប ប្រឈមនឹងកើតជំងឺទឹកនោមផ្អែមច្រើន

27/02/2023 2:58 pm សៀមរាប

សៀមរាប៖ រយៈពេល ៣ឆ្នាំចុងក្រោយនេះ ជំងឺទឹកនោមផ្អែម បានកើនឡើងគួរឱ្យព្រួយបារម្ភ ចំពោះពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប ដែលបង្កការគំរាមកំហែងដល់សុខុមាលភាព និងជីវភាព របស់ពួកគេ។ មូលហេតុនាំឱ្យពលរដ្ឋកើតជំងឺទឹកនោមផ្អែមច្រើន ដោយសារមិនទាន់យល់ដឹងពីការថែទាំសុខភាព និងចូលចិត្តបរិភោគភេសជ្ជៈ ដែលរសជាតិផ្អែម។

 

បើតាមទិន្នន័យពី អង្គការទន្លេគ្លីនិកកម្ពុជា (TLC) នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងកំពង់ធំ មានអ្នកកើតជំងឺទឹកនោមផ្អែមប្រមាណ ៣៥៤៣នាក់ ចាប់ពីអាយុ ៤០ឆ្នាំឡើង។    

អ្នកទទួលខុសត្រូវគម្រោង «សុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា» លោកស្រី គី កល្យាណ បានបង្ហាញការព្រួយបារម្ភពីស្ថានភាពជំងឺទឹកនោមផ្អែម ដែលកំពុងកើនឡើងលើពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប។ លោកស្រី កត់សម្គាល់ថា រយៈពេល ៣ឆ្នាំចុក្រោយនេះ ពលរដ្ឋដែលមកពិនិត្យសុខភាព នៅអង្គការទន្លេគ្លីនិកកម្ពុជា មានចំនួនច្រើនជាប់ពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម។ 

ជំងឺទឹកនោមផ្អែម បានធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋ។ មូលហេតុបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយសារពលរដ្ឋនៅតំបន់បឹងទន្លេសាប មិនទាន់យល់ដឹងពីរបបអាហារត្រឹមត្រូវ ជាពិសេស ពួកគេចូលចិត្តបរិភោគភេសជ្ជៈ ឬអាហារ ដែលមានរសជាតិផ្អែម។ 

លោកស្រី គី កល្យាណ ប្រាប់ដូច្នេះថា៖« រាល់ថ្ងៃ យើងកំពុងបារម្ភជាងគេ គឺជំងឺទឹកនោមផ្អែម ព្រោះ ជាទូទៅយើងឃើញប្រជាជន មកទទួលសេវាហ្នឹង ក៏ច្រើនដែរ។ ពួកគាត់នៅទីនេះ (បឹងទន្លេសាប) ចូលចិត្តភេសជ្ជៈផ្អែម ហើយនេះ ជាមូលហេតុមួយ ដែលយើងគិតថា ធ្វើឱ្យមានជំងឺទឹកនោមផ្អែម»។ 

រោគសញ្ញានៃអ្នកកើតជំងឺទឹកនោមផ្អែម ចាប់ផ្ដើមអស់កម្លាំងល្ហិតល្ហៃ នោមញឹក និងឧស្សាហ៍ឃ្លាន ជាដើម។ ជុំវិញបញ្ហានេះ អង្គការទន្លេគ្លីនិកកម្ពុជា បានបញ្ជ្រាប់ការផ្សព្វផ្សាយពីផលប៉ះពាល់នៃការបរិភោគអាហារ ឬភេសជ្ជៈដែលមានជាតិផ្អែម បន្ថែមពីលើការពិនិត្យ និងថែទាំងសុខភាព ដោយឥតគិតថ្លៃ ដល់ពលរដ្ឋ​ ចំនួន ៨ភូមិ រស់នៅលើបឹងទន្លេសាប។ 

ទន្ទឹមនេះ លោកស្រី គី កល្យាណ រំពឹងថា ពលរដ្ឋនឹងគិតគូរពីបញ្ហាសុខភាពឡើងវិញ ហើយផ្លាស់ប្ដូរទម្លាប់ហូបចុក  ដើម្បីបង្ការជំងឺទឹកនោមផ្អែម ដែលកំពុងបង្កការគំរាមកំហែងខ្លាំងនៅពេលនេះ។ លោកស្រី បន្ថែមដូច្នេះថា៖« យើងនឹងផ្ដល់ការថែទាំចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយជំហានបន្ទាប់ យើងនឹងផ្សព្វផ្សាយឱ្យគាត់បានយល់ពីផលពិបាក នៃជំងឺទឹកនោមផ្អែម។ យើង ពន្យល់គាត់ពីមូលហេតុដែលនាំឱ្យកើតជំងឺទឹកនោមផ្អែម និងបង្ហាញពីរបៀប នៃការរស់នៅ ធ្វើយ៉ាងម៉េចឱ្យគាត់ មានសុខភាពល្អ»។ 

អ្នកស្រី ឃុត ផល្លារ នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានកើតជំងឺទឹកនោមផ្អែម រយៈពេល ២ខែមកហើយ ទំនងមកពីខ្សោយក្រលៀន និងរបបអាហារមិនត្រឹមត្រូវ។ លោកស្រី សោកស្ដាយ ដែលបណ្ដាយឱ្យកើតមានជំងឺទឹកនោមផ្អែម ខណៈសង្កេតឃើញថា ពលរដ្ឋជាច្រើន ក៏កំពុងប្រឈមនឹងជំងឺ មិនឆ្លង មួយប្រភេទនេះផងដែរ។

ស្រ្តីវ័យ ៥៩ឆ្នាំរូបនេះ បានឱ្យដឹងថា ពលរដ្ឋ នៅបឹងទន្លេសាប ភាគច្រើនប្រកបរបរនេសាទ ដូច្នេះ នៅពេលពួកគេ ធ្វើការងារហត់ និងអស់កម្លាំង តែងតែពិសាភេសជ្ជៈផ្អែមៗ ដើម្បីប៉ូវកម្លាំងឡើងវិញ។ ម្យ៉ាងទៀត នៅបឹងទន្លេសាប ភេសជ្ជៈប៉ូវកម្លាំងទាំងនេះ ត្រូវបានចរាចរណ៍យ៉ាងច្រើន ទាំងលក់នៅតាមផ្ទះបណ្ដែតទឹក និងទូក។ 

អ្នកស្រី ឃុត ផល្លារ ព្រួយបារម្ភថា ជំងឺទឹកនោមផ្អែម កើតឡើងកាន់តែច្រើនលើពលរដ្ឋក្នុងសហគមន៍ខ្លួន ប្រសិនបើ ពួកគេមិនបញ្ឈប់ការបរិភោគភេសជ្ជៈដែលមានរសជាតិផ្អែម។  អ្នកស្រី បន្ថែមដូច្នេះថា៖« អ្នកស្រី ឃុត ផល្លារ ប្រាប់ដូច្នេះថា៖« បើនិយាយទៅចូល ៤ ទៅ៥ឆ្នាំហើយ ដែលឃើញមានអ្នកជំងឺទឹកនោមផ្អែមនេះច្រើន។ បើខ្ញុំទើបតែកើត ២ ទៅ៣ ខែ​នេះទេ។ ខ្ញុំបារម្ភថា ពលរដ្ឋនៅទីនេះ កើតជំងឺទឹកនោមផ្អែមកាន់តែច្រើន បើគេមិនឈប់ហូបគ្រឿងកំប៉ុង»។ 

បច្ចុប្បន្ន អ្នកស្រី ឃុត ផល្លារ ត្រូវបានផ្ដល់ថ្នាំ និងការថែទាំសុខភាព ជាប្រចាំ ពីអង្គការទន្លេគ្លីនិកកម្ពុជា ដែលមានទីស្នាក់ការនៅ ភូមិមាត់ខ្លា ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប៕  

 

ព័ត៌មានទាក់ទង