
ដោយ: ប៉ូ សាគុន
ភ្នំពេញ៖ ជាមធ្យមក្នុងមួយខែជនជាប់ឃុំ ចន្លោះពី១៣ពាន់ទៅ១៤ពាន់នាក់ បានខ្ចីសៀវភៅយកទៅអាន។ ក្រៅពីនោះអ្នកចូលទៅអានក្នុងបណ្ណាល័យផ្ទាល់តែម្ដង មានចំនួនចន្លោះពី៧ទៅ៨ពាន់នាក់ក្នុងមួយខែ។ ទិន្នន័យនេះ អង្គការស៊ីប៉ាទទួលបានពីអគ្គនាយកដ្ឋានពន្ធនាគារ។ ដ្បិតរបាយការទទួលបានពីពន្ធនាគារក៏ពិតមែន ប៉ុន្តែស៊ីប៉ាមានកម្មវិធីកត់ត្រាទិន្នន័យយ៉ាងច្បាស់លាស់ ទាំងការខ្ចីសៀវភៅចេញ និងការសងសៀវភៅត្រឡប់វិញ។
លោក សំ លាងអេង ប្រធានកម្មវិធី អប់រំក្នុងពន្ធនាគារ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អគ្គនាយកដ្ឋានពន្ធនាគារ ពុំអាចបន្លំទិន្នន័យបានឡើយ ដោយសារតែអង្គការបានបង្កើតកម្មវិធីកត់ត្រាទិន្នន័យយ៉ាងច្បាស់លាស់។ បន្ថែមពីនោះ អង្គការក៏មានកម្មវិធីសម្ភាសជនជាប់ឃុំដែរ ដើម្បីដឹងពីស្ថានភាពនៃការអានក្នុងពន្ធនាគារ។
ប្រធានកម្មវិធី អប់រំក្នុងពន្ធនាគារ អះអាងបន្ថែម៖«ស៊ីប៉ាទទួលបានទំនុកចិត្តខ្ពស់ពីអគ្គនាយកដ្ឋានពន្ធនាគារ។ ដូច្នេះបើយើងចង់សម្ភាសនរណាម្នាក់ យើងគ្រាន់តែដាក់លិខិតស្នើសុំសម្ភាសជនជាប់ឃុំទៅបានហើយ។ គេមិនរៀបចំមនុស្សឱ្យយើងសម្ភាសទេ។ ពេលយើងទៅ យើងឃើញនរណាម្នាក់ដើរតាមផ្លូវ យើងហៅគេសម្ភាសតែម្ដង។ គេទុកចិត្តយើង ព្រោះយើងធ្វើការទៅលើវិស័យអប់រំ»។
លោក សំ លាងអេង ប្រធានកម្មវិធីអប់រំក្នុងពន្ធគារ
លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា បានអះអាងថា ជនជាប់ឃុំក្នុងពន្ធនាគារ បានក្លាយពីអ្នកមិនមានទម្លាប់អាន ទៅជាអ្នកអានយ៉ាងសកម្ម។ លោកបន្ថែមថា ស្ទើរតែទាំងអស់នៃអ្នកជាប់ឃុំ មិនដែលមានបទពិសោធក្នុងការអានឡើយ ប៉ុន្តែនៅពេលដែលស៊ីប៉ាដាក់សៀវភៅទៅក្នុងពន្ធនាគារ មនុស្សជាច្រើនបានក្លាយទៅជាអ្នកអាន។
អគ្គនាយកអង្គការស៊ីប៉ាពន្យល់ថា ហេតុដែលនាំឱ្យជនជាប់ឃុំ ចាប់អារម្មណ៍ការអានច្រើន ក៏ដោយសារពួកគេមិនមានទូរសព្ទប្រើប្រាស់ និងមិនមានមធ្យោបាយកម្សាន្តនានាជាដើម។ អ្វីដែលសំខាន់ទៀតនោះ ការទៅអានសៀវភៅក្នុងបណ្ណាល័យ ជាឱកាសឱ្យជនជាប់ទោស អាចចេញពីបន្ទប់ឃុំឃាំង ដែលមានសភាពតូចចង្អៀត។ កត្តាទាំងអស់ខាងលើនេះហើយ ដែលនាំឱ្យសៀវភៅនៅក្នុងពន្ធនាគារ មានភាពទក់ខ្លាំង ដោយខុសពីគម្រោងនៅតំបន់ក្រៅពន្ធនាគារ។
«បណ្ណាល័យធ្វើឱ្យគេ(ជនជាប់ឃុំ)មានសេរីភាព ដូច្នេះសៀវភៅក្នុងពន្ធនាគារទក់ខ្ទេច។ គាត់អានធ្វើឱ្យគាត់ភ្លេចពេលវេលា ភ្លេចការអផ្សុក និងផ្ដល់ការសម្សាន្តដល់គាត់។ អ្នកទោសភាគច្រើន ចូលចិត្តអានប្រលោមលោក។ ហេតុអីគាត់ចូលចិត្តសៀវភៅប្រភេទហ្នឹង? ព្រោះវាងាយស្រួលអាន និងធ្វើឱ្យគាត់ស្រមើស្រមៃ ហាក់ដូចជាគាត់ចេញពីក្នុងគុក ទៅក្នុងសាច់រឿងនោះ។ បើរឿងនិយាយពីការទៅកម្សាន្តនៅសមុទ្រ គាត់គឺកំពុងនៅសមុទ្រដែរ មិនមែនគាត់នៅក្នុងគុកទេណា។ សៀវភៅធ្វើឱ្យអ្នកអាន អាចសន្ទនាជាមួយអ្នកនិពន្ធបាន»។
លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា(រាប់ពីស្ដាំទី១)
លោក សំ លាងអេង ប្រធានកម្មវិធី“អប់រំក្នុងពន្ធនាគារ” បានបញ្ជាក់ថា អង្គការស៊ីប៉ាមានកម្មវិធីសម្រាប់ជនជាប់ឃុំចំនួន៤ធំៗ។ ទី១កម្មវិធី “អក្ខរកម្ម” ប៉ុន្តែបច្ចុប្បន្នកម្មវិធីនេះ បានឈានដល់ការសិក្សាពេញមួយជីវិតហើយ។ ទី២កម្មវិធី “ថ្នាក់ភាសាបរទេស” កម្មវិធីទី៣ “ការតែងនិពន្ធ” និងកម្មវិធីទី៤ “ការផ្ដល់នូវការកម្រាន្តបែបអប់រំ” ដោយកម្មវិធីនេះនឹងផ្ដល់ការសិក្សាស្រាវជ្រាវ តាមបែបឌីជីថល។ មានន័យថាជនជាប់ឃុំ អាចសិក្សាស្រាវជ្រាវតាមកំព្យូទ័រ ប៉ុន្តែOff line (មិនភ្ជាប់អ៊ីនធឺណិត)។ កម្មវិធីនេះ ត្រូវបានផ្ដល់ការស្រាវជ្រាវតាមរយៈAppជាច្រើន ដែលApp ទាំងនោះត្រូវបានបញ្ចូលទិន្នន័យឱ្យស្រាវជ្រាវយ៉ាងសម្បូរបែប។ ក៏មានដែរកម្មវិធីកម្សាន្តសុទ្ធសាធតែម្ដង ដោយកម្មវិធីនេះ នឹងអញ្ជើញសិល្បករជំនាញចុះទៅបង្រៀនសិល្បៈមួយចំនួនដល់ជនជាប់ឃុំ។
សូមបញ្ជាក់ថា គម្រោង “បណ្ណាល័យក្នុងពន្ធនាគារ” ដែលបានចាប់ផ្តើម សាកល្បងនៅឆ្នាំ២០១០ នៅក្នុងមណ្ឌលអប់រំកែប្រែទី១ ទទួលបានការគាំទ្រថវិកាដោយសហភាពអឺរ៉ុប។ ក្នុងឆ្នាំ២០១១ ឧត្តមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានផ្តល់ថវិកាដើម្បីអនុវត្តគម្រោងសាកល្បងនៅក្នុងពន្ធនាគារខេត្តបាត់ដំបង សៀមរាប មណ្ឌលអប់រំកែប្រែទី១ និងទី២។
គម្រោង “បណ្ណាល័យក្នុងពន្ធនាគារ” ទូទាំងប្រទេស ចាប់ផ្តើម អនុវត្ត នៅក្នុង ឆ្នាំ២០១២- ២០១៤ ដែលបានទទួលថវិកាពីសហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍។ នៅឆ្នាំ២០១៦-២០១៩ គម្រោងនេះ ទទួលបានថវិកាដំណាក់កាលទីពីរ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមូលនិធិប៊ែលឡុង ដែលមានដៃគូគម្រោង មិត្តសំឡាញ់ និងម្លប់តាប៉ាង។
នៅក្នុងឆ្នាំ២០១៩-២០២២ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមូលនិធិប៊ែលឡុង ដែលមានដៃគូគម្រោង មិត្តសំឡាញ់ និងម្លប់តាប៉ាង បានរួមគ្នាផ្ដល់ថវិកាដំណាក់កាលទីបី ដែលជាដំណាក់កាលបញ្ចប់សម្រាប់គម្រោង «បណ្ណាល័យក្នុងពន្ធនាគារ»។ ដោយឡែក មូលនិធិប៊ែលឡុងក៏បាន នឹងកំពុងផ្តល់ថវិកាសម្រាប់កម្មវិធីថ្មី «អប់រំក្នុងពន្ធនាគារ» សម្រាប់ឆ្នាំ២០២២-២០២៥ ដែលមានអង្គការភីអីន PN ជាដៃគូគម្រោង៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

