ក្រៅជាសិល្បករបុរាណ យុវជន២រូបមានក្តីស្រមៃចង់ក្លាយជាគ្រូបង្ហាត់ល្ខោនខោល

10/01/2023 2:51 pm ភ្នំពេញ

ភ្នំពេញ៖ ល្ខោនខោល ជាសិល្បៈវប្បធម៌ខ្មែរដែលសិល្បករដកស្រង់ឈុតរឿងរាមកេរ្តិ៍មកសម្តែងដោយពាក់ខ្មុក។ ចំណែកសិល្បករនីមួយៗ សុទ្ធតែជាមនុស្សប៉ិនប្រសព្វ និងមានសារពាង្គកាយមាំមួន។ តួយ៉ាងល្ខោននេះ ត្រូវការយុវជនជំនាន់ក្រោយដើម្បីបន្តវេន និងសិក្សាស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ។ ក្នុងចំណោមយុវជនជាច្រើនរូប ដែលហាត់រៀនល្ខោនខោល ក្នុងនោះក៏មានយុវជន២រូប កំពុងស្រវាស្រទេញហាត់រៀន ក្នុងគោលបំណងបន្តតំណែងជាគ្រូបង្ហាត់ល្ខោនខោលផងដែរ។



សាលាសិល្បៈជាថ្នាល់បណ្តុះបណ្តាល ដល់ពន្លកសិល្បៈថ្មោងថ្មីដែលស្រឡាញ់ ភ្លេង និងរបាំបុរាណខ្មែរ។ យ៉ាងណាមិញ សាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីបណ្ឌិតម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី គឺជាទីកន្លែងកុមារកម្ពុជាទទួលបានចំណេះដឹងលើជំនាញជាច្រើនដូចជា សិល្បៈតូរ្យតន្រ្តី របាំ ល្ខោន សៀក និងសិល្បៈសូនរូបជាដើម។ សាលានេះ គឺជាចំណុចចាប់ផ្តើមផង និងជាស្ពានសម្រាប់ឱ្យពួកគេ ចូលសិក្សាដោយមិនមានការបង់ប្រាក់។

ក្រឡេកទៅក្នុងថ្នាក់រៀនមួយនៃសាលាមធ្យមវិចិត្រសិល្បៈ មានសិស្សមួយក្រុម មើលទៅហាក់ដូចជាមានភាពមមាញឹកជាខ្លាំង។ សិស្សមួយក្រុមនោះ គឺជាក្រុមសម្តែងល្ខោនខោល ដោយម្នាក់ៗកំពុងតែងកាយ គ្រងឈុតរបាំ និងគ្រឿងអលង្ការបុរាណខ្មែរតាមតួអង្គ ក្នុងរឿងរាមកេរ្តិ៍។ តួអង្គដែលត្រូវឡើងសម្តែងលើឆាកនោះ ភាគច្រើនគឺជាយុវជន មានអាយុច្រើនបំផុតត្រឹម ១៨ឆ្នាំ។ រីឯ ការរៀបចំខ្លួនរបស់ពួកគេ គឺតែងមានគ្រូបង្ហាត់ចាំមើល និងជួយស្លៀកពាក់ឱ្យត្រូវតាមទម្រង់ខ្មែរជានិច្ច។ 

យុវជន ធឿន មិថុនា គ្រងឈុត នាងសុបនខា ក្នុងរឿងរាមកេរ្តី អំឡុងពេលសម្តែងសិល្បៈនារដូវវស្សា។ រូបភាព៖ ហេង ស្រីលីន

កំពុងរៀបចំខ្លួន យុវជន ធឿន មិថុនា ដែលជាសិស្សហាត់ល្ខោនខោលនៃសាលាមួយនេះ បានផ្តល់កិច្ចសម្ភាស ជាមួយសារព័ត៌មាន ThmeyThmey អំពីដំណើរការចាប់ផ្តើមរបស់គេក្នុងវិស័យសិល្បៈតាំងពីអាយុ ១១ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគ្រួសាររបស់ មិថុនា ជាអ្នកជំរុញ និងលើកទឹកចិត្តឱ្យចូលហាត់ល្ខោនខោលតែម្ដង។

ការដាក់ចិត្ត និងត្រូវរៀនច្រើន
អ្នកហាត់ល្ខោនខោល មិនខុសពីរបាំបុរាណផ្សេងនោះឡើយ។ មិថុនា និងសិស្សដទៃទៀត ត្រូវចាប់ផ្តើមហាត់ពីក្បាច់បាតទៅមុន។ សិស្សទាំងអស់ត្រូវបែងចែកការសិក្សាជាពីរវេន ដោយពេលព្រឹកត្រូវរៀនចំណេះដឹងទូទៅ និងពេលរសៀលពួកគេត្រូវហាត់ល្ខោនខោល។ ពេលហាត់ដំបូង យុវជនមកពីខេត្តកណ្តាលរូបនេះ ហាក់ដូចជាចង់រាថយ ព្រោះពិបាកនឹងពត់ដៃ ជើង មិនត្រឹមតែប៉ុណ្ណោះ អ្នកហាត់ត្រូវស្គាល់ និងយល់ពីតួអង្គនីមួយៗផងដែរ។

«កាលពីក្មេង ខ្ញុំមិនស្គាល់ថាអ្វីទៅជារបាំផង ប៉ុន្តែក្រោយហាត់បាន១ឆ្នាំ ទើបខ្ញុំចាប់ផ្តើមស្រឡាញ់វា។ ពេលហាត់ដំបូង ខ្ញុំធ្លាប់យំទាមទារឱ្យម៉ាក់យកខ្ញុំទៅផ្ទះវិញ តែពេលហាត់បាន១ខែ ទើបរៀងទម្លាប់ខ្លះៗ»។ នេះជាការលើកឡើងរបស់យុវជន ធឿន មិថុនា អ្នកហាត់ល្ខោនខោលនៃសាលាមធ្យមវិចិត្រសិល្បៈ។


ក្រុមល្ខោនខោល សំពះគ្រូមុនពេលឡើងសម្តែង។ រូបភាព៖ ហេង ស្រីលីន

អ្នកហាត់ទាំងអស់ ត្រូវស្គាល់ពីចរិតលក្ខណៈពីតួអង្គនីមួយៗ ដូចជា តួអង្គព្រះរាម ព្រះលក្ម្សណ៍  ហនុមាន នាងសីតា នាងសុបនាខា តួយក្ស តួនាង តួនាយរង តួស្វា និងតួអង្គជាច្រើនទៀត។ មិនមែនជារឿងងាយឡើយទម្រាំអាចហាត់រៀនពីក្បាច់នីមួយៗ ក៏ដូចជាសម្តែងតាមតួអង្គផ្សេងគ្នា។ ចំពោះ មិថុនា ការហាត់រយៈពេល ២ទៅ៣ឆ្នាំដំបូង គឺមិនមែនជារឿងស្រួល ហើយក៏មិនពិបាកខ្លាំង។

សិល្បករវ័យក្មេងរូបនេះ មានអារម្មណ៍ភ័យខ្លាំងនៅពេលឡើងសម្តែងលើឆាកដំបូង ហើយមកទល់ពេលនេះ ក៏នៅតែភ័យដែរ គ្រាន់តែមិនដូចលើកទី១។ ចំពោះតួអង្គដែល មិថុនា បានសម្តែងញឹកជាងគេ គឺតួយក្ស។ ចំណែកតួអង្គដែលពិបាកសម្តែងជាគេគឺ តួអង្គស្វា និងតួអង្គយក្ស។

សិក្សា ដើម្បីបន្តវេន
ទម្រាំដើរមកដល់ដំណាក់កាលនេះ ធឿន មិថុនា បានព្យាយាមជាខ្លាំង ទាំងកម្លាំងកាយ និងចិត្ត ដើម្បីឱ្យឆាប់រីកចម្រើនដូចសិស្សច្បងផ្សេងទៀត។ បន្ទាប់ពីទទួលបានការហ្វឹកហាត់ពីសំណាក់លោកគ្រូ អ្នកគ្រូ បានធ្វើឱ្យ មិថុនា មានបំណងបន្តបង្ហាត់ល្ខោនខោលនេះ ពោលគឺចង់ក្លាយជាគ្រូបង្ហាត់ល្ខោនខោលទៅថ្ងៃមុខ។

ដូចគ្នាទៅនឹង ធឿន មិថុនា ដែរ យុវជន អ៊ុង ឈួនមន្នី បានចូលហាត់រៀនអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ ការចាប់ផ្តើមដំបូងរបស់យុវជនវ័យ១៧ ឆ្នាំរូបនេះ ក៏មិនខុសពី មិថុនានោះឡើយ។ ម្នាក់ៗ ត្រូវហ្វឹកហាត់ក្បាច់ដដែលៗ រហូតដល់ចាំស្ទាត់។

យុវជន អ៊ុង ឈួនមុន្នី គ្រងឈុត នាងសីតា ត្រៀមសម្តែងក្នុងកម្មវិធី សិល្បៈនារដូវវស្សា។ រូបភាព៖ ហេង ស្រីលីន

អ្នកហាត់ល្ខោនខោល អ៊ុង ឈួនមន្នី បានរម្លឹកពីការចាប់ផ្តើមថា៖ «កាលពីក្មេង ខ្ញុំចូលចិត្តមើលគេរាំ ឃើញគេរាំស្អាត ក៏មានចិត្តមួយចង់ឱ្យខ្លួនឯងពូកែដូចគេដែរ។ ណាមួយគ្រួសារក៏យល់ព្រម ជាពិសេសពូដែលជាគ្រូបង្ហាតរបាំ គឺជាអ្នកជំរុញផ្ទាល់តែម្តង» ។ 

គ្មានអ្វីដែលពិបាកជាងការចាប់ផ្តើមនោះឡើយ កូនសិស្សហាត់ល្ខោនខោលមកពី ខេត្តស្វាយរៀងរូបនេះ បានហាត់លុតដំខ្លួនរាល់ថ្ងៃ ដើម្បីឱ្យពូកែ។ ការចូលហាត់ដំបូង មន្នី ជួបផលលំបាកច្រើន ដូចជាប្រើកម្លាំងដូចមនុស្សចាស់ រាងកាយចុករោយពេញខ្លួន និងប្រើពេលជាយូរទម្រាំអាចដើរទាន់ សិស្សផ្សេងទៀត។ អ្វីដែលសំខាន់នោះគឺការតាំងចិត្ត ដាក់កាយប្រឹងហាត់ឥតលុះថ្ងៃ។ 

 សមាជិកក្រុមល្ខោនខោល នៃសាលាមធ្យមវិចិត្រសិល្បៈ ឡើងសម្តែងក្នុងកម្មវិធី សិល្បៈនារដូវវស្សា។ រុបភាព៖ ហេង ស្រីលីន

ឈួនមន្នី បង្ហើបបែបនេះថា៖ «ការហាត់ល្ខោនខោលនេះ គឺត្រូវការកម្លាំងច្រើន។ ណាមួយយើងនៅក្មេង កម្លាំងក៏មិនដូចមនុស្ស ចឹងទៅទើបហាត់ខ្លាំង ហើយងាយឈឺទៀត។ ប៉ុន្តែ ពេលហាត់យូរទៅ ទើបលែងអី ហើយក៏រឹតតែស្រឡាញ់»។

បើទោះជា មិថុនា និងឈួនមន្នី ជួបឧបសគ្គច្រើនក៏ពិតមែន ប៉ុន្តែពួកគេមិនបោះបង់នូវគោលដៅចង់ធ្វើជាគ្រូបង្ហាត់ល្ខោនខោលនោះឡើយ។ អ្វីដែលជាចំណុចរួមរបស់ពួកគេនោះ គឺការជួយថែវប្បធម៌ខ្មែរកុំឱ្យបាត់បង់ និងចង់ឱ្យនៅគង់វង្ស តាមរយៈការបន្តវេនពីយុវជនជំនាន់ក្រោយ៕

ព័ត៌មានទាក់ទង