លោក សុខ វឿន៖ កម្ចីខ្នាតតូចឥតទ្រព្យបញ្ចាំ ជួយពលរដ្ឋឱ្យគេចផុតពីបំណុលវ័ណ្ឌក

01/11/2022 2:00 pm ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

សៀមរាប៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាបច្ចុប្បន្ន ហាក់គិតគូរច្រើនលើបញ្ហាសង្គម ដែលផ្តោតលើការផ្តល់កម្ចីខ្នាតតូច ដល់អ្នកជំនួញខ្នាតតូច និងកសិករ ដោយគ្មានទ្រព្យបញ្ចាំ។ កម្ចីប្រភេទនេះផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋក្រីក្រដែលប្រកបអាជីវកម្មតាមផ្លូវ និងនៅតាមរទះ ឬតាមតូប នានា ឱ្យគេចផុតនូវបំណុលវ័ណ្ឌកពីកម្ចីក្រៅប្រព័ន្ធ។


 
សម្រាប់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាក្រោមទំហំ៣០០០ដុល្លារ ឬលើសពីនេះ មិនទាមទារឱ្យអ្នកខ្ចីមានទ្រព្យបញ្ចាំនោះទេ។ បើតាមលោក សុខ វឿន ប្រធានសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ពលរដ្ឋឱ្យតែមានមុខរបរ ឬអាជីវកម្មច្បាស់លាស់ និងប្រភពចំណូលត្រឹមត្រូវ នោះអាចស្នើសុំកម្ចីនេះបានពីមីក្រូហិរញ្ញវត្ថុដែលខ្លួនពេញចិត្ត។ 
 
នាសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប កាលពីថ្ងៃទី២៨ ខែតុលា លោក សុខ វឿន បានថ្លែងប្រាក់អ្នកសារព័ត៌មាន ថា ប្រភេទកម្ចីខ្នាតតូចឥតទ្រព្យបញ្ចាំនេះ គឺមានអត្ថប្រយោជន៍ច្រើន សម្រាប់ប្រជាជនក្រីក្រ ហើយក៏សម្រាប់ប្រកបរបរ ឬជំនាញខ្នាតតូច ក្នុងការទទួលកម្ចីលឿន រហ័ស និងមិនស្មុគស្មាញច្រើនឡើយ។ លោក បញ្ជាក់ថា៖ «នេះ ជាចំណុចមួយដែលជួយបានច្រើន ដល់ប្រជាជនក្រីក្រ។ លើសពីនេះ វាជាផ្នែកមួយ សម្រាប់ពលរដ្ឋអាចងាកចេញពីកម្ចីក្រៅផ្លូវការ។ វាអាចជួយបានច្រើនក្នុងកម្រិតខ្ពស់ ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពទទួលបានកម្ចីផ្លូវការវិញ»។
 
បើតាមការអង្កេតរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អតិថិជននៃប្រភេទកម្ចីឥតទ្រព្យធានានេះ នាបច្ចុប្បន្ន គឺមានរហូតដល់៤០ភាគរយ។  

ការផ្តល់កម្ចីឥតទ្រព្យធានាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺ អាចផ្តល់លទ្ធភាពកាន់តែច្រើនដល់ពលរដ្ឋក្នុងការពង្រីកអាជីវកម្ម ឬ មុខរបររបស់ខ្លួនបានកាន់តែប្រសើរ។ បើតាមលោក លី ប៊ុនរិទ្ធ នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សព្វថ្ងៃទំហំកម្ចីគ្មានទ្រព្យធានានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានកើនដល់១០ម៉ឺនដុល្លារ។ ត្បិតថា គ្មានទ្រព្យធានា ឬបញ្ចាំ ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន មុនសម្រេចផ្តល់កម្ចីឱ្យអតិថិជន ពិសេសក្រុមសហគ្រាសធុនតូច និងមធ្យម(SME)  គឺផ្តោតទៅលើសិក្សានៃប្រវត្តិអាជីវកម្ម សុខភាពអាជីវកម្ម និងការពិនិត្យលើប្រវត្តិសង់ប្រាក់របស់អតិថិជននៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចៀសវាងនូវហានិភ័យក្នុងការសង់ត្រឡប់របស់អតិថិជន។
 
«យើងមើលទៅការផ្តល់កម្ចីអត់ទ្រព្យធានានេះ មានហានិភ័យខ្ពស់សម្រាប់យើង ប៉ុន្តែភាពកើតឡើងនូវហានិភ័យនេះ គឺវាអាចកាត់បន្ថយបានច្រើន។ ដោយសារតែ យើងជឿជាក់ថា ពេលដែលយើងអត់យកទ្រព្យធានា យើងត្រូវវាយតម្លៃលើចំណុចជាច្រើន»។ នេះជាការលើកឡើងរបស់លោក លី ប៊ុនរិទ្ធ ដោយបន្តរៀបរាប់ថា  ការផ្តល់កម្ចីឥតទ្រព្យធានាសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs) គឺការមើលស្ថានភាពអាជីវកម្ម, ប្រវត្តិនៃការលក់ដូរ, ភាពរឹងមាំនៃអ្នកគ្រប់គ្រង  រួមទាំងការវាយតម្លៃផ្សេងៗ ជាពិសេសការពិនិត្យលើប្រវត្តិសង់ប្រាក់របស់អតិថិជននៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចៀសវាងនូវហានិភ័យក្នុងការសង់ត្រលប់របស់អតិថិជន។
 
នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនរូបនេះបានអះអាងប្រាប់សារអ្នកសារព័ត៌មានយ៉ាងដូច្នេះ៖ «បើយើងពិនិត្យកម្រិតហានិភ័យក្នុងការផ្តល់កម្ចីនេះ គឺខ្ពស់ណាស់ ប៉ុន្តែ អតិថិជន គឺមានភាពស្មោះត្រង់។ អ៊ីចឹងហើយបានជាវិស័យមីក្រូហិរញ្ញវត្ថុ អាចរីកចម្រើនមកទល់បច្ចុប្បន្ន ហើយខ្ញុំគិតថា វិស័យនេះ នៅតែអាចដើរទៅមុខដោយរលូន»។

ការផ្តល់កម្ចីឱ្យអតិថិជនដោយឥតទ្រព្យធានារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ចាប់ពីទំហំខ្នាតតូចដល់ខ្នាតធំ គឺមានពី៧០ទៅ៨០ភាគរយនៃអតិថិជនសរុប៤,៥ម៉ុននាក់ ដែលមានផលបត្រឥណទាន៣៥លានដុល្លារ។ នេះការរៀបរាប់បន្ថែមរបស់ លោក លី ប៊ុនរិទ្ធ។
 
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទីមួយឆ្នាំ២០២២ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង២៣,៤ភាគរយ ក្នុងទំហំ១០,១ពាន់លានដុល្លារ ក្នុងនោះ ឥណទានអតិថិជន បានកើន៨,៨ពាន់លានដុល្លារ ដោយមាន១,៩លានគណនីអតិថិជន។ ទំហំឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច ដូចជា គ្រួសារមាន៣២,៨ភាគរយនៃឥណទានសរុប ពាណិជ្ជកម្ម និងជំនួញ មាន២៣,២ភាគរយ  កសិកម្មមាន ១៧,៨ភាគរយ សេវាកម្ម មាន១៤ភាគរយ ដឹកជញ្ជូន មាន៤,៨ភាគរយ សំណង់មាន៤,៤ភាគរយ កម្មន្តសាលមាន១,៦ភាគរយ  និងផ្សេងៗមាន១,១ភាគរយ៕ 
 

 

ព័ត៌មានទាក់ទង