អាជ្ញាធរជាតិអប្សរា ធ្វើស្ពានឆ្លងទៅប្រាសាទនាគព័ន្ធ ដើម្បីសម្រួលការធ្វើដំណើរដល់ទេសចរ

06/09/2022 4:00 pm សៀមរាប

ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានធ្វើស្ពានឈើប្រវែង ៤៥០ម៉ែត្រ ដើម្បីឆ្លងទៅប្រាសាទនាគព័ន្ធ។ ស្ពានឈើនេះ ជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ទទួលភ្ញៀវទេសចរក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។ លើសពីសម្រួលដល់ការធ្វើដំណើរ ស្ពានឈើមួយនេះក៏ផ្ដល់សម្រស់ដ៏ត្រកាលលើផ្ទៃទឹក មុនទៅដល់ប្រាសាទនាគព័ន្ធ។



​​​​ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះកេសូរក្នុងពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ស្ថិតលើដីកោះមួយ ដែលមានស្រះជុំវិញចំនួន៤ និងបារាយណ៍យ៉ាងធំមួយនៅខាងក្រៅ។ កាលពីមុនប្រជាជនធ្វើដំណើរដោយទូក ទើបអាចទៅដល់ប្រាសាទនាគព័ន្ធនេះ។ 



នាពេលបច្ចុប្បន្នប្រាសាទនាគព័ន្ធ បានក្លាយជាទីតាំងទេសចរណ៍វប្បធម៌ ជំនឿ និងសាសនាមួយ ក្រៅពីប្រាសាទផ្សេងទៀតក្នុងខេត្តសៀមរាប។ ប្រាសាទមួយនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យទៅទស្សនាកម្សាន្ត និងអ្នកមានជំនឿមួយចំនួន ក៏បានចូលបន់ស្រន់សុំសេចក្ដីសុខ នៅប្រាសាទនាគព័ន្ធផងដែរ។ ការណ៍នេះអាជ្ញាធរជាតិអប្សរា បានសម្រេចសាងសង់ស្ពានឈើមួយ ដើម្បីធ្វើដំណើរទៅដល់ប្រាសាទនាគព័ន្ធតែម្ដង ដែលមានប្រវែង ៤៥០ម៉ែត្រ កាលពីខែមិថុនា ឆ្នាំ២០២១។

លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរ​នៃអាជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានThmeyThmey25ថា ការធ្វើស្ពានឆ្លងទៅកាន់ប្រាសាទនាគព័ន្ធ ដើម្បីឱ្យអ្នកដំណើរ និងភ្ញៀវទេសចរអាចឆ្លងទៅប្រាសាទនៅកណ្ដាលបារា យណ៍មួយនេះងាយស្រួល។ លើសពី​នេះស្ពានឈើ​មួយនេះ នឹងអាចឱ្យភ្ញៀវទេសចរគយគនទេសភាពព្រៃលិចទឹក និងសត្វមួយចំនួនមុនទៅដល់ប្រាសាទនាគព័ន្ធ។

លោក ង៉ោ ពេជ្រ បន្ថែមដូច្នេះ៖«សម្រាប់អត្ថប្រយោជន៍មួយទៀត គឺផ្ដោតទៅលើទេសភាព ធម្មជាតិ និងបែបបុរាណ ដែលយើងលាបពណ៌ស្ពានឱ្យដូចស្ពានបុរាណ។ ចំពោះការដើរទស្សនា មានរយៈពេលវែង គាត់ផ្ដោតអារម្មណ៍លើផ្ទៃទឹក និងទេសភាពព្រៃឈើ»។


លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរ​នៃអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ស្ពានឈើនេះ នៅថ្ងៃទី១ ខែក​ញ្ញា ឆ្នាំ២០២២។ ទេសចរអាច ដើរឆ្លងទៅកាន់ប្រាសាទនាគព័ន្ធ និងអាចថតរូបលើស្ពានដែលមានទេសភាពបារាយណ៍យ៉ាងធំ ព្រមទាំងប្រាសាទនាគព័ន្ធនៅចំកណ្ដាល មានព្រៃព័ទ្ធជុំវិញផងដែរ៕

 

ព័ត៌មានទាក់ទង