សហគ្រិន៣រូប ជាប់ជ័យលាភីក្នុងកម្មវិធី «ធ្វើឱ្យអាជីវកម្មប្រសើរឡើងរដូវកាលទី២»

05/09/2022 2:00 pm សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី
 
សៀមរាប៖ សហគ្រិនចំនួន៣រូប ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធី «ធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២» ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ និងអិនធើប្រាយវិហ្សិន។


 
សហគ្រិនមកពីធុរកិច្ចចំនួន៣ ក្នុងចំណោម១១ ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធី ធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២ ដែលក្នុងនោះរួមមាន ធុរកិច្ច The Nature ជាប់លេខ១ ធុរកិច្ច Kamboo Ecoctourism ជាប់លេខ២ និងធុរកិច្ច Phum Khmer Lodge ជាប់លេខ៣។ ការជ្រើសរើសនេះ ក្រោយធុរកិច្ចចំនួន១១ បានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ពួកគេ ទៅកាន់គណៈកម្មការវាយតម្លៃមកពីសហគ្រិនខ្មែរ ដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអិនធើប្រាយវិហ្សិន។
 
នាយកប្រតិបត្តិសហគ្រិនខ្មែរ លោក ឈៀង វណ្ណមុនិណ្ឌ លើកឡើងថា កម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង បង្កើតឡើងក្នុងបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងខេត្តសៀមរាប ក្នុងការកែប្រែគំនិតធុរកិច្ចរបស់ពួកគេ ស្របតាមស្ថានភាពសង្គម និងទីផ្សារក្នុងបរិបទថ្មី។ លោកបន្ថែមថា៖« វាបានចូលរួមចំណែក ដល់ការអនុវត្តយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ឱ្យត្រឡប់ទៅរកវិថីនៃកំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលទាមទារឱ្យមានការកែទម្រង់ និងការកសាងភាពធន់»។
 
រីឯ សហស្ថាបនិក អិនធើប្រាយវិហ្សិន លោក ហួត តារា បានបង្ហាញមោទកភាពដែលកម្មវិធីខាងលើ បានដំណើរការរលូនតាមការគ្រោងទុក ពិសេសបានរកឃើញសហគ្រិនជាធុរកិច្ចសម្រាប់ជ័យលាភីនារដូវកាលទី២នេះ។ លោកយល់ថា ការរីកចម្រើលើចំណេះដឹងស្ដីពីសហគ្រិនភាព និងការរៀបចំផែនការយុទ្ធសាស្រ្ដថ្មី ជាទុនសម្រាប់ធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង ស្របតាមបរិបទថ្មី និងការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចសាកលលោក។

 
តាមសេចក្ដីប្រកាសព័ត៌មានរបស់សហគ្រិនខ្មែរ និងអីនធើប្រាយវិហ្សិន កម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២ ជាកម្មវិធីមួយក្រោមវេទិកាសហគ្រិន សៀមរាប ដែលជាគំនិតផ្ដួចផ្ដើមរបស់សហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិននៅក្នុងខេត្តសៀមរាប។ កម្មវិធីនេះមាន គោលបំណង ផ្ដល់នូវការប្រឹក្សាយោបល់អាជីវកម្មតាមរយៈយុវជនដែលជាអ្នកស្វែងរកដំណោះស្រាយ ទៅដល់ធុរកិច្ចខ្នាតតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប ដើម្បីបង្កើនភាពធន់ និងការរីកចម្រើនផ្នែកធុរកិច្ចក្នុង បរិបទថ្មី។ 
 
គួរបញ្ជាក់ថា កម្មវិធីនេះ ចែកចេញជាពីរដំណាក់កាល ដំណាក់ទីមួយ ជាការបណ្ដុះបណ្ដាលយុវជនអំពីមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដើម្បីក្លាយជាអ្នកស្វែងរកដំណោះស្រាយ។ ដំណាក់កាលទីពីរ គឺស្វែងរកដំណោះស្រាយ និងម្ចាស់ធុរកិច្ច សហការគ្នាបង្កើតគំរូធុរកិច្ចថ្មី និងចុងបញ្ចប់ គឺការប្រកួតគំរូធុរកិច្ច និងវគ្គអនុវត្ត ផែនការអាជីវកម្ម។ ដែលកម្មវិធីចុងក្រោយនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី២៩  ខែសីហា នៅស្នាក់ការអិនធើប្រាយវិហ្សិន សៀមរាប៕
 

 

ព័ត៌មានទាក់ទង