អ្នកនេសាទបារម្ភ ពីការបាត់វត្តមានរបស់ត្រី ប្រភេទខ្លះ ក្នុងទន្លេមេគង្គ

29/10/2022 5:00 pm ភ្នំពេញ

ដោយ៖ ឈុត ទូច

ជលផលទឹកសាប គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា។ ត្រី គឺ​ជាប្រភពអាហារដ៏សំខាន់ សម្រាប់ប្រជាជនរស់នៅតាមជនបទ។ ប្រជាជនម្ពុជា ភាគច្រើន ទទួលបានប្រភពប្រូតេអ៊ីនសត្វពីសាច់ត្រី ដែលជារបបអាហារ​មានតម្រូវការខ្ពស់បំផុត បន្ទាប់ពីអង្ករ។




ដោយសារកំណើនប្រជាជន បានធ្វើឱ្យតម្រូវការប្រូតេអ៊ីនសត្វពីសាច់ត្រីនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែកើនឡើងឥតឈប់ឈរ។ តម្រូវការកើនឡើង បូករួមទាំងការបាត់បាត់ទីជម្រក ការនេសាទហួសកម្រិត ​បានធ្វើឱ្យកំណើនបរិមាណត្រីក្នុងធម្មជាតិ ជាពិសេស ក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ធ្លាក់ចុះជាលំដាប់។ 
 
ប្រជានេសាទម្នាក់ ដែលសុំមិនឱ្យបញ្ចេញឈ្មោះ រស់នៅក្នុងភូមិជើងពាត ស្រុកសំបូរ ខេត្តក្រចេះ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបាត់វត្តមានត្រីជាច្រើនប្រភេទ ពីតំបន់ដែលគាត់រស់នៅ។  «នៅក្នុងទន្លេមេគង្គ ក្នុងពេលថ្មីៗ នេះ ខ្ញុំសង្កេតឃើញថា បាត់វត្តមានត្រី​កំបុតច្រមុះ​ និងត្រីព្រួល ព្រមទាំងត្រីជាច្រើនប្រភេទទៀត ដែលខ្ញុំធ្លាប់នេសាទបានជារៀងរាល់ឆ្នាំ»។ ស. ព.ស បន្ថែមថា៖ «ត្រីទាំងប៉ុន្មានប្រភេទនោះ ទើបតែនឹងបាត់ក្នុងពេលថ្មីៗនេះទេ គឺចាប់តាំងពីរដូវប្រាំងក្នុងឆ្នាំ ២០២២ នេះ»។ 


 ត្រីព្រូល នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ភាគច្រើន មានទំហំធំៗ​​ ទម្ងន់ ២-៣គីឡូក្រាមឡើងទៅ ក្នុងមួយក្បាល

ប្រជានេសាទម្នាក់ទៀត ដែលសុំមិនឱ្យបញ្ចេញឈ្មោះ រស់នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក៏បានសម្តែងការភ្ញាក់ផ្អើលដូច​ដែរ។ អ្នកនេសាទរូបនោះ និយាយថា៖ «នៅក្នុងតំបន់របស់ខ្ញុំ ខ្ញុំសង្កេតឃើញថា បាត់វត្តមានត្រីមួយចំនួនដូចជា ត្រីកញ្ច្រូក, ត្រីប៉ាសេអ៊ី, ព្រួល និងគល់រាំង»។
 
ការបាត់វត្តមានត្រីទាំងនោះពីក្នុងតំបន់ ត្រូវបានអ្នកនេសាទរូបនោះ ដាក់ការសង្ស័យលើការសាងសង់ទំនប់វារិអគ្គិសនី និងការកើនឡើងនៃការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ជលផល ដូចជា ឆក់ក្តៅ-ត្រជាក់ជាដើម តែការបង្រ្កាបហាក់ពុំមានប្រសិទ្ធភាព។ លោក  និយាយថា៖ «ទឹកទន្លមេគង្គ ៣-៤ឆ្នាំចុងក្រោយនេះ តូចហើយឡើងមិនត្រូវរដូវសោះ។ អានេះ បើតាមខ្ញុំស្មាន ប្រហែលមកពីវារីអគ្គិសនីហើយមើលទៅ។  ​«ទឹកឡើងមិនត្រូវរដូវបណ្តាលឱ្យត្រីខ្សត់ ថែមទាំងកើនឡើងការប្រើប្រាស់ឧករណ៍នេសាទខុសច្បាប់ទៀត ត្រីរិតតែខ្សត់ថែមទៀត»។ ​

ត្រីកញ្ជ្រូក។ 

អ្នកនេសាទខាងលើ  បានសម្តែងនូវក្តីបារម្ភ អំពីស្ថានភាពនៃបទល្មើសដែលចេះតែកើនឡើង ឯការបង្រ្កាបមានតិចតួច ឬស្ទើរគ្មាន។ បន្ថែមពីលើនេះ ​ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ របបទន្លេមេគង្គប្រែប្រួល ទឹកឡើងខុសរដូវត្រី-ពងកូន ព្រមទាំងការបាត់បង់ទីជម្រកផងដែរនោះ ទៅថ្ងៃអនាគត ប្រជាជនខ្មែរច្បាស់ជាខ្វះត្រីបរិភោគជាពុំខានឡើយ។ លោក និយាយថា៖ «មិនយូរទេ ខ្មែរយើងច្បាស់ជាខ្វះត្រីហូបមិនខាន ព្រោះត្រីបាត់ជាបណ្តើរៗហើយ»។ 
 
ជាមួយគ្នានេះ អ្នកនេសាទរូបនេះ ក៏បានសំណួមពរឱ្យមានការរិតបន្តឹងច្បាប់ជលផល និងចុះបង្រ្កាបឱ្យអស់១០០ភាគរយ នូវឧបករណ៍ល្មើសច្បាប់ទាំងឡាយ។ លោក និយាយថា៖​«វាមិនពិបាកនឹងបង្រ្កាបទេ បើអាជ្ញាធរភូមិ-ឃុំ មានឆន្ទៈ។ ពួកគាត់អាចដឹងច្បាស់​ថា អ្នកនេសាទណាម្នាក់នៅក្នុងភូមិ-ឃុំរបស់គាត់ ប្រើឧបករណ៍នេសាទអ្វី ព្រោះឧបករណ៍នេសាទទាំងអស់ មិនអាចលាក់ក្នុងហោប៉ៅខោ-អាវបានទេ»៕

ព័ត៌មានទាក់ទង