ភ្លៀង នឹងបន្តធ្លាក់មួយសប្ដាហ៍ទៀត ឯតំបន់មាត់សមុទ្រ មានរលកធំៗ និងជំនន់ទឹកភ្លៀង

12/07/2022 12:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ ភ្លៀងនឹងបន្តធ្លាក់មួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា។ ឯតំបន់មាត់សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង និងរលកសមុទ្រធំៗ នៅថ្ងៃទី១៣ និងទី១៤វិញ។  ស្ថានភាពបែបនេះ បណ្ដាលមកពីកម្ពុជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ និង ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង។



យោងតាមការព្យាការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងមួយសប្ដាហ៍នេះ កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង នៅថ្ងៃទី១៣-១៤ ខែកក្កដា។ 

តាមការព្យាករណ៍ដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ តាមរយៈស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 

ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣ និងទី១៤វិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ ចំណែកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ។ 

ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១១ ម្សិលមិញនេះ បានផ្អាកសកម្មភាពអាជីវករចេញទៅកោះ ដោយសារស្ថានភាពខ្យល់ និងរលកធំៗ និងហាមមិនឱ្យចេញទូក និងហាមទេសចរលេងទឹក ក្នុងករណីអាកាសធាតុមិនល្អ។ 

ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យ ម្ចាស់អាជីវកម្មទូក ប្រជានេសាទ ប្រុងប្រយ័ត្នខ្ពស់ ទាំងប្រព័ន្ធបច្ចេកទេស និងសម្ភារៈសុវត្ថិភាពផ្សេងៗ។ ភ្ញៀវទេសចរ ត្រូវពាក់អាវពោងជានិច្ច អំឡុងពេលធ្វើដំណើរតាមទូក និងលេងទឹក៕

 

ព័ត៌មានទាក់ទង