សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ទីតាំងបង្ហាញឧស្សាហកម្មភាជន៍ដ៏ធំនៅសម័យអង្គរ

14/05/2022 5:00 pm សៀមរាប

ដោយ: អុីសា រ៉ហានី ( Isa Rohany )
សៀមរាប៖ សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាសារមន្ទីរដំបូងគេ និងតែមួយនៅកម្ពុជា ដែលសង់លើទីតាំងប្រជុំឡកុលាលភាជន៍ និងដែលជាឧស្សាហកម្មភាជន៍ដ៏ធំ នៅសម័យអង្គរ។



សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ត្រូវបានសាងសង់ឡើង ដើម្បីតម្កល់កុលាលភាជន៍នានា ដែលអ្នកស្រាវជ្រាវប្រទះឃើញ នៅតំបន់រមណីយដ្ឋានអង្គរ ពិសេសបន្ទាប់ពីការធ្វើកំណាយរកឃើញ បំណែកកុលាលភាជន៍មួយចំនួន នៅតំបន់ភូមិតានីតែម្ដង នាអំឡុងឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០០។  មានរាងតូចច្រឡឹង សារមន្ទីរមួយនេះ ហាក់នៅលាក់ខ្លួនបន្ដិច ក្នុងភូមិមិនសូវមមាញឹកមួយ នាភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ ទីរួមខេត្តសៀមរាប។ 



មន្រ្តីមើលការខុសត្រូវក្នុងសារមន្ទីរ លោក វង្ស សាវុទ្ធី ប្រាប់សារព័ត៌មានថ្មីៗថា​ សារមន្ទីរនេះសង់ឡើងនៅឆ្នាំ២០០៨ និងបញ្ចប់នៅឆ្នាំ២០០៩ ក្រោមថវិកាពីរាជរដ្ឋាភិបាលជប៉ុន និងកម្ពុជា។ លោកថា នៅទីនេះ មានតាំងបង្ហាញនូវបំណែកកុលាលភាជន៍ ដែលរកឃើញនៅតំបន់អង្គរ មានដូចជាពីតំបន់ភូមិអន្លង់ធំ ខ្នារពោធិ៍ សសិរ ឡតានី និងបង្កោង នៅជុំវិញអង្គរ។

លោក វង្ស សាវុទ្ធី រៀបរាប់ពីលក្ខណៈពិសេស របស់សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី យ៉ាងដូច្នេះថា៖« ជាសារមន្ទីរសង់លើឡបុរាណផ្ទាល់ ជាទីតាំងបុរាណវិទ្យាផ្ទាល់ ជាស្ថានីយបុរាណវិទ្យាផ្ទាល់ ហើយក្រៅពីសារមន្ទីរ យើងអាចដើរមើលឡ ដែលនៅស្លាកស្នាមនៅឡើយ វាមានប្រយោជន៍សម្រាប់ផ្សព្វផ្សាយ និងល្អសម្រាប់អ្នកសិក្សាស្រាវជ្រាវ»។



ដោយសារនៅឆ្ងាយពីក្រុងបន្ដិច សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី មិនសូវមានទេសចរទៅដល់ទេ ហើយអ្នកដែលទៅភាគច្រើនជាអ្នកសិក្សាស្រាវជ្រាវ។ រីឯទេសចរបរទេស ច្រើនជាជនជាតិជប៉ុន ព្រោះនៅទីនោះ មានការផ្សព្វផ្សាយច្រើនពីសារមន្ទីរនេះ។ មន្រ្តីអាជ្ញាធរជាតិអប្សរា លោក សាវុទ្ធី ប្រាប់យ៉ាងដូច្នេះថា៖« តំបន់អង្គរមានជម្រើសទេសចរណ៍ច្រើន អ៊ីចឹងហើយបានជាមនុស្សទូទៅដែលគាត់មក ជាអ្នកមកលេងធម្មតា គាត់ផ្តោតសំដៅតំបន់អង្គរ តំបន់ប្រាសាទ។ ប៉ុន្តែបើផ្តោតលើរឿងកុលាលភាជន៍ គាត់មិនសូវចាប់អារម្មណ៍ទេ លើកលែងតែគាត់មកចៃដន់ បើអ្នកចាប់អារម្មណ៍រឿងនេះ បើបរទេស ក៏បរទេស ដែលគាត់មានជំនាញរឿងកុលាលភាជន៍។ បើជាខ្មែរ ច្រើនជាសិស្ស និស្សិត...»។



យ៉ាងណាមិញ បុរាណវិទូនាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៍ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរារូបនេះ លើកទឹកចិត្តដល់សាធារណជនគ្រប់រូប គួរសិក្សាពីអារ្យធម៌ខ្មែរដទៃទៀត ក្រៅពីប្រាសាទ ព្រោះថាកុលាលភាជន៍ ក៏ជាអារ្យធម៌មួយ ដែលប្រាប់យើងពីភាពរស់រវើកនៃសង្គម នាសម័យបុរាណផងដែរ។ 
 
លោក សាវុទ្ធី៖« ក្រៅពីបន្ថយចំនួនទេសចរនៅតំបន់អង្គរ ដែលចង្អៀត បំណងឱ្យគាត់ព្យាយាមសិក្សាពីអារ្យធម៌អង្គរ មិនមែនមានតែប្រាសាទថ្ម បារាយណ៍នោះទេ។ លើសពីនោះទៀត ដែលទ្រអារ្យធម៌ឱ្យរីកចម្រើនដល់សព្វថ្ងៃ ក្នុងនោះក៏មានឧស្សាហកម្មផលិតកុលាលភាជន៍ដែរ[...]កុលាលភាជន៍ ជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស ហើយកាន់តែពិសេស យើងអាចដឹងពីបច្ចេកទេសការផលិត ពីសម័យមួយទៅសម័យមួយ»៕

ព័ត៌មានទាក់ទង