នៅសម័យហ្វូណន គេប្រើប្រាស់ «កាសព្រះអាទិត្យរះ» ជាបំណែកៗដើម្បីធ្វើពាណិជ្ជកម្ម

03/05/2022 3:00 pm ភ្នំពេញ

ដោយ៖ ហុង ស្រីណា 

ភ្នំពេញ៖ កាសព្រះអាទិត្យរះ ជារូបិយវត្ថុធ្វើអំពីប្រាក់ ដែលគេប្រើប្រាស់សម្រាប់ធ្វើពាណិជ្ជកម្មក្នុងសម័យហ្វូណន។ កាសនេះ ត្រូវបានចាប់ផ្តើមផលិតតាំងពីដើមសតវត្សទី៥ នៃគ្រឹស្តសករាជ។ នៅឆ្នាំ២០១២ កាសព្រះអាទិត្យរះ ត្រូវបានគេរកឃើញនៅការដ្ឋានធ្វើផ្លូវក្នុងស្រុកអង្គរបុរី។ កាសនេះ មានទម្ងន់ពី ៨ក្រាម ដល់ ១០ក្រាម ដែលត្រូវបានមនុស្សសម័យនោះកាត់ជាបំណែកសម្រាប់ប្រើប្រាស់ជាការដោះដូរ។



បើតាមសៀវភៅ «កម្ពុជា៖ ពីសម័យហ្វូណន មកសម័យចេនឡា ១០០០ឆ្នាំ នៃប្រវត្តិរូបិយវត្ថុ» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា កាសព្រះអាទិត្យរះ ជារូបិយវត្ថុដែលបង្កើតឡើងដោយរចនាបង្ហាញពីទេពកោស្យសិល្បៈនៃជនជាតិភីវ និងភាពចេះដឹងនៃការប្រើប្រាស់និមិត្តរូបក្នុងព្រហ្មញ្ញសាសនារបស់ពួកគេ។ 

ប្រភេទស្តង់ដារនៃកាសនេះ ផ្ទៃមុខមានរូបព្រះអាទិត្យរះ កាំរស្មីចំនួន៦។ នៅផ្នែកខាងលើ មានបន្ទាត់មួយ ដែលជាជើងមេឃ ដោយនៅក្រោមនោះជា ចំណាំងផ្លាត។ គំលាតពីគ្នារវាងកាំនីមួយៗ ប្រវែងស្មើៗគ្នា កំណតដោយក្បាច់ពងត្រីមួយ។ ក្បាច់ពងត្រីទាំងនោះ ស្ថិតក្នុងរង្វង់ខាងក្រៅមួយទៀត ដែលរង្វង់ខាងក្រៅនោះព័ទ្ធដោយខ្សែពងត្រីមួយជាន់ទៀត។ គ្រាប់ពងត្រីទាំងនោះមានចំនួន ២៧គ្រាប់ តំណាងឱ្យតារាទាំង២៧ដួង ឬប្រព័ន្ធតារានៅក្នុងតារាសាស្រ្តនៃគម្ពីរវេទ(នក្សត្រ)។

ចំណែកផ្ទែខាងក្រោយនៃកាស មាននិមិត្តរូប ស្រីវត្សៈ តំណាងឱ្យព្រះនាងលក្ស្មី ដែលកើតចេញពីព្រះវិស្ណុ និងជាមហេសីព្រះវិស្ណុ។ ក្រៅពីនេះ កាសនេះ ក៏មានលម្អដោយចំណិតព្រះចន្ទ និងក្បាច់ពងត្រី។ ចំណុច៣ ដែលស្ថិតនៅពីក្រោម គឺត្រូវគ្នាទៅនឹងអង្គរ៣ នៅក្នុងព្រហ្មញ្ញសាសនា។ 

កាសព្រះអាទិត្យរះ ត្រូវបានរកឃើញក្នុងបូរាណដ្ឋានជាច្រើនចាប់ពីសតវត្សទី១៩មក។ វាគឺជាឧបករណ៍សម្រាប់បង់ប្រាក់ ដែលមានការផ្សព្វផ្សាយយ៉ាងទូលាយបំផុតនៅអាស៊ីអាគ្នេយ៍។ លោក ល្វី ម៉ាឡឺរ៉េ បានសរសេរថា៖«វាគួរឱ្យកត់សម្គាល់ខ្លាំងណាស់ ដែលរូបិយវត្ថុរូបព្រះអាទិត្យរះ ត្រូវបានរកឃើញនៅតំបន់ក្បែរមាត់សមុទ្រនៃឥណ្ឌូចិន។ នៅទីនោះ មានទំនាក់ទំនងពាណិជ្ជកម្ម ប្រហែលធ្វើឡើងដំបូងៗនៅប្រទេសឥណ្ឌា»។ 

កាសព្រះអាទិត្យរះ ត្រូវបានមនុស្សក្នុងសម័យនោះកាត់ជាបំណែកៗ ដើម្បីប្រើប្រាស់។ ការកាត់បំបែករូបិយវត្ថុជាបំណែកតូចៗ គឺជាសកម្មភាពធ្វើឡើងយ៉ាងទូលំទូលាយក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករស់នៅក្នុងអាណាចក្រហ្វូណន។ គេសង្កេតឃើញការកាត់រូបិយវត្ថុនេះមាននៅអូកែវ។ អន្លង់កំណប់កន្លះឡាន បានផ្តល់សេចក្តីបញ្ជាក់ដំបូងសម្រាប់អ្វីដែលពាក់ព័ន្ធនឹងរាជធានីអង្គរបុរី។ កំណប់កន្លះឡាន បានបង្ហាញថែមទៀតថា ការកាត់កាក់នេះត្រូវបានសន្សំឡើង ឬក៏ប្រើប្រាស់ជាមួយនឹងរបស់ក្នុងស្តុករូបិយវត្ថុផ្សេងទៀត រហូតដល់ពេលគេកប់វាក្នុងដី។ 

ការកាត់ជាចំណិត ជាទូទៅច្រើនតែ ១ភាគ៤ ឬ ១ភាគ៨ចម្រៀក ប៉ុន្តែគេក៏ឃើញមានកាត់ជា ១២ ឬ ១៦ភាគនៃទម្ងន់ដែរ។ ការកាត់តូចៗយ៉ាងនេះ បញ្ជាក់ឱ្យឃើញថា តម្លៃឯកតាប្រាក់ទាំងមូលប្រហែលជាខ្ពស់ខ្លាំង ព្រោះតម្លៃនៃបំណែកតូចៗ វាស់សមាមាត្រគ្នាទៅនឹងទម្ងន់ប្រាក់។ 

ការប្រើប្រាស់រូបិយវត្ថុបែបនេះបង្ហាញថា សម័យហ្វូណន រូបិយវត្ថុដែមានរូបិយវត្ថុព្រះអាទិត្យរះ ដែលគេប្រើ ឬផលិត ឬកាក់ផ្សេងទៀត មានលក្ខណៈទ្វេពិតៗ។ រីឯចំណិតតូចៗនោះ គេហៅថា «រូបិយវត្ថុ-ទំនិញ» ដែលមានតម្លៃអាស្រ័យទាំងស្រុងលើបរិមាណ ឬទម្ងន់របស់វា។ 

យ៉ាងណាមិញ សៀវភៅ«កំណប់រូបិយវត្ថុអង្គរបុរី» បានរៀបរាប់ថា ប្រតិបត្តិការកាត់ជាបំណែកទាំងនេះ ធ្វើឱ្យខូចពងត្រីលំអតាមគែមជុំវិញ។ វាជាប្រតិបត្តិការកែច្នៃកាសដែលមើលពីក្រៅទៅ គឺដូចជាដើម្បីរក្សាតម្លៃកាក់ ដោយបញ្ចុះទម្ងន់លោហៈមានតម្លៃ។ ការធ្វើបែបនេះ ជាទូទៅ គឺបង្ហាញពីបញ្ហាក្រខ្សត់ធនធានលោហៈ ដែលគេអាចប្រៀបនឹងប្រតិបត្តិការសម័យទំនើបក្នុងការបង្កើតរូបិយវត្ថុ ដោយមិនបានបង្កើតធនធានបន្ថែម ពោលគឺវាជាទម្រង់ពិសេសមួយនៃការបញ្ចុះតម្លៃរូបិយវត្ថុ។​

បើលោកអ្នកចង់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន(ស.ស.រ)៕

 

ព័ត៌មានទាក់ទង