ក្រសួងបរិស្ថាន និង​UNDP សម្ពោធ​បើក​កម្មវិធី​ប្រកួតប្រជែង «​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​»

10/12/2021 2:20 pm ភ្នំពេញ

​ដោយ​៖ ស៊ុ​ល រ៉​វី 

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​បើកសម្ពោធ​កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត «​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​» ក្រោម​គោលបំណង ដើម្បី​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក លើដី និង​ក្នុង​សមុទ្រ​។



​ក្រសួងបរិស្ថាន និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១ បាន​បើកសម្ពោធ​ផ្លូវការ កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត​អំពី «​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​» ក្រោម​ជំនួយ​ថវិកា​ពី​ប្រទេស​ជប៉ុន តាមរយៈ​UNDP​។ គោលបំណង​សំខាន់​ក្នុង​កម្មវិធី​នេះ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ក​លើដី និង​ក្នុង​សមុទ្រ​។​

​លោកស្រី លាង ច​ន្ធី អ្នកសម្របសម្រួល​គម្រោង បានឱ្យដឹងថា កម្មវិធី​ប្រកួតប្រជែង​នេះ មាន​គោលបំណង​ចម្បង​ចំនួន​បី​គឺ ស្វែងរក និង​ផ្ដល់ឱកាស​ដល់​សាធារណជន ក្នុងការ​ចូលរួម​គំនិត​ច្នៃប្រឌិត ចំពោះ​ការកាត់បន្ថយ​ប្លា​ស្ទិ​ក​, បង្កើន និង​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​ប្លា​ស្ទិ​ក និង​ដំណោះស្រាយ និង ជំរុញ​លើ​ការផ្លាស់ប្ដូរ​ឥរិយាបថ​សាធារណជន ក្នុងការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​។ 

​បើតាម​លោកស្រី លាង ច​ន្ធី ដដែល ថវិកា​សរុប​ក្នុងការ​ប្រកួតប្រជែង​នេះ​មាន​ចំនួន ៧​ម៉ឺន​ដុល្លារ សម្រាប់​បេក្ខជន​ដែល​ចូលរួម​ប្រកួត ដោយ​បេក្ខជន​ដែល​ឈ្នះ​ក្នុងការ​ប្រកួត នឹង​ទទួលបាន​ថវិកា​ចំនួន ១​ម៉ឺន ៨​ពាន់​ដុល្លារ​។ លោកស្រី​បន្ថែមថា អ្នក​ដែល​អាចដាក់​ពាក្យ​ចូលរួមបាន គឺ​សាធារណជន​ទូទៅ និស្សិត សមាគម អង្គការ​ក្រៅ និង​ក្នុងស្រុក ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​នានា​។ 


លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP និង លោក គិត ច័ន្ទគ្រឹស្នា ប្រធានគម្រោងនាយកគម្រោងជាតិ និងជាទីប្រឹក្សាក្រសួងបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។  

​លោក គិត ច័ន្ទ​គ្រឹ​ស្នា ប្រធាន​គម្រោង​នាយក​គម្រោង​ជាតិ និង​ជាទី​ប្រឹក្សា​ក្រសួងបរិស្ថាន បាន​លើកឡើងថា គម្រោង​«​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​»​នេះ ធ្វើឡើង​ក្នុង​គោលបំណង អនុវត្ត​គោលនយោបាយ​កាត់បន្ថយ និង​គ្រប់គ្រង​សំណល់​នៅ​កម្ពុជា ជាពិសេស​ប្លា​ស្ទិ​កនៅ​លើដី និង​ក្នុង​សមុទ្រ តាមរយៈ​វិធាន 4Rs​។ វិធាន​គោលការណ៍ 4Rs រួមមាន Refuse(​បដិសេធ​), Reduce(​កាត់បន្ថយ​), Reuse(​ប្រើប្រាស់​ឡើងវិញ​) និង Recycle(​កែច្នៃ​)​។ ការលើកឡើង​បែបនេះ របស់លោក គិត ច័ន្ទ​គ្រឹ​ស្នា គឺធ្វើឡើង នា​ថ្ងៃ​បើកសម្ពោធ កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត​អំពី «​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​»​។ 

​នាឱកាស​បើកសម្ពោធ​នេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​បញ្ជាក់ថា កម្មវិធី​ប្រកួត​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​បំផុសគំនិត​ច្នៃប្រឌិត​នានា ពី​សាធារណជន ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។ 


លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។

​ជាមួយគ្នានេះ លោកស្រី Moeko Saito-Jensen អ្នកជំនាញ​គោលនយោបាយ​បរិស្ថាន UNDP បាន​និយាយថា ការបំពុល​ដោយ​ប្លា​ស្ទិ​ក គឺជា​ការបំពុល​សាកល ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​។ ដើម្បី​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធិភាព គឺ​យើង​ត្រូវ​យល់ដឹង ថា​ហេតុអ្វី​បានជា​សំណល់​ប្លា​ស្ទិ​កវា​ជា​បញ្ហា ហើយ​ប្រជាជន អាចជា​ផ្នែក​មួយ​នៅក្នុង​ដំណោះស្រាយ​នេះ​។ លោកស្រី បន្ថែមទៀតថា ការបង្កើត​ការប្រកួតប្រជែង​នេះ​ឡើង គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាជន ព្រោះ​វា​សំខាន់​ណាស់ ដែល​យើង​ត្រូវមាន​ការខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​នេះ​បាន​។​

សូម​ជម្រាប​ផងដែរ​ថា កម្មវិធី​ប្រកួតប្រជែង​គំនិត​ច្នៃប្រឌិត «​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​»​នេះ ចាប់ផ្ដើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​បើកសម្ពោធ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។ ចំពោះ​បេក្ខជន ដាក់ពាក្យ​ចូលរួម អាចដាក់​ពាក្យ​ជាមួយនឹង​គំនិត​លើសពី​មួយ​បាន​។ បេក្ខជន ដែល​ចាប់អារម្មណ៍​ដាក់ពាក្យ ឬ​ផ្ញើ​ជា​សំណួរ អាច​ផ្ញើ​តាមរយៈ [email protected]

ព័ត៌មានទាក់ទង