​ពី​ស្រ្តី​មេផ្ទះ​នៅ​ម៉ាឡេស៊ី អ្នក​ស្រី ឃន សុខចាន់ ជម្នះឧបសគ្គ​មក​បង្កើត​សិប្បកម្មផលិតឱសថសរីរាង្គ​​នៅកម្ពុជា

14/10/2021 12:00 pm ភ្នំពេញ


ដោយ៖ សុង សុធាវី

ភ្នំពេញ៖ អ្នកស្រី ឃន សុខចាន់ ហៅហែឡែន បានវិវត្តន៍ខ្លួនពីស្រ្តីមេផ្ទះនៅប្រទេសម៉ាឡេស៊ី ក្លាយជាស្ថាបនិកសិប្បកម្មហ្គោលដិនអេក ដែល​ផលិតឱសថបែប​អាហារ​សរីរាង្គ​។ រយៈពេលបីឆ្នាំនៃការ​បង្កើតសិប្បកម្ម អ្នកស្រី សុខចាន់ បាន​ផលិត​អាហារសរីរាង្គដែលវត្ថុធាតុដើមសុទ្ធសឹងជា​កសិផល​ក្នុង​ស្រុក ក្នុងការចូលរួម​​លើក​ស្ទួយវិស័យ​កសិកម្ម ពិសេសជា​​ផលិតផលមានគុណភាព និងទទួលស្គាល់ក្រសួងសុខាភិបាល។ បើតាម​អ្នកស្រី សុខចាន់ ជោគជ័យ​នា​ពេល​បច្ចុប្បន្ននេះ កើតចេញ​ពី​តស៊ូ​ ជម្នះ​ឧបសគ្គ ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បីជួយជំរុញទីផ្សារខ្មែរ ​និង​អាចនាំ​ចេញ​ទៅ​កាន់ទីផ្សារ​បរទេស។




ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងអ្នកស្រី ឃន សុខចាន់ ដូចតទៅ៖
 
 
«ស៊ូផលិតឱសថធម្មជាតិ ដើម្បីជំរុញទីផ្សារខ្មែរ»

«ស៊ូផលិតឱសថធម្មជាតិ ដើម្បីជំរុញទីផ្សារខ្មែរ» ===== អ្នកស្រី ឃន សុខចាន់ បានខិតខំអភិវឌ្ឍខ្លួនពីស្រ្តីមេផ្ទះ រហូតក្លាយជា ស្ថាបនិកសិប្បកម្ម ហ្គោលដិនអេក ត្រឹមរយៈពេលបីឆ្នាំប៉ុណ្ណោះ។ សហគ្រិនស្រ្តីរូបនេះ បានចាប់ផ្តើមពី ដើមទុន ១០០ ដុល្លារ ខិតខំរៀនសូត្រនូវចំណេះដឹងដែលពាក់ព័ន្ធ ជម្នះឧបសគ្គហូរហែរ តស៊ូ ដើម្បីចូលរួមអភិរក្សឱសថធម្មជាតិ ។ តើការផលិតឱសថធម្មជាតិធ្វើដូចម្ដេច? និង ជំរុញទីផ្សារខ្មែរ ដោយរបៀបណា? កម្មវិធី គំនិតថ្មី នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ អ្នកស្រី ឃន សុខចាន់ ស្ថាបនិកសិប្បកម្ម ហ្គោលដិនអេក មកធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនា នូវបទសម្ភាសន៍ រវាង វាគ្មិន អ្នកស្រី ឃន សុខចាន់ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី គំនិតថ្មី នៃសារព័ត៌មានថ្មីៗ

Posted by Thmey Thmey on Monday, September 20, 2021


«ចាប់ផ្តើមបង្កើតជំនួញនេះ ខ្ញុំមានជំនឿជាក់លើខ្លួនឯង គិតថាអាចបង្កើតនូវផលិតផលដែលមានគុណភាព ជួយជំរុញទីផ្សារខ្មែរ អាចនាំចេញទៅបរទេសបាន ព្រោះសក្តានុពលឱសថធម្មជាតិស្រុកយើងសម្បូរណាស់។ ខ្ញុំចង់ចូលរួមគាំទ្រទិញវត្ថុធាតុដើមពីបងប្អូនកសិករដែលខំដាំបានក្នុងតម្លៃសមរម្យ។ ការពិតខ្ញុំអាចធ្វើការងារនេះនៅប្រទេសម៉ាឡេស៊ី តែខ្ញុំមិនធ្វើ ព្រោះខ្ញុំស្រឡាញ់ប្រទេសខ្មែរ និងចង់ចូលរួមផ្តល់ឱកាសការងារដល់ពលរដ្ឋយើងផងដែរ»។ នេះជាការលើកឡើងរបស់អ្នកស្រី ឃន សុខចាន់ ក្នុងកម្មវិធី៖ គំនិតថ្មី នៃសារព័ត៌មានថ្មីៗ។

ស្រ្តីដែលមានស្រុកកំណើតនៅខេត្តកណ្តាលរូបនេះ បានបង្កើតផលិតផលឱសថជាអាហារសរីរាង្គចំនួនប្រាំមុខ ផ្សំពីកសិផលធម្មជាតិរួមមាន៖ រមៀតមាស, ម្រុំគ្រាប់, ទឹកខ្ញី, ទឹករុក្ខជាតិសម្រួលដង្ហើម និងស្រ្ពេហ៍ការពារស្បែក។ កសិផល​ដែល​សប្បិកម្ម​អ្នក​ស្រី សុខចាន់ យក​មក​កែច្នៃ ជា​កសិផលសរីរាង្គមក​ពី​សហគមន៍កសិកម្មចំនួន ៣ ក្នុង​ប្រទេស​កម្ពុជា។ ដើម្បី​ផលិត​ឱសថបែបអាហារ​សរីរាង្គឱ្យ​មាន​គុណភាព និង​ការ​ទទួល​ខុស​ត្រូវ ម្ចាស់​សិប្បកម្មរូបនេះ បានសហការផលិតជាមួយអ្នកឯកទេសគីមីចំណីអាហារ វេជ្ជបណ្ឌិត ដែល​មាន​ការ​ទទួលស្គាល់ដោយក្រសួងសុខាភិបាល។


អ្នកស្រី ឃន សុខចាន់ ស្ថបនិកសិប្បកម្មហ្គោលដិនអេក

អ្នកស្រី សុខចាន់ លើក​ឡើង​ថា៖«ខ្ញុំមិនមែនជាគ្រូពេទ្យទេ តែខ្ញុំធ្លាប់ជាស្រ្តីមេផ្ទះ ដែលធ្លាប់មើលថែទាំមនុស្សចាស់នៅបរទេស និងមានបទពិសោធន៍នៅក្នុងមហាវិទ្យាល័យជីវិត ឃើញថាការប្រើប្រាស់អាហារសរីរាង្គ​ ដើម្បីទ្រទ្រង់សុខភាពជំនួសឱសថគីមី គឺពិតជាមានប្រយោជន៍ចំពោះសុខភាពមនុស្សយ៉ាងខ្លាំង»។

បើតាមស្ថាបនិកស្រ្តីរូបនេះ លក្ខណៈខុសគ្នារវាងអាហារសរីរាង្គ និងឱសថ គឺអាហារប្រើសម្រាប់សារធាតុចិញ្ចឹមទ្រទ្រង់រាងកាយប្រចាំថ្ងៃឱ្យមានសុខភាពរឹងមាំលូតលាស់ និងជួយការពារនូវប្រភេទជំងឺផ្សេងបានផងដែរ។ ចំណែកឯ ឱសថ គឺជាសមាសធាតុគីមីដែលមិនមានសមត្ថភាពចិញ្ចឹមរាងកាយទេ តែមានលទ្ធភាពបែបគីមីសាស្រ្ត ដើម្បីព្យាបាលជំងឺ ដែលវាអាចជះឥទ្ធិពលអាក្រក់ទៅថ្ងៃក្រោយ។

តាមរយៈ​លទ្ធផល​ល្អក្នុង​ពេល​បច្ចុប្បន្ន អ្នកស្រី ឃន សុខចាន់ ប្ដេជ្ញាបន្ត​ឆន្ទៈក្នុងការពង្រឹងគុណភាពផលិតផលទាំងនេះបន្ថែមទៀត តាមរយៈការរួបរួមគ្នាជាកម្លាំងរវាងក្រុមការងារ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងស្ថាប័នពាក់ព័ន្ធ ក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ អ្នកស្រី សុខចាន់ មានមហិច្ឆតានាំអាហារបំប៉នសរីរាង្គនេះ ទៅកាន់ទីផ្សារបរទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី ឥណ្តូនេស៊ី និងចិន ព្រោះប្រទេសទាំងនោះ មិននិយមក្នុងការប្រើប្រាស់ឱសថគីមី ឬថ្នាំពេទ្យឡើយ៕
 
 
 
 
 
 
 
 
 
 
 
 
 

 

ព័ត៌មានទាក់ទង