រដូវវស្សាឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាផ្ដល់កូនឈើជាង៥ម៉ឺនដើម ដល់ពលរដ្ឋ

26/08/2021 12:00 pm សៀមរាប


ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ នៅរដូវវស្សាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានចែកកូនឈើដល់ប្រជាពលរដ្ឋមូលដ្ឋាន ព្រះសង្ឃ និងសាធារណៈជនជាង៥ម៉ឺនដើម ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២០ មានការធ្លាក់ចុះជិតពាក់កណ្ដាល។ នេះបើតាមលោកជូរ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន



លោក ជូរ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថានបានប្រាប់សារព័ត៌ថ្មីៗ២៥ថា មូលហេតុដែលអាជ្ញាធរជាតិអប្សរាចែកកូនឈើក្នុងរដូវវស្សានេះតិច ដោយសារបញ្ហានៃការរីករាលដាល់នៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនធំអាក់ខាន់មិនបានមកយកកូនឈើទៅដាំ។ 

« ឆ្នាំនេះដើមរដូវប្រាំងចូលមកលឿនជាងឆ្នាំមុន ដូច្នេះពួកយើងបានចែកកូនមុនមួយខែ គឺចាប់ផ្ដើមពីខែ៥មក ប៉ុន្ដែជាទូទៅគេត្រូវចាប់ផ្ដើមនៅចន្លោះខែមិថុនា ដល់ពាក់កណ្ដាលខែកញ្ញាជារៀងរាល់ឆ្នាំ។ ដ្បិតថាយើងចែកមុនមួយខែ និងមានកូនឈើខ្លះៗបានចែកចាប់ពីខែមករាក្តី តែចំនួនកូនឈើដែលបានចែកទៅនៅថយចុះច្រើន»។ នេះជាការពន្យល់របស់លោក ជូរ៉ាឌីណា។ 



បើតាម លោក ឌីណា ក្នុងឆ្នាំនេះ មិនត្រឹមតែសកម្មភាពនៃការចែកកូនឈើជូនប្រជាពលរដ្ឋថយចុះទេ ប៉ុន្តែចំនួនកូនឈើដែលត្រូវដាំក្នុងឧទ្យានអង្គរក៏ធ្លាក់ចុះដែរ។ « ឆ្នាំនេះសកម្មភាពនៃការចុះដាំកូនឈើមានសភាពស្ងប់ស្ងាត់កម្មវិធីដាំកូនឈើក្នុងឧទ្យានអង្គរមិនអាចរៀបចំបាន។ ដូច្នេះឆ្នាំនេះក្រុមការងារកូនឈើដោយផ្ទាល់នៅក្នុងឧទ្យាអង្គរបាន២ម៉ឺនដើប៉ណ្ណោះ»។ 

អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថានរូបនេះ បញ្ជាក់ថាពេញមួយឆ្នាំនៃរដូវរស្សា២០២០ កូនឈើ១០ម៉ឺនដើមត្រូវបានចែកជូនទៅប្រជាពលរដ្ឋ និងសាធារណៈជន។ ចំណែកឯឆ្នាំនេះវិញ ក្រុមការងារអាជ្ញាធរជាតិអប្សរាទើបចែកកូនឈើចំនួន៥ម៉ឺនដើមប៉ុណ្ណោះដល់សាធារណៈ នេះបើគិតខែកក្កដាឆ្នាំ២០២១៕
   

 

ព័ត៌មានទាក់ទង