មន្ត្រី​ជំនាញ​ជលផល​ឲ្យ​វា​រី​វប្បករ​អនុវត្តតាម​អ្នកជំនាញ ជៀសវាង​ហានិភ័យ​ដល់​ការចិញ្ចឹម ត្រី កង្កែប​

14/10/2020 1:00 pm ត្បូងឃ្មុំ

​ស្របពេល​កម្ពុជា​កំពុង​ទទួលរង​សំពាធ​ទាប​បណ្តាល​ឲ្យ​មាន​របាយ​ទឹកភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា សីតុណ្ហភាព​ចុះ​ត្រជាក់ មេឃ​អួរ​អ័ព្ទ ខ្វះ​ពន្លឺ​ថ្ងៃ និង​បង្ក​ឲ្យ​មាន​ទឹកជំនន់​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម និង​អ្នក​ចិញ្ចឹម​ត្រី កង្កែប​។ មន្ត្រី​ជំនាញ​នៃ​ផ្នែក​ជលផល​នៃ​ខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី កង្កែប ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ណែនាំ​បច្ចេកទេស​ដល់​កសិករ​អំឡុងពេល​មាន​ទឹកជំនន់​។​



«​កាលណា​មេឃ​អួរ​អ័ព្ទ​គ្មាន​ពន្លឺ​ថ្ងៃ រុក្ខជាតិ​ប្លង់តុង​ពុំ​អាចធ្វើ​រស្មី​សំយោគ​បង្កើត​អុកស៊ីសែន ក្នុង​ទឹកស្រះ​បានឡើយ​។ ជាហេតុ​ធ្វើ​ឲ្យ​ទឹកស្រះ​ខ្វះ​អុកស៊ីសែន ត្រី​ពិបាក​ដកដង្ហើម ពិសេស​ត្រី​ស្រកា ដូចជា​ត្រី​ឆ្ពិន ទី​ឡា​ព្យា ត្រី​កាប​ជាដើម​។ សីតុណ្ហភាព​ទឹក​ចុះ​ត្រជាក់ ប៉េហាស់​ទឹក​ក៏​ប្រែប្រួល គួបផ្សំ​ខ្វះ​អុកស៊ីសែន​ផង​នោះ នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​ដំណើរ ការរំលាយ​អាហារ​របស់​ត្រី ការ​សំយោគ​សារធាតុចិញ្ចឹម​ពី​ចំណី​សម្រាប់​ការលូតលាស់​របស់​ត្រី​»​។ នេះ​បើតាម​លោក សេង ប៊ុន​សុង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ត្បូងឃ្មុំ​។​

​មន្ត្រី​ជំនាញ​រូបនេះ​បាន​បន្តថា កាលណា​អុកស៊ីសែន​ក្នុង​ទឹក​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ត្រី​ពិបាក​ដកដង្ហើម មិនសូវ​ស៊ី​ចំណី ស្ត្រេ​ស ចុះខ្សោយ ងាយ​ទទួលរង​នូវ​ការវាយប្រហារ​ពី​ភ្នាក់ងារ​បង្ក​ជំងឺ ជាពិសេស​ពពួក​ត្រី​ប្រា ត្រី​ឆ្តោរ និង​កង្កែប​។ បើតាម​លោក សេង ប៊ុន​សុង សីតុណ្ហភាព​សមស្រប​ស​ម្រា​ប់​ការលូតលាស់​សត្វ​ក្នុង​ទឹក​គឺ​ត្រឹម ២៨​អង្សា​សេ​។ 

​ដើម្បី​បង្ការ​ហានិភ័យ​អំឡុងពេល​អាកាសធាតុ​មិន​អំណោយផល​បែបនេះ ប្រជាកសិករ​គប្បី​អនុវត្តតាម​វិធានការ ដូចជា បន្ថយ​ការផ្តល់​ចំណី និង​បន្ថែម​វីតាមីន​សេ​ក្នុង​ចំណី ក្នុង​បរិមាណ ១​គីឡូក្រាម​វីតាមីន​សេ លើ​ចំណី ៥០០ ទៅ ៧០០​គីឡូ​ក្រា និង​ឲ្យ​ត្រី​ស៊ី​តែ​ពី ២ ទៅ​៣​ដង ក្នុង​មួយ​សប្តាហ៍​។ បន្ទាប់ពី​ភ្លៀង​ធ្លា​ក់រួច ត្រូវ​ប្រើ​អំបិល​គ្រួស​បាច​តាម​មាត់​ស្រះ និង​លាយ​ទឹក​បាច​លើ​ផ្ទៃ​ស្រះ​ក្នុង​បរិមាណ ២០ ទៅ ៣០​គីឡូក្រាម​ក្នុង ១០០​ម៉ែត្រការ៉េ (​ដើម្បី​រក្សា​លំនឹង​ប៉េហាស់​)​។​

​ជាមួយគ្នានេះ ប្រជាកសិករ ត្រូវ​ប្រើ​រហាត់ទឹក ឬ ម៉ាស៊ីនបូមទឹក​បាញ់ ឬ ព្រលែង​ទា ចូលក្នុង​ស្រះ ដើម្បី​បង្កើត​ចរន្តទឹក ធ្វើ​ឲ្យ​ទឹក​មាន​អុកស៊ីសែន​។ ករណី​ត្រី​មាន​ជំងឺ ឬ ពិនិត្យឃើញ​ត្រី​ងាប់ កសិករ​ត្រូវ​ទាក់ទង​បន្ទាន់​ទៅកាន់​មន្ត្រី​ជំនាញ​ជលផល ដើម្បី​ប្រឹក្សា​បច្ចេកទេស​និង​ជួយ​អន្តរាគមន៍​៕

ព័ត៌មានទាក់ទង