ហេតុអ្វីចាំបាច់​ដាក់​សារាយ ក្នុង​អាង​ចិញ្ចឹម​បង្កង និង​ត្រី​?

05/10/2020 2:52 pm ភ្នំពេញ

​សារាយ​ទឹកសាប ត្រូវបាន​ប្រជាកសិករ​ដែល​ចិញ្ចឹម​បង្កង ត្រី កន្ធាយ​ជាដើម ប្រើប្រាស់ ជា​ចំណី​សត្វ​ចិញ្ចឹម​ក្នុង​ទឹក​របស់ខ្លួន​ផង និង​ប្រើ​ជា​ជម្រក​សម្រាប់​សត្វ​ទាំងនោះ​ផង​។ តាម​អ្នកជំនាញ សារាយ មាន​តួនាទី​ជួយ​ឲ្យ​ទឹក​ត្រជាក់ បន្សុទ្ធ​ទឹក ផលិត​អុកស៊ីសែន និង​ថាមពល ដែល​សម្រួល​ដល់​ការរស់នៅ និង​ការលូតលាស់​របស់​សត្វ​រស់នៅក្នុង​ទឹក​។



​សារាយ ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើន​ភាព​ត្រជាក់​នៃ​ទឹក ដើរតួនាទី​ជា​អ្នក​បន្សុទ្ធ​ទឹក និង​ធ្វើ​ឲ្យ​ទឹក​មាន​អុកស៊ីសែន​គ្រប់គ្រាន់​។ វា​ក៏​ផ្នែក​មួយ​ស្រូប​ពន្លឺព្រះអាទិត្យ ដើម្បី​ធ្វើ​រស្មី​សំយោគ ។ លោក នុត សាវ៉ា​ត់ អ្នក​ចិញ្ចឹម​បង្កង​ផ្ទាល់ និង​ជា​អ្នកជំនាញ​ផ្នែក​ជលផល និង​ផ្នែក​អភិរក្ស​ជីវចម្រុះ ប្រាប់ ThmeyThmey25​ថា សារាយ​ជា​ចំណី​ធម្មជាតិ​មួយ​ប្រភេទ សម្រាប់​បង្កង និង​សត្វ​ក្នុង​ទឹក​ដទៃទៀត ហើយ​វា​ក៏ត្រូវ​បាន​អ្នក​ចិញ្ចឹមសត្វ​ក្នុង​ទឹក​ភាគច្រើន ប្រើប្រាស់​សម្រាប់​ជា​ចំណី និង​ជម្រក​សម្រាប់​សត្វ​ចិញ្ចឹម​ក្នុង​ទឹក​របស់ខ្លួន​។ 



បុរស​វ័យ ៣០​ឆ្នាំ​រូបនេះ​បានបញ្ជាក់​តៀតថា ចំពោះ​ការចិញ្ចឹម​បង្កង ឬ​ចិញ្ចឹម​ត្រី​នោះ គេ​អាច​មិន​ដាក់​សារាយ​ក៏បាន​ដែរ​។ ប៉ុន្តែ​ដោយសារ​សារាយ​សម្បូរ​នៅតាម​ស្ទឹង បឹងបួរ ដូច្នេះ​កសិករ​ផ្នែក​វារីវប្បកម្ម មិនចាំបាច់​លំបាក​ក្នុងការ​ស្វែងរក​។ ទើបតែ​ចិញ្ចឹម​បង្កង​ជាង​មួយឆ្នាំ​ពិតមែន តែ​លោក សាវ៉ា​ត់ មានបទពិសោធន៍ និង​ជំនាញ​ផ្នែក​វារីវប្បកម្ម​លោក​បាន​លើកឡើងថា​៖ «​សារាយ​ជា​ចំណី​ធម្មជាតិ​របស់​បង្កង ពិសេស​វា​ល្អ​សម្រាប់​កូន​បង្កង និង​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​ទឹក​ត្រជាក់​។ ការដាក់​សារាយ​ក្នុង​អាង​ចិញ្ចឹម​បង្កង ធ្វើ​ឲ្យ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ចំណី​ផ្សេងៗ​ទៀត ម្យ៉ាង​ក៏​ជា​ជម្រក​សម្រាប់​បង្កង​លាក់ខ្លួន​»​។​

​លោក នុត សាវ៉ា​ត់ ឲ្យ​ដឹង​តៀតថា សារាយ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​នៅ​កម្ពុជា​មិនទាន់មាន​ការសិក្សា និង​ស្រាវជ្រាវ​លម្អិត​ពី​ឈ្មោះ​សារាយ​នោះទេ​។   ដូច្នេះ​មិនអាច​កំណត់​បាន​ពី​ឈ្មោះ​របស់​វា​ឡើយ គ្រាន់តែ​ដឹងថា វា​ជា​ប្រភេទ​សារាយ​ទឹកសាប ហើយ​ត្រូវបាន​គេ​ហៅ​ទៅតាម​តំបន់​ដូចជា​សារាយ​កន្ទុយឆ្កែ សារាយ​ស្លឹក​ស្រួយ​ជាដើម​។ 

​ដោយឡែក​អ្នកស្រី បេង ជុ​យ​ស៊ាន ជា​វប្បករ​មួយរូប​ដែល​ចិញ្ចឹម បង្កង និង​កន្ធាយ នៅ​ភូមិរ​កាយា ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។ អ្នកស្រី​បានចាប់ផ្ដើម​ចិញ្ចឹម​បង្កង និង​កន្ធាយ ជាង​មួយឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ស្ត្រី​វ័យ ៣២​ឆ្នាំ​រូបនេះ បាន​យល់ដឹង​យ៉ាងច្បាស់ ពី​អត្ថប្រយោជន៍​សារាយ ចំពោះ​ការចិញ្ចឹម​បង្កង និង​ផ្នែក​វារីវប្បកម្ម​។ 

​ក្រៅពី​ប្រើ​សារាយ​សម្រាប់​ចិញ្ចឹម បង្កង និង​កន្ធាយ របស់ខ្លួន អ្នកស្រី​បាន​ឆ្លៀតពេល​ទំនេរ ដើម្បី​ទៅ​ដង​សារាយ​ពី​ស្ទឹង ដែល​ជិត​ផ្ទះ យកមក​លក់​ឲ្យ​អ្នក​ចិញ្ចឹម​បង្កង ត្រី និង​កន្ធាយ ផ្សេងទៀត​ដែរ​។ 

​អ្នកស្រី​បាន​ប្រាប់​ThmeyThmey25 ថា​ក្រៅពី​ប្រើប្រាស់​សម្រាប់​ខ្លួនឯង ក្នុង​វិស័យ​វារីវប្បកម្ម អ្នកស្រី អាច​លក់​សារាយ​បាន​ក្នុងតម្លៃ ៤ ០០០​រៀល ក្នុង​មួយ​គីឡូ ដែល​វា​ជា​ចំណូល​ផ្សំ​សម្រាប់​អ្នកស្រី បន្ថែម​ពី​ការលក់​កូន​កន្ធាយ និង​កូន​បង្កង​។ អ្នកស្រី បានបង្ហាញ​ពី​មូល​ហេតុដែល​អ្នកស្រី​យក​សារាយ​ដាក់​ក្នុង​អាង​ចិញ្ចឹម​បង្កង និង​កន្ធាយ គឺ​ដើម្បី​ដាក់​ជា​ចំណី​បង្កង និង​កន្ធាយ ម្យ៉ាង​អាចធ្វើ​ជា​ជម្រក​ដល់​បង្កង និង​សត្វ​ក្នុង​ទឹក​ផងដែរ​៕

ព័ត៌មានទាក់ទង