តំបន់​មាត់សមុទ្រ នឹង​បន្ត​មាន​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២៤-២៧

22/09/2020 10:00 am ភ្នំពេញ

​ភ្នំពេញ​៖ ស្ថានភាព​អាកាសធាតុ នឹងមាន​ការ​ប្រែ​ប្រូ​ល ដោយសារ​ជ្រលង​សម្ពាធ​ទាប នឹង​អូសបន្លាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ខណៈ​បណ្ដា​ខេត្ត​នៅ​តំបន់​សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ នៅ​ថ្ងៃទី​២៤-២៧ ខែកញ្ញា តំបន់​មាត់សមុទ្រ​អាច​នឹងមាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។​



​ការព្យាករ​អាកាសធាតុ​នេះ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​២៣-២៩ ខែកញ្ញា នេះ ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ ចំណែកឯ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​វិញ ភ្លៀង​អាច​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ដូចគ្នា ហើយ​មាន​លាយឡំ​ជាមួយនឹង​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ទៀតផង​។​ដោយឡែក​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​វិញ ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ដែរ ប៉ុន្តែ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។  

​ក្រសួង​ធនធានទឹក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​វាលទំនាប​កណ្ដាល មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ខ្យល់​កន្ត្រាក់ ផ្គរ និង​រន្ទះ ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​៕


ព័ត៌មានទាក់ទង