«​ការ​ស្គាល់​ខ្លួនឯង​តាមរយៈ​ទស្សនវិទូ​» (ភាគ១)

14/09/2020 2:30 pm ភ្នំពេញ

ទស្សនវិទូ​បាន​ចំណាយពេល​អស់​រាប់ពាន់​ឆ្នាំ​មកហើយ​ក្នុងការ​ស្វែងរក​ការ​ស្គាល់​ខ្លួនឯង​។ តើ​ខ្ញុំ​ជា​នរណា​? ធ្វើ​យ៉ាងម៉េច​ទើប​ស្គាល់​ខ្លួនឯង​? ហេតុអ្វី​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង​? ស្គាល់​ខ្លួនឯង​ទៅបាន​ប្រយោជន៍​អ្វីខ្លះ​? ហេតុផល​ក្នុងការ​ស្គាល់​ខ្លួនឯង​គឺ ងាយស្រួល​គ្រប់គ្រង​ខ្លួនឯង រក​សុភមង្គល​ឲ្យ​ខ្លួនឯង និង​ងាយ​ផ្តល់នូវ​អត្ថន័យ​ជីវិត​ដល់​ខ្លួនឯង ព្រោះថា​តម្លៃ​របស់​មនុស្ស​មិន​ស្ថិតនៅ​ត្រឹមតែ​ការ​រស់​ដូច​សត្វ​ប៉ុណ្ណោះ​ទេ ។ ទស្សនវិទូ អា​រី​ស្តូ​ត យល់ថា​ការ​ស្គាល់​ខ្លួនឯង គឺជា​ចំណុច​ចាប់ផ្តើម​នៃ​គតិបណ្ឌិត ។ ដូច្នេះ​ដើម្បី​ស្គាល់​ខ្លួនឯង អ្នក​គួរ​ពិចារណា​១៧​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​នេះ​៖



១.​    ​ស្វែងយល់​ពី​តម្រូវការ​របស់​រាងកាយ​៖ មនុស្ស​ទាំងអស់​អាចរ​ស់​នៅបាន​ដោយសារ អាហារ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង ត្រឹមតែ​អាហារ មិន​គ្រប់គ្រាន់​នោះទេ មនុស្ស​ចាំបាច់​ត្រូវការ​អាហារ​មាន​ជីវជាតិ មាន​អនាម័យ និង​មាន​វីតាមីន​គ្រប់គ្រាន់ ជាដើម ។ ប៉ុន្តែ​អ្វីដែល​រឹតតែ​សំខាន់​ទៀត​នោះ​គឺ បរិមាណ​នៃ​ការ​ញ៉ាំ​អាហារ​នោះ ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បរិមាណ​សមល្មម​នៃ​សព៌ាង្គកាយ​របស់​មនុស្ស​ម្នាក់ៗ ដូច្នេះ​ដើម្បី​ស្គាល់​ខ្លួនឯង​អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ពីមុខ​ងារ​នៃ​សរីរាង្គ​នីមួយៗ នៅក្នុង​ខ្លួន​របស់​អ្នក​ជាមុនសិន ។ 

២.​    ​ស្វែងយល់​ពី​ចរិត​ខ្លួនឯង​៖ ចរិត គឺជា​ការប្រព្រឹត្ត ជា​កិរិយាមារយាទ ជា​ឫកពាជា​បែបបទ​។ ពាក្យ​សំខាន់ៗ​សម្រាប់​ពណ៌នា​អំពី​ចរិត​រួមមាន សុភាពរាបសារ ទន់ភ្លន់ ហ្មត់ចត់ រឹងមាំ យកចិត្តទុកដាក់ ស្ងប់ស្ងាត់ ដាក់ខ្លួន ឆ្មើងឆ្មៃ ចិត្ត​ទូលាយ ចិត្តចង្អៀត ស្មោះត្រង់ កោងកាច ខ្ជីខ្ជា ជាដើម ។ ក្នុង​ទស្សនវិជ្ជា ចរិត គឺជា​ទម្លាប់​នៃ​ទង្វើ​របស់    មនុស្ស​។ មនុស្ស​ល្អ​ឬ​មិនល្អ ជោគជ័យ​ឬ​បរាជ័យ​អាស្រ័យ​លើ​ចរិត រហូតដល់​មាន ទស្សនវិទូ​ម្នាក់​ឈ្មោះ ហេ​រ៉ា លី​ទូ​ស ពោលថា “​វាសនា​របស់​អ្នក អាស្រ័យ​លើ​ចរិត​របស់​អ្នក​” ។ ដូច្នេះ​អ្នក​គប្បី​ស្វែងយល់​ពី​ចរិត​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ ទើប​អ្នក​អាច​ស្គាល់​ខ្លួនឯង​កាន់តែច្បាស់ ។

៣.​    ​រក​ឲ្យ​ឃើញ​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់​៖ ហេតុផល គឺជា​ទាសករ​របស់​សេចក្តីស្រឡាញ់ នេះ​ជាការ​លើកឡើង​របស់​ទ​ស្សន​វិទូ ដេ វី​ឌ​យ៉ូ​ម ។ ដូច្នេះ​សេចក្តីស្រឡាញ់ គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការបញ្ជា​ខ្លួន​របស់​អ្នក ។ បើ​គិត​មួយ​ភ្លែត​ទៅ ដូចជា​គ្មានអ្វី​លំបាក​នោះទេ គ្រាន់តែ​អ្វីដែល​ខ្លួន​ស្រឡាញ់ អ្នកណា​មិនដឹងថា​ខ្លួនឯង​ស្រឡាញ់​ពណ៌​អ្វី    ខ្លួនឯង​ស្រឡាញ់​កីឡា​អ្វី ខ្លួនឯង​ស្រឡាញ់​បទ​ចម្រៀង​របស់​អ្នកណា ប៉ុន្តែ​ការដឹង​បែបនេះ​នៅ​មិនទាន់​ពេញលេញ​នៅឡើយ​នោះទេ ព្រោះ​វា​ត្រឹមតែ​ជា​ចំណង់​ចំណូលចិត្តខ្លីៗ​ប៉ុណ្ណោះ ប៉ុន្តែ​សេចក្តីស្រឡាញ់​គឺ​លើសពីនេះ ។ សេចក្តីស្រឡាញ់​ក្នុង​ទីនេះ សំដៅយក​ការស្រឡាញ់​អ្វីមួយ ឬ​នរណាម្នាក់​ដែល​មិន​ប្រែប្រួល ឬ​មិន​ងាយ​នឹង​ប្រែប្រួល ។ ជាក់ស្តែង​ទស្សនវិទូ សូ​ក្រា​ត ស្រឡាញ់​សច្ចធម៌​មិន​ប្រែប្រួល​ដោយ​ប្រកាន់​គោលជំហរ​របស់ខ្លួន ទោះបីជា​ត្រូវគេ​កាត់ទោស​ប្រហារជីវិត​ក៏ដោយ ។ 



៤.​    ​ស្វែងរក​ទស្សនវិទូ​មក​ធ្វើជា​គំរូ​៖ មុននឹង​ស្គាល់​ខ្លួនឯង​ជា​នរណា អ្នក​លំបាក​នឹង​ឆ្លង​ផុតពី​ការជ្រើសរើស​យក អ្នកមាន​គតិបណ្ឌិត​ម​ក​សិក្សា​រៀនសូត្រ​អំពី​ជីវិត​របស់គាត់ ។     តើ​ចរិត​របស់​ពួកគាត់​បែបណា​? គាត់​ចង់បាន​អ្វី​ពី​ជីវិត​? គោលដៅ​នៃ​ជីវិត​របស់គាត់​មាន​អ្វីខ្លះ​? តម្លៃ​ជីវិត​របស់គាត់​ជា​អ្វី​? គាត់​សម្រេចបាន​សម​ទ្ធិ​ផល​អ្វីខ្លះ​នៅក្នុង​ជីវិត​? ឧទាហរណ៍ មហា​ត្មៈ​គ​ន្ធី​ឲ្យ​តម្លៃ​លើ​អហិង្សា ហេតុដូច្នេះ​បានជា​លោក​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ដោយ​អហិង្សា ។ ទស្សនវិទូ ផ្លា​តូ បាន​បង្កើត​សាកលវិទ្យាល័យ​ដំបូង​គេ​បង្អស់​នៅ​លោកខាងលិច ។ ដូច្នេះ​អ្នក​គប្បី​ស្វែងយល់​ពី​ប្រវត្តិ និង​ទស្សនៈ​របស់គាត់​ម្នាក់ៗ ដើម្បី​យកមក​ឆ្លុះបញ្ចាំង​ក្នុងការ​ស្វែងរក​ខ្លួនឯង ។ 

៥.​    ​ស្វែងរក​ទេពកោសល្យ​របស់​អ្នក​ឲ្យ​ឃើញ​៖ ទេពកោសល្យ គឺជា​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​ពី​ធម្មជាតិ​ដោយ​មិនចាំបាច់​បង្រៀន ។ ការស្វែងរក​ទេពកោសល្យ​ក្នុងន័យនេះ សំដៅយក​ការស្វែងរក​ភាពខ្លាំង​បំផុត​នៅក្នុង​ខ្លួន​របស់​អ្នក ។ អ្នកខ្លះ​ពូកែ​វិភាគ អ្នកខ្លះ​ពូកែ​យល់​ពី​អ្នកដទៃ អ្នកខ្លះ​ពូកែ​ស្រមើស្រមៃ​ជា​រូបភាព អ្នកខ្លះ​ពូកែ​ដោះស្រាយ​បញ្ហាជាដើម ។ សូម្បីតែ​ទស្សនវិទូ​ក៏​ត្រូវការ​ទេពកោសល្យ ដើម្បី​ដឹកនាំ​ជីវិត​របស់ខ្លួន​ដែរ ជាក់ស្តែង សូ​ក្រា​ត ពោលថា “​ទស្សនវិទូ ប្រើប្រាស់ ទេពកោសល្យ​ពី​កំណើត​ដើម្បី​ជា​យុទ្ធសាស្ត្រ​សម្រេច​គោលដៅ​” ។  ទេពកោសល្យ​របស់ សូ​ក្រា​ត គឺ​ពូកែ​ចោទសួរ ទេព​កោ​ល​ស្យ​របស់ ស៊ុន​ហ្សឺ គឺ​ពូកែ​ខាង​យុទ្ធសាស្ត្រ ទេពកោសល្យ​របស់ ផ្លា​តូ គឺ​ពូកែ​ខាង​បង្កើត​អ្វីៗ​ដែល​ថ្មី ទេពកោសល្យ​របស់​ព្រះ​មហោសថ​គឺ​ពូកែ​ដោះស្រាយ បញ្ហា ។ ចុះ​ទេពកោសល្យ​របស់​អ្នក​គឺជា​អ្វី​?

៦.​    ​ជ្រើសរើស​ជំនាញ​សិក្សា​ដែល​ស័ក្តិសម​នឹង​អ្នក ៖ ជំនាញ​សិក្សា​ពិតជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ​នៃ​ជីវិត ព្រោះ​វា​នឹង​បង្ហាញ​នូវ​រូបភាព​របស់​អ្នក​នៅ​ថ្ងៃ​អនាគត អ្នកនឹង​រស់នៅ ជាមួយ​វា​ស្ទើរ​ពេញ​មួយជីវិត ។ បើ​អ្នក​ចង់​ជ្រើសរើស​ជំនាញ​ទស្សនវិជ្ជា ចូរ​សួរ​ខ្លួនឯង​ដូចខាងក្រោម​នេះ​៖ 
 ​ហេតុអ្វី​បានជា​អ្នក​ចង់​សិក្សា​ទស្សនវិជ្ជា​?
 តើ​ទស្សនវិជ្ជា​សិក្សា​ពីអ្វី​ខ្លះ​?
 តើ​ធម្មជាតិ​នៃ​ទស្សនវិជ្ជា​ស័ក្តិសម​នឹង​ចរិត​របស់​អ្នក​ឬ​អត់​?
 តើ​ទស្សនវិជ្ជា​រៀន​ចប់​ទៅ​អាចធ្វើ​ការងារ​អ្វី​បាន​ខ្លះ​? 
​ជំនាញ​ខ្លះ​ដែល​អ្នក​គួរ​ពិចារណា​ដើម្បី​ស្វែងរក​ខ្លួនឯង​មានដូចជា ទស្សនវិជ្ជា ចិត្ត​វិទ្យា សង្គមវិទ្យា ច្បាប់ គ្រប់គ្រង​ជាដើម ។​



៧.​    ​ស្វែងរក​អាជីព​-​ការងារ​ដ៏​ស័ក្តិសម​៖ ក្រោយពេល​មាន​ជំនាញ​ណាមួយ ការងារ​ពិតជា​ដើរតួនាទី​សំខាន់​ជាង​ជំនាញ​សិក្សា​ទៅទៀត ព្រោះ​វា​គឺជា​មុខងារ​ដ៏​ចម្បង​របស់​មនុស្ស ដូច្នេះ​មុននឹង​ជ្រើសរើស​ការងារ​ណាមួយ អ្នក​គប្បី​សួរ​សំណួរ​ខ្លះៗ​ជាមុនសិន​៖
 ​តើ​ការងារ​នោះ​ត្រូវការ​លក្ខណសម្បត្តិ​អ្វីខ្លះ​? 
 តើ​ការងារ​នោះ​មានការ​ទទួលខុសត្រូវ​អ្វីខ្លះ​?
 តើ​លទ្ធភាព​និង​សមត្ថភាព​របស់​អ្នក​ស័ក្តិសម​នឹង​ការងារ​នោះ​ឬ​អត់​? 
 ​តើ​ចរិត​របស់​អ្នក​ស្រប​ជាមួយនឹង​ធម្មជាតិ​នៃ​ការងារ​នោះ​ឬ​អត់​? 
​ បើ​អ្នក​កំពុងតែធ្វើការ​ងារ​អ្នក​គួរ​គប្បី​ពិនិត្យឡើងវិញ​ថា​៖ 
 ​តើ​អ្នក​សប្បាយចិត្ត​ជាមួយនឹង​ការងារ​របស់​អ្នក​ឬ​អត់​?
 តើ​អ្នក​កំពុងធ្វើការ​ងារ​នេះ​ដើម្បី​អ្វី​?
 ​តើ​ការងារ​ដែល​អ្នក​កំពុងតែ​ធ្វើ​នេះ​ស្រប​ជាមួយនឹង​គោលដៅ​នៃ​ជីវិត​ឬ​អត់​? 
“​ទស្សនវិទូ ខុង ជឺ បាន​ពោលថា ការជ្រើសរើស​ការងារ​ណា​ដែល​ខ្លួន​ស្រឡាញ់        អ្នកនឹង​គ្មាន​អារម្មណ៍​ថា នឿយហត់​ឡើយ​” ។ ដូច្នេះ​ដើម្បី​ស្វែងរក​ការងារ​ដ៏​ល្អ​មួយ អ្នក​គប្បី​ស្វែងរក​ទិញ​សៀវភៅ​អំពី​ការជ្រើសរើស​ជំនាញ​សិក្សា ឬ​អាជីព​-​ការងារ ឬក៏​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ក៏បាន ។​

៨.     ​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អ្នក​ឲ្យ​បានជា​ប្រចាំ​៖ មនុស្ស​រស់នៅ ជាមួយនឹង​ខ្លួនឯង បើ​មិន​ស្វែងយល់​ពី​ខ្លួនឯង មិន​យល់​ពី​ខ្លួនឯង តើ​ឲ្យ​អ្នកណា​មក​ស្គាល់​ពី​ខ្លួនឯង​? ស៊ុន ហ្សឺ ពោលថា ស្គាល់​ខ្លួនឯង ស្គាល់​សត្រូវ បើ​អ្នក​ច្បាំង ១០០​ដង អ្នកនឹង​ទទួលបាន​នូវ​ជ័យជម្នះ ១០០​ដង ។ ចំណុចខ្លាំង​របស់​ទស្ស​ន​វិទូ សូ​ក្រា​ត គឺ​ពូកែ​វោហា​សាស្ត្រ និង​ពូកែ​ចោទសួរ ចំណុចខ្សោយ​របស់គាត់​គឺ​មិនសូវមាន       ទ្រព្យធន ។ ជាក់ស្តែង​មុនពេល​គាត់​ស្លាប់ គាត់​បាន​យក​មាន់​ដែល​គាត់​ចិញ្ចឹម​ទៅ​សងបំណុល​ដែល​គាត់​ជំពាក់​គេ ។ ដូច្នេះ​យើង​គប្បី​ដឹង​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ របស់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ទើប​ឈ្មោះថា ស្គាល់​ខ្លួនឯង ។​

អត្ថបទដោយ ឈុន សំណាង អ្នករៀបរៀងសៀវភៅ ប្រជុំទ្រឹស្តីទស្សនវិទូល្បីៗ៕

​អត្ថបទ​ពាណិជ្ជកម្ម​

ព័ត៌មានទាក់ទង