លោក សុខ ធី ច្នៃ​សំណល់​ប្លា​ស្ទិ​ក ធ្វើជា​ឥដ្ឋ ដើម្បី​ចូលរួម​ជួយ​ដល់​បរិស្ថាន​

14/08/2020 4:15 pm កណ្តាល

​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក និង​បញ្ចៀស​ផលប៉ះពាល់​ទៅលើ​បរិស្ថាន លោក សុខ​ធី បាន​បង្កើត​សហគ្រាស​ផលិត​ឥដ្ឋ នៅក្នុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដោយ​ប្រើប្រាស់​សំណល់​ប្លា​ស្ទិ​ក​ក្នុង​សហគមន៍​យកមក​ធ្វើជា​វត្ថុធាតុដើម​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ​។​



​លោក សុខ ធី បាន​ទៅ​សិក្សា​បច្ចេកទេស​ផលិត​ឥដ្ឋ​នេះ នៅតាម​បណ្ដា​ប្រទេសមួយ​ចំនួន​ដូចជា ម៉ាឡេស៊ី ឥណ្ឌា ថៃ ចិន និង​ហ្វីលីពីន មុននឹង​សម្រេចចិត្ត​មក​បើក​សហគ្រាស នៅ​ឆ្នាំ​២០១៩ ដោយ​ដាក់ឈ្មោះ​ឥដ្ឋ​នេះ​ថា «​ឥដ្ឋ​អេកូ ឬ​ឥដ្ឋ​បរិស្ថាន​»​។ លោក សុខ ធី បន្តថា សហគ្រាស​របស់លោក មានការ​សហការ​ជាមួយនឹង​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ប្រមូល​ថង់​ប្លា​ស្ទិ​ក កញ្ចប់​មី និង​សំណល់​ប្លា​ស្ទិ​ក​ផ្សេងៗ​ទៀត នៅតាម​សហគមន៍ ដើម្បី​យកមក​ផលិត​ជា​ឥដ្ឋ​បរិស្ថាន​នេះ​។ 

​ម្ចាស់​សហគ្រាស​ផលិត​ឥដ្ឋ​បរិស្ថាន​នេះ បាន​បញ្ជាក់ថា ឥដ្ឋ​ដែល​ផលិត​ចេញពី​សំណល់​ប្លា​ស្ទិ​ក​នេះ មាន​គេ​ស្គាល់​ច្រើន និង​បញ្ជា​ទិញ​ជា​ហូរហែ ដោយ​ពួកគាត់ គាំទ្រ​ចំពោះ​គំនិត​ច្នៃប្រឌិត ក្នុង​ការជួយ​ដល់​បរិស្ថាន​។ បច្ចុប្បន្ននេះ សហគ្រាស​របស់លោក មិនទាន់មាន​សមត្ថភាព​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បាន​នៅឡើយ​នោះទេ ព្រោះ​ចង្វាក់​ផលិតកម្ម​នៅមាន​ទំហំ​តូច ដោយ​ក្នុង​មួយថ្ងៃ​សហគ្រាស​នេះ អាច​ផលិត​ឥដ្ឋ​បាន​ចន្លោះ​ពី​១០០​ទៅ​២០០​ដុំ​តែប៉ុណ្ណោះ​។​

​ក្រៅតែពី​ផលិត​ឥដ្ឋ លោក សុខ ធី ក៏មាន​គម្រោង​ផលិត​សម្ភារ​សំណង់​ផ្សេងៗ​ទៀត​ដូចជា ក្បឿង និង​ឥដ្ឋការ៉ូ​ចេញពី​សំណល់​ប្លា​ស្ទិ​ក​ដូចគ្នា​ដែរ​។ ប៉ុន្តែ​ដើម្បី​ធ្វើបែបនេះ​បាន លោក​ត្រូវការ​ដើមទុន​ច្រើន និង​ត្រូវ​ការទិញ​ម៉ាស៊ីន​កែច្នៃ​ធុន​ធំៗ​៕

ព័ត៌មានទាក់ទង