«​ខ្លាឃ្មុំ​ធំ​» ដេក​ថ្ងៃ​នៅតាម​ប្រហោង​គល់ឈើ​ធំៗ​, រូងភ្នំ និង​ក្រហែង​ថ្ម​!

23/12/2022 4:30 pm ភ្នំពេញ

«​ខ្លាឃ្មុំ​ធំ​» ត្រូវបាន​ថយចុះ​ដោយសារ​ការបាត់បង់​ទីជម្រក ការខ្វះខាត​ទីតាំង​រក​ចំណី និង​ការ​បរបាញ់​ដើម្បី​យក​សំណាក​ធ្វើ​អាជីវកម្ម​។ «​ខ្លាឃ្មុំ​ធំ​»  វា​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ស្តីពី​ព្រៃឈើ និង​បាន​ចុះបញ្ជី​ក្រហម​អង្គការ IUCN ថា​ជា​ប្រភេទ​រងគ្រោះ​។​



​នៅ​កម្ពុជា     ​«​ខ្លាឃ្មុំ​ធំ​» រស់នៅ​តាម​ទីជម្រក​សមស្រប​ប្រភេទ​ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​។ សត្វ​ប្រភេទ​នេះ​ក៏​ឃើញ​មាន​ផងដែរ​នៅ​ប្រទេស ឡាវ ភូមា ថៃ​ភាគ​ខាងជើង និង​ប៉ា​គី​ស្ថាន​។ លក្ខណៈ​ជីវសាស្ត្រ «​ខ្លាឃ្មុំ​ធំ​» ចូលចិត្ត​រស់នៅ​តាម​ទីជម្រក​តំបន់​ខ្ពង់រាប តំបន់​ព្រៃ​ពាក់កណ្តាល​ស្រោង និង​វាលស្មៅ​ក្រាស់ៗ ហើយ​ជាទូទៅ សត្វ​ប្រភេទ​នេះ​ដេក​នៅពេល​ថ្ងៃ​នៅតាម​ប្រហោង​គល់ឈើ​ធំៗ រូងភ្នំ និង​ក្រហែង​ថ្ម​ជាដើម​។ នេះ​បើតាម​សៀវភៅ​ថនិកសត្វ​កម្ពុជា​។​

«​ខ្លាឃ្មុំ​ធំ​» ចេញ​រកស៊ី​នៅពេល​យប់ ប៉ុន្តែ​មានពេលខ្លះ​រកស៊ី​ពេល​ថ្ងៃ​ផងដែរ​នៅ​រដូវ​ផ្លែឈើ​ទុំ​។ ចំណីអាហារ​របស់ «​ខ្លាឃ្មុំ​ធំ​» មានដូចជា ឃ្មុំ​, ព្រួត​, ឫស​ឈើ​, សត្វល្អិត និង​រុក្ខជាតិ​។ «​ខ្លាឃ្មុំ​ធំ​» មាន​លក្ខណៈ​បន្ស៊ាំ​ទៅនឹង​ចំណី​ផ្សេងៗ ប៉ុន្តែ​ចំពោះ​ខ្លាឃ្មុំ​ដែល​ចិញ្ចឹម​នៅក្នុង​សួនសត្វ​វា​ស៊ី​ចំណី​ដូចជា បបរសណ្តែក បន្លែ ត្រី សាច់​ឆៅ ដូង​។​ល​។​

​ការបន្ត​ពូជ​របស់​«​ខ្លាឃ្មុំ​ធំ​» ខ្លាឃ្មុំ​ធំ​ញី​បង្កើតកូន​ម្តង​បាន ១-២​ក្បាល បន្ទាប់ពី​ពពោះ​រយៈពេល ៧-៨​ខែ ជួនកាល​មានកូន​រហូតដល់ ៣-៤​ក្បាល ប៉ុន្តែ​ចំនួន​នេះ​កម្រ​នឹងមាន​ណាស់​។ កូន​រស់នៅ​ជាមួយ​មេ​រហូតដល់​អាយុ​៣​ឆ្នាំ និង​ជួនកាល​រហូត ដល់​មេ​រប​ស់វា​មានកូន​បន្ទាប់​មួយទៀត​។ វា​ជា​ប្រភេទ​សត្វ​រស់នៅ​ឯកឯង ប៉ុន្តែ​វា​រស់នៅ​ជា​គូ​ពេល​រដូវ​បន្ត​ពូជ​តែប៉ុណ្ណោះ​។​

​ភិនភាគ​របស់​ខ្លាឃ្មុំ​ធំ មាន​មាឌធំ​ជាងគេ​ក្នុងចំណោម​ប្រភេទ​ខ្លាឃ្មុំ​ទាំងអស់ ដែលមាន​ដងខ្លួន​គ្របដណ្តប់​ដោយ​រោម​ក្រា​ស់វែងៗ​ពណ៌​ត្នោត និង​មាន​ឆ្នូត​ពណ៌​លឿងខ្ចី​រាង​ដូច​អក្សរ​វេ (V) នៅ​ខាងក្រោម​ករប​ស់វា​។ ស្លឹកត្រចៀក​របស់​វា​មាន​ទំហំ​ធំ​ជាង​ខ្លាឃ្មុំ​តូច និង​មាន​ប្រវែង​ក្បាល​-​ដងខ្លួន​ពី ១២០០-១៥០០​ម​.​ម ជា​មធ្យម​សត្វ​ឈ្មោល​មាន​ទម្ងន់​ពី ១១០-១៥០​គ​.​ក រីឯ​ញី​វិញ​មាន​ទម្ងន់​ពី ៥៦-៩០​គ​.​ក​។ 

​ចំណែកឯ​ប្រអប់ជើង​របស់​វា​មាន​ទំរង់​ស្រដៀង​ទៅនឹង​ប្រអប់ជើង​របស់​មនុស្ស​ដែរ​។ ប្រភព​នៃ​ឯកសារ​សត្វ​នេះ សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ឆ្នាំ​២០០៨៕

ព័ត៌មានទាក់ទង