មេភូមិបង្កោងចង់ឱ្យយុវជនជំនាន់ក្រោយអភិរក្សពិធីចាប់ត្រីដែលជាប្រពៃណីបន្សល់ពីដូនតាមក
សៀមរាប៖ ពិធីបុណ្យចាប់ត្រី គឺជាទំនៀមមួយរបស់អ្នកភូមិបង្កោង សង្កាត់អំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកភូមិតែងរៀបចំពិធីនេះនៅថ្ងៃ១កើត ខែមាឃ ដើម្បីចុះចាប់ត្រីរួមគ្នានៅក្នុងភូមិដ៏ធំមួយ។ ត្រីដែលបាន ប្រជាពលរដ្ឋយកទៅបរិភោគរៀងៗខ្លួននិងទុកខ្លះដើម្បីធ្វើទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃនៅថ្ងៃ ៣កើត ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៧ មករា។ អ្នកភូមិធ្វើពិធីនេះនៅសាលាឆទាន ដោយយកនំបញ្ចុក ភេសជ្ជៈរៀងៗខ្លួនក្នុងកិច្ចពិធីដែលជាទំនៀមពីបុរាណនេះ។
មេភូមិបង្កោង លោក ពេជ្រ ឃិន ដែលដឹកនាំរៀបចំពិធីនេះប្រាប់ថា ពិធីនេះបង្ហាញពីសាមគ្គីភាពរបស់អ្នកភូមិដែលមានតាំងពីដូនតាមក។ ក្នុងនាមជាចាស់ព្រឹទ្ធិចារ្យ លោកមេភូមិបង្កោងក៏បារម្ភពីការបាត់បង់ទំនៀមនេះដែរ និងចង់ឱ្យយុវជនជំនាន់ក្រោយ បន្តអភិរក្សពិធីនេះទុកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ពេជ្រ ឃិន មេភូមិបង្កោងក្នុងពិធីចាប់ត្រីនាព្រឹកព្រលឹមថ្ងៃទី២៥ មករា ឆ្នាំ២០២០ ដូចតទៅ
**audio2**
គួរបញ្ជាក់ថា ពិធីចាប់ត្រីនៅឆ្នាំនេះមានអ្នកចូលរួមប្រមាណ៥០០នាក់ ដែលសុទ្ធសឹងជាអ្នកភូមិបង្កោង និងមិនអនុញ្ញាតឱ្យអ្នកភូមិផ្សេងចូលរួមឡើយ។ ពិធីនេះអនុញ្ញាតឱ្យប្រើប្រាស់តែឧបករណ៍នេសាទបែបបុរាណតែប៉ុណ្ណោះមានដូចជា អង្រុត សំណាញ់ និងឈ្នាងជាដើម។ ពិធីនេះចាប់ផ្តើមនៅម៉ោង៧ព្រឹក ដោយប្រើសំឡេងកាំជ្រួញជាសញ្ញានៃការចាប់ផ្តើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com