ទឹកឡើងខុសរដូវ ផ្តាច់ស្ពានឫស្សីកោះប៉ែន

លោក ម៉ៅ ហាក់ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា កម្ពស់ទឹកនេះកើនឡើងដោយសារ មានភ្លៀងធ្លាក់ខ្លាំងនៅក្រុងលួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី៧-១៣ មករា ឆ្នាំ២០១៩ បានហូរធា្លក់មក កម្ពុជា។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey តាមទូរសព្ទ លោក ម៉ៅ ហាក់ ពន្យល់ថា៖ «ធម្មតាទេ នៅពេលមានប្រទេសជិតខាងជួបប្រទះបាតុភូតធម្មជាតិ ដូចជា ព្យុះ និងភ្លៀង កម្ពុជាតែងតែរងឥទ្ធិពលទាំងហើយ។ ជាក់ស្តែង ភ្លៀងដែលកើតឡើងនៅលួងប្រាបាង កាលពី១០ថ្ងៃមុន បានធ្វើឲ្យកម្ពស់ទន្លេមេគង្គប្រទេសឡាវ ហក់ឡើងដល់២ម៉ែត្រ ហើយទឹកទាំងនោះ បានហូរតាមបណ្តាយខ្សែទឹក មកកម្ពុជាបន្តិចៗម្តង មកដល់ថ្ងៃនេះ ទើបធ្វើឲ្យកម្ពស់ទឹកឡើងខុសពីរដូវបែបនេះ។ ពិសេសធ្វើឲ្យលិចស្ពានឬស្សីកោះប៉ែន នៅខេត្តកំពង់ចាម»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានអះអាងថា កម្ពស់ទឹកនឹងចាប់ផ្តើមស្រកវិញជាតាមធម្មតា នៅរសៀលថ្ងៃទី២២ ឬ២៣ មករា ឆ្នាំ២០១៩ ហើយទឹកទាំងនេះ មិនបានផ្តល់ផលអវិជ្ជាមានឡើយដល់កម្ពុជា៕
សូមបញ្ជាក់ថា ស្ពានឫស្សីកោះប៉ែន ដែលចំណាយទឹកប្រាក់ជុសជុលអស់ប្រមាណ៣ម៉ឺនដុល្លារនេះ ទើបតែសម្ភោធដាក់ឲ្យប្រើប្រាស់ឡើងវិញ កាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ សូមអញ្ជើញទស្សនាទិដ្ឋភាពស្ពានឫស្សីកោះប៉ែន ដែលបានលិចដោយសារទឹកទន្លេមេគង្គឡើងខុសរដូវ ដូចតទៅ៖








-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

