គម្រោង​ក្រាល​ក្ដារ​តាម​ឫ​ស​ឈើ និង​វង់​ទស្សនា​នៅ​តា​ព្រហ្ម​គ្រោង​ចាយ​ឈើ​ជាង៧០​ម៉ែត្រ​គីប​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ដោយ​សង្កេតឃើញថា ដើមឈើ​ធំៗ​នៅ​ប្រាសាទតាព្រហ្ម កំពុងមាន​ហានិភ័យ ដោយសារ​ការជាន់​ឫស​ឈើ ​នៅក្រោម​ដី​ ពី​សំណាក់​ភ្ញៀវទេសចរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​គម្រោង​ក្រាល​ក្ដារ ​នៅតាម​កន្លែង​សំខាន់ៗ ដើម្បី​ធ្វើយ៉ាងណា​សង្គ្រោះ​ដើមឈើ​ចំណាស់​ទាំង​នោះឡើង​វិញ​។ គម្រោង​នេះ នឹង​ក្រាល​ដោយ​ប្រភេទ​ឈើ​គគីរ ដែល​តាម​ការប៉ាន់ស្មាន​របស់​អ្នកជំនាញ គ្រោយ​ចាយ​ឈើ​អស់​ជាង ៧០​ម៉ែត្រ​គីប​។​
 
​ក្រោយពី​សិក្សា​យ៉ាង​ល្អិតល្អន់ និង​មានការ​ឯកភាព​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ គម្រោង​ក្រាល​ក្ដារ​នៅ​ប្រាសាទតាព្រហ្ម​ បានចាប់ផ្តើម ​កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨​។ គម្រោង​នេះ គឺ​រៀបចំ​ក្រាល​ក្ដារ​ ដើម្បី​ការពារ​ឫ​ស​ឈើ និង​ក្រាល​តាមផ្លូវ​ដើរ​ជាថ្មី ដើម្បីឱ្យ​ឫស​ឈើ​ដកដង្ហើម​ បាន​ស្រួល​ឡើងវិញ​។​
 
​មន្ត្រី​ព្រៃឈើ លោក យិន សូវ៉ាត បានឱ្យដឹងថា ទីតាំង​សម្រាប់​ក្រាល​ក្ដារ​នៅតាម​ឫស​ឈើ​ចំនួន​៦ ទីតាំង​ធំៗ និង​ការ​ក្រាល​តាម​វង់​ទស្សនា​ជាង ៤០០​ម៉ែត្រ​ទៀត​។ គម្រោង​នេះ នឹង​ប្រើ​ឈើ​គគីរ ដែលជា​ប្រភេទ​ឈើ​លេខ​មួយ ដែល​គ្រោង​ប្រើប្រាស់​ឈើ​ជាង ៧០​ម៉ែត្រ​គីប​។ លោក សូវ៉ាត ពន្យល់ថា ឈើ​គគីរ​ជា​ប្រភេទ​ឈើ​ធន់ ហើយ​វា​អាច​រក្សា​គុណភាព​ចន្លោះ​ពី ៦ ទៅ​៧​ឆ្នាំ​ឯណោះ​។ តាម​ផែនការ ការងារ​នេះ​ អាច​នឹង​បញ្ចប់​នៅមុន​រដូវវស្សា ឬ​មុន​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅក្នុង​ខែ មិថុនា​៕






ព័ត៌មានទាក់ទង