ផ្លូវមួយខ្សែ និងស្ពានមួយថ្មីទៀតជាជំនួយរបស់អាល្លឺម៉ង់ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃពុធទី ២៨ ខែកុម្ភៈ។ គិតទាំងផ្លូវថ្មីនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានជួយកសាងផ្លូវសម្រាប់កម្ពុជាសរុបទាំងអស់ចំនួន ២៥០០ គីឡូម៉ែត្រហើយ។
ផ្លូវក្រាលកៅស៊ូមួយខ្សែដែលមានចម្ងាយ ១១,២ គីឡូម៉ែត្រនិងស្ពានមួយមានចម្ងាយ ២០ ម៉ែត្រ ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធទី ២៨ ខែកុម្ភៈ។ សមិទ្ធផលថ្មីនេះត្រូវបានកសាងឡើងក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ក្រោមជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា កម្មវិធីបើកដំណើរនេះមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក Ingo Karsten និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលោក អ៊ុក រ៉ាប៊ុន ផងដែរ។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោក Ingo Karsten (រូបភាព៖ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា)
ទាក់ទិននឹងសមិទ្ធផលថ្មីនេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោក Ingo Karsten បានថ្លែងដូច្នេះថា ៖«បើកម្ពុជាចង់សម្រេចជោគជ័យក្នុងការលុបបំបាត់ភាពក្រីក្រ យើងមិនត្រូវភ្លេចសហគមន៍ជនបទឡើយ។ យើងត្រូវបង្កើតទស្សនវិស័យសម្រាប់ប្រជាជននៅទីជនបទ ដោយធានាឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ប្រព័ន្ធសុខាភិបាលដែលមានគុណភាព និងតម្លៃសមរម្យ ក៏ដូចជាសាលារៀន និងការងារដែរ»។
«នេះជាមូលហេតុដែលរដ្ឋាភិបាលអាល្លឺម៉ង់ជួយគាំទ្ររដ្ឋាភិបាលកម្ពុជាដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីជនបទ»។
រដ្ឋាភិបាលអាល្លឺម៉ង់បានរួមចំណែកច្រើនក្នុងការជួយជ្រោមជ្រែងការអភិវឌ្ឍនៅកម្ពុជាតាមរយៈការផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកន្លងមក។ ដូចឃើញស្រាប់ មកដល់បច្ចុប្បន្ន អាល្លឺម៉ង់បានចូលរួមសាងសង់ផ្លូវមានចម្ងាយសរុបប្រហែល ២៥០០ គីឡូម៉ែត្រ ស្ពានចំនួន ៨០ សាលារៀន ៤៨ ខ្នង និងផ្សារចំនួន ១១ កន្លងផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ក្នុងវិស័យអភិវឌ្ឍន៍នៅ កម្ពុជា បានចូលរួមចំណែកលើកកម្ពស់ ជីវភាពប្រជាជនកម្ពុជាប្រហែលជាង ១លាននាក់ ដែលកំពុងរស់នៅក្នុងទីជនបទ។ អ្វីដែលគួរឲ្យកត់សម្គាល់ ចំណូលប្រជាជនក្នុងតំបន់ដែលស្ថិតក្រោមគម្រោងអភិវឌ្ឍនោះកើនឡើងរហូតដល់ ៥០ ភាគរយ ហើយសមិទ្ធផលជាផ្លូវថ្នល់នេះក៏បានជួយឲ្យការចំណាយលើការដឹកជញ្ជូននោះថយចុះរហូតដល់ ៥០ ភាគរយផងដែរ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ជួយគាំទ្រកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សុខាភិបាលសាធារណៈ ក៏ដូចជាទ្រទ្រង់កំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ។ ក្រៅពីនោះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានចូលរួមចំណែកក្នុងដំណើរការផ្សះផ្សា និងសន្តិភាពនៅកម្ពុជា តាមរយៈការគាំទ្រសាលាក្តីខ្មែរក្រហម និង អង្គការសង្គមស៊ីវិលផងដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com