ព្រះបាទយសោវរ្ម័នទី១ យកភ្នំធម្មជាតិ «ភ្នំកណ្ដាល» ធ្វើជាប្រាសាទ «ភ្នំបាខែង»

18/03/2024 11:21 am ភ្នំពេញ

សៀមរាប៖ ហរិហរាល័យ ជារាជធានីដំបូងនាដើមសម័យអង្គរ ដែលមានព្រះមហាក្សត្រខ្មែរ ៣អង្គ គង់នៅទីនោះ។ ព្រះបាទយសោវរ្ម័នទី១ ក៏ជាព្រះមហាក្សត្រ ដែលគង់នៅហរិហរាល័យ និងបានសង់ប្រាសាទលលៃ មុនពេលព្រះអង្គ យាងមកកសាងរាជធានី យសោធរបុរៈ។ ព្រះបាទយសោវរ្ម័នទី១ បានយកភ្នំបាខែង ជាផ្ចិតរាជធានី និងបានសង់ប្រាសាទ ដែលបច្ចុប្បន្ន ត្រូវបានគេហៅថា «ប្រាសាទភ្នំបាខែង» នៅលើកំពូលភ្នំនេះតែម្ដង។



បើតាមការបញ្ជាក់របស់លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដំបូងឡើយ ប្រាសាទភ្នំបាខែង មានឈ្មោះថា «យសោធរគិរី» ឬ «ភ្នំកណ្ដាល» ដែលពាក្យ គិរី ដែលមានន័យថា ភ្នំ។ ព្រះបាទយសោវរ្ម័នទី១ បានសង់ប្រាសាទលើភ្នំយសោធរ ដោយដាប់ថ្មភ្នំ ធ្វើជាខឿនប្រាសាទចំនួន ៥ថ្នាក់។ ព្រះបាទយសោវរ្ម័នទី១ ក៏ចាប់ចិត្តជាមួយភ្នំផ្សេងៗទៀត ដូចជា ភ្នំក្រោម និងភ្នំបូក។ ព្រះអង្គ ក៏បានសង់ប្រាសាទនៅលើកំពូលភ្នំទាំងនេះផងដែរ។
 


បើតាមការសង្គេត ព្រះបាទយសោវរ្ម័នទី១ ចូលចិត្តសាងសង់ប្រាសាទលើភ្នំខ្ពស់ៗ ដែលមានឥទ្ធិពលពីប្រាសាទបាគង ដោយព្រះបាទឥន្ទ្រវម៌្មទេវ (ឥន្ទ្រវរ្ម័ន ទី១)។ ប៉ុន្តែទម្រង់ប្រាសាទភ្នំនេះ គឺមានមុនសម័យអង្គរ មក ដែលមានប្រាសាទអកយំ និងប្រាសាទភ្នំរូង។ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ព្រះអង្គយកភ្នំខ្ពស់ៗ ហើយសង់ប្រាសាទធំៗ ដែលមានខឿនច្រើន ជាន់ថ្នាក់ ជាងព្រះរាជាមុនៗ។ 
 
ព្រះរាជាគ្រប់ជំនាន់នាសម័យអង្គរ តែងតែសង់ប្រាសាទដើម្បីឧទ្ទិសជូនបុព្វការីជនរបស់ព្រះអង្គ ទើបសង់ប្រាសាទសម្រាប់ជាកិច្ចបូជាផ្ទាល់របស់ព្រះអង្គ។ បុរាណវិទូ យល់ថា ការសង់ប្រាសាទឧទ្ទិសជូនបុព្វការីជនមុនដូច្នេះ គឺជាទំនៀមទម្លាប់បន្តពីព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលបានសង់ប្រាសាទព្រះគោនាដើមសម័យអង្គរ នៅរាជធានីហរិហរាល័យ ឬនៅតំបន់រលួសនាពេលបច្ចុប្បន្ននេះ។ 
 
រីឯព្រះបាទយសោវរ្ម័នទី១ ព្រះអង្គ បានសង់ប្រាសាទលលៃនៅកណ្ដាលបារាយណ៍ ឥន្រ្ទតដាក ដើម្បីឧទ្ទិសជូនបុព្វការីជន មុនយាងមកតាំងរាជធានីយសោធរបុរៈ។ ព្រះអង្គ សង់ប្រាសាទភ្នំបាខែង ដើម្បីឧទ្ទិសជូនព្រះសិវៈ ព្រះនាមយសោធរេស្វរៈ។ 
 
លោក ជា សារិទ្ធ បញ្ជាក់ថា ប្រាសាទភ្នំបាខែង ត្រូវបានធ្វើបុណ្យឆ្លងនៅឆ្នាំ ៩១០ ក្រោយសាងសង់រួចរាល់។ ប្រាសាទភ្នំបាខែង ត្រូវបានប្រសិទ្ធនាមថា «យសោធរេស្វរៈ» តាមនាមព្រះសិវៈ។ នៅប្រាង្គកណ្ដាល ព្រះអង្គ តម្កល់សិវៈលិង្គ យសោធរេស្វរៈ នេះ។



ដូចបានជម្រាបខាងដើម ប្រាសាទភ្នំបាខែង ត្រូវបានសាងសង់លើភ្នំធម្មជាតិតែម្ដង ដែលដាប់ថ្មភ្នំ ធ្វើជាខឿនចំនួន ៥ជាន់។ ប្រាសាទនេះ ក៏ប្រើប្រាស់ថ្មភក់ និងថ្មបាយក្រៀមផងដែរ។ នៅក្បែរប្រាសាទ ក៏មានអគារធ្វើអំពីឥដ្ឋនោះដែរ។ បុរាណវិទូ ហៅអគារឥដ្ឋនេះថា «ប្រាសាទរណប» ដែលនៅជុំវិញ ប្រាសាទភ្នំបាខែង។ បុរាណវិទូ ជា សារិទ្ធ បញ្ជាក់ថា ប្រាសាទរណបនេះ មានចំនួន ៤៤ប្រាសាទ ដែលខ្លះបានដួលរលំបាត់ នៅសល់តែខឿនប៉ុណ្ណោះ។ 
 
បើតាមលោក ជា សារិទ្ធ ប្រាសាទភ្នំបាខែង មានប្រាង្គទាំងអស់ចំនួន ១០៩ ទាំងប្រាង្គកណ្ដាល​ នៅកំពូលប្រាសាទ។ បើតាមការសង្កេត មិនមានប្រាសាទផ្សេងទៀត ក្នុងរមណីយដ្ឋានអង្គរ មានប្រាង្គច្រើនដូច ប្រាសាទភ្នំបាខែង នេះទេ៕

ព័ត៌មានទាក់ទង