ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ មហាជនក្នុងសង្គមហ្វេសប៊ុក បានបង្ហាញក្ដីបារម្ភ និងខ្លះរិះគន់ ពីការនេសាទនៅបឹងទន្លេសាប តាមរយៈរូបភាព ដែលអ្នកថតរូបអាជីព បានផ្ដិតរូបភាព អំឡុងពេលធ្វើដំណើរជុំវិញបឹងទន្លេសាប។ រូបភាព ផ្ទៃបឹងទន្លេសាបនៅភូមិផាត់សណ្ដាយ ខេត្តកំពង់ធំ ពពេញទៅដោយសញ្ញាព្រួញ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ជា របាំងណរ៉ាវ ឬរបាំងសាច់អួន។
យ៉ាងណាក៏ដោយ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំឱ្យមហាជន កុំទាន់អាលវាយតម្លៃលឿនពេល ព្រោះភាពច្បាស់់លាស់នៃរឿងនេះ ត្រូវការស៊ើបអង្កេតបន្ថែម។ បើតាមកញ្ញា រចនា នៅថ្ងៃនេះ ក្រុមការងារក្រសួងបានចុះទៅពិនិត្យទីតាំង នៃរូបថត ដែលថតបានពីលើអាកាស ដើម្បីផ្ទៀងផ្ទាត់គ្នា ជាមួយរូបភាពដែលបានចែករំលែកលើបណ្ដាញសង្គម ។
ទោះបើផ្ទៀងផ្ទាត់ទៅឃើញដូចរូប ដែលមហាជនចែកចាយបន្តក៏ដោយ ក្រុមជំនាញក្រសួងនឹង ពិនិត្យ និងវាយតម្លៃបន្ថែមទៀត ពីផលប៉ះពាល់និងលក្ខណៈផ្លូវច្បាប់។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម។
កញ្ញា រចនា បានសង្កត់ធ្ងន់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «ជួនកាលឧបករណ៍នេសាទប្រភេទនេះ នៅលើផ្ទៃបឹងយើងឃើញមានបង្គោល និងរូបព្រួញនៅឡើយទេ ប៉ុន្តែខាងក្រោយរបាំងអួនត្រូវគេកាប់បំផ្លាញចោលអស់ហើយ! ហើយនេះក៏ជា ករណីមួយដែរ សម្រាប់សាធារណជនពិចារណា មុននឹងជឿលើរូបភាព»។
ឧបករណ៍ របាំងសាច់អួននេះ គឺជាឧបករណ៍នេសាទស្របច្បាប់ ដោយមានកំណត់ប្រវែង និងកំណត់ក្រឡាសាច់អួន។ ពាក់ព័ន្ធនឹងបទល្មើសនេសាទ មន្ត្រីជលផលតែងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ រួមទាំងចុះល្បាតជាប្រចាំ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា អ៊ឹម រចនា។
ជុំវិញករណីនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ក៏ទទួលបានរឿងរ៉ាវដែលមហាជនរិះគន់ និងចោទសួរជាបន្តបន្ទាប់ដែរ។ លោកអះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្រុមការងារជំនាញបានចុះទៅពិនិត្យ និងរង់ចាំព័ត៌មានលម្អិតពីករណីដូចក្រសួងដែរ។
ទាក់ទិននឹងរូបដែលមហាជនចែកចាយបន្តគ្នា ដោយឃើញតែសញ្ញាព្រួញក្នុងផ្ទៃបឹងនោះ គឺចេញពីគណនីហ្វេសប៊ុក Dyna Pisith ដែលគេស្គាល់ថា ជាអ្នកថតរូបអាជីព ហើយលោកធ្វើដំណើរជុំវិញបឹងទន្លេសាប ដើម្បីប្រមូលថវិកាជួយដល់កុមារ។ យ៉ាងណាក៏ដោយ សារព័ត៌មានថ្មីៗ ពុំទាន់អាចទាក់ទងសុំព័ត៌មានលម្អិតស្ដីរូបភាពខាងលើ និងទិដ្ឋភាពដែលបានសង្កេតឃើញជុំវិញបឹងទន្លេសាបនៅឡើយទេ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com