អ្នកផលិតមាតិកា៦រូ​ប ដែលកំពុងជួយជំរុញភ្ញៀវទេសចរមកលេងសៀមរាប

26/02/2024 3:29 pm ភ្នំពេញ


សៀមរាប៖ និន្នាការនៃការផលិតវីដេអូមានច្រើនផុសផុលនាពេលបច្ចុប្បន្ន ដែលអ្នកផលិតមាតិកាខ្លះ​ ផ្តោតលើប្រធានបទផ្សេងៗគ្នា ដូចជាវីដេអូអប់រំ ការកម្សាន្ត និងផ្តោត​លើការផ្សព្វផ្សាយ​​​វិស័យទេសចរណ៍ជាដើម។​ ដូចគ្នានេះដែរ យុវជនមួយក្រុមនៅខេត្តសៀមរាប ដែលចូលចិត្តការថតរូប និងវីដេអូ កំពុងចូលរួមយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយទេសចរណ៍ ខេត្តសៀមរាប។



យុវជន៦រូប ដែលសារព័ត៌មានថ្មីៗ លើកយកមកបង្ហាញនៅពេលនេះ ដោយសារពួកគេបានចូលរួមយ៉ាងសកម្ម ជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយបានផលិតមាតិកាទាក់​ទងនឹងទេសចរណ៍ ម្ហូបអាហារ ​និងចែករំលែកមាតិកាទាំងនោះ ដើម្បីផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា ក្នុងបំណងជំរុញឱ្យ​ភ្ញៀវទេសចរឱ្យមកកម្សាន្តខេត្តសៀមរាប ណែនាំឱ្យស្គាល់គោលដៅទេសចរណ៍ថ្មីៗជាច្រើន។

ទី១. ប៊ុន នាម (នាម-Neam)


ប៊ុន នាម មានអាយុ២៥ឆ្នាំ ចូលចិត្តថតរូបតាំងពីអាយុ១៣ឆ្នាំ។ ជាបន្តបន្ទាប់ យុវជនរូបនេះ​បានអភិវឌ្ឍន៍ទៅជាអ្នកជំនាញថតរូបម្នាក់ និងទទួលបានការគាំទ្រពីមហាជនជាច្រើន។ នាម ប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ «នាម-Neam» ដើម្បីផុសរាល់រូបថត និងវីដេអូ ដែលខ្លួនផលិតបាន។ បច្ចុប្បន្នទំព័រហ្វេសប៊ុកនេះ មានអ្នកតាមដានជាង៧៣K ហើយរូបថតដែលគេទទួលបានការគាំទ្រ​ច្រើនលើសលប់នោះ គឺរូបថតសខ្មៅប្រាសាទអង្គរវត្តនៅក្រោមដំណក់ទឹកភ្លៀង។
 
ប៊ុន នាម ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា រៀនថតរូបដំបូងពី​យូធូប និងឆ្លៀតពេលទំនេរ​ដើរថតតាមប្រាសាទ ឬតំបន់ផ្សេងៗដើម្បីអភិវឌ្ឍន៍ជំនាញមួយនេះ។ ក្រៅពីតំបន់ប្រាសាទ នាម ក៏ចូលចិត្តថតទេសភាព ព្រៃភ្នំ និងសមុទ្រជាដើម។ ក្នុងនាមជាអ្នកថតមួយរូប យុវជនមានមាឌក្រអាញ សម្បុរស្រអែមរូបនេះ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង នៅពេលមាតិកា​វីដេអូ ឬរូបថតរបស់ខ្លួន មានការគាំទ្រខ្លាំងពីមហាជន។ នាម ក៏បានលើកទឹកចិត្តដល់យុវជនដែលទើបប្រឡូក​ក្នុងវិស័យថតរូប កុំបោះបង់ ត្រូវបន្តតាមក្ដីស្រមៃរបស់ខ្លួន ហើយសម្ភារថ្លៃៗមិនមែនជាឧបសគ្គឡើយ។ ផ្ទុយទៅវិញ ទូរសព្ទតម្លៃសមរម្យក៏អាចថតរូបបានស្អាតដែរ។ សព្វថ្ងៃ នាម គឺជាប្រធានផ្នែកលក់ នៅក្នុងក្រុមហ៊ុនឯកជន​មួយក្នុងក្រុងសៀមរាប​។

ទី២. លឹម រ៉ូម៉ា (Roma Lim)

ឆ្នាំនេះ រ៉ូម៉ា មានអាយុ២៩ឆ្នាំ។ គេអាចនឹងច្រឡំថាយុវជនរូបនេះ​ជាជនបរទេស ប្រសិនបើមើលពីក្រៅ និងមិនបានជួបសន្ទនា។ តាមពិត រ៉ូម៉ា ជាកូនកាត់ដែលមានម្ដាយជាជនជាតិ រុស្ស៊ី សញ្ជាតិអ៊ុយក្រែន និងឪពុកជាជនជាតិខ្មែរ។ ក្រៅពីអាជីពជាគ្រូបង្រៀននៅសាលា ACE ខេត្តសៀមរាប រ៉ូម៉ា ក៏ជាអ្នកចូលចិត្តថតរូបម្នាក់ផងដែរ។ ថតប្រាសាទ រូបចម្លាក់ និងក្បូរក្បាច់នៅតាមជញ្ជាំង ឬថែវប្រាសាទ ជាចំណង់ចំណូលចិត្តរបស់ រ៉ូម៉ា។ 
 

រ៉ូម៉ា ចាប់ផ្តើមចេះថតរូបនៅអាយុ ១៩ឆ្នាំ គឺគេរៀនតាមយូធូប។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រ៉ូម៉ា បានងាកមកថតរូបភាព និងវីដេអូផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្តសៀមរាប និងខេត្តខ្លះទៀត។ នៅតំបន់ប្រាសាទ រ៉ូម៉ា ចាប់អារម្មណ៍លើប្រាសាទតូចៗ ដែលគេយល់ថា ប្រាសាទដែលគេមិនសូវ​ទៅលេង និងឱ្យតម្លៃទាំងនោះ ក៏មានចំណុចពិសេសៗប្លែកពីគេដែរ។ រ៉ូម៉ា បានប្រើប្រាស់គណនី​ហ្វេសប៊ុក​ឈ្មោះថា «Roma Lim» ដែលមានអ្នកតាមដានជាង ២១K ផ្សព្វផ្សាយពីចម្លាក់នានា និងប្រវត្តិខ្លីៗ​នៅតាមប្រាសាទតូចធំទាំងនោះ ឱ្យភ្ញៀវទេសចរ ក៏ដូចជាសាធារណជនបានដឹង និងចាប់អារម្មណ៍ទៅទស្សនា។
 
យុវជនរូបនេះលើកឡើងដូច្នេះថា៖«រាល់ថ្ងៃគេចូលចិត្តថតប្រាសាទ ហើយភាគច្រើនគេទៅតែ​ប្រាសាទល្បីៗ តូចៗរៀងឆ្ងាយគេមិនសូវទៅ ឬមិនឱ្យតម្លៃ។ ប្រាសាទតូចមានចម្លាក់ខុសគ្នា រូបក៏ខុសគ្នាដែរ»។​ សម្រាប់ រ៉ូម៉ា ថតរូបឱ្យស្អាតគឺសំខាន់ហើយ តែការសរសេរចំណងជើង ឬ Caption លើរូបទាំងនោះ ក៏កាន់តែសំខាន់ទៀត ដើម្បីទាក់ទាញអ្នកទស្សនា។

ទី៣. សុខ សានីតា (MOON- Sok Sanita)  

សានីតា មានផេកឈ្មោះថា MOON- Sok Sanita ដែលមានអ្នកតាមដានជាង២៩K។ តាមពិតយុវតីរូបនេះ រៀនចប់ផ្នែកអក្សរសាស្រ្តខ្មែរ និងជាអ្នកតែងនិពន្ធមួយរូប។ ក្រៅពីអាជីពជាអ្នកនិពន្ធ សានីតា ក៏ស្រឡាញ់ការថតរូបខ្លាំងដែរ។ តាមពិតអ្នកភូមិត្រពាំងសេស សង្កាត់គោកចករូបនេះ ដើរថតរូបយូរមកដែរហើយ តែទើប​ចាប់ផ្តើមថតផ្សាយ​ពីវិស័យទេសចរណ៍​ខ្ទង់មួយឆ្នាំ​នេះ​តែប៉ុណ្ណោះ។

 
 
ជាស្រ្តីភេទក៏ពិតមែន តែ​ សានីតា យល់ថាកត្តាភេទ មិនមែនជាឧបសគ្គសម្រាប់ការងារនេះឡើយ។ ពេលចុះថតម្ដងៗ នាងតែងទៅជាក្រុម ដោយគិតពីសុវត្ថិភាពជាចម្បង កុំឱ្យគ្រួសារបារម្ភ និងរីករាយឱ្យនាងបន្តការងារដែលខ្លួនស្រឡាញ់ និងចូលចិត្តមិនចង់បោះបង់មួយនេះ។ ទោះនៅពេលនេះ MOON មិនទាន់មានដៃគូជីវិតក្ដី តែនាងបានគិតរួចហើយថា នឹងរកអ្នកដែលស្រឡាញ់ វិស័យថតរូប​ដូចគ្នា ដើម្បីឱ្យនាងមានលទ្ធភាព និងឱកាសគ្រប់គ្រាន់លើការបន្តអាជីពមួយនេះ។
ទី៤. ជួន ស៊ីណា (Sina ស៊ីណា) 

Sina ស៊ីណា ជាឈ្មោះទំព័រហ្វេសប៊ុករបស់យុវតី ស៊ីណា។ អ្នកស្រុកក្រឡាញ់រូបនេះ បានបញ្ចប់ការសិក្សាផ្នែក​គ្រប់គ្រងអាជីវកម្ម និងកំពុងធ្វើការក្រៅម៉ោងឱ្យក្រុមហ៊ុនឯកជនមួយ។ ការងារក្រៅម៉ោង ផ្តល់ភាពងាយស្រួលដល់ ស៊ីណា ឱ្យមានពេលច្រើនចុះថតរូបនៅតាមតំបន់ផ្សេងៗ។ ស្ថិតក្នុងវ័យ ២៥ឆ្នាំ ស៊ីណា ចូលចិត្តថតរូបទេសភាពទូទៅ តំបន់ប្រាសាទ តំបន់សហគមន៍​ទេសចរណ៍ ថតអាហារ និងកន្លែងកម្សាន្តទូទៅទាំងក្នុងក្រុង និងជនបទផ្សេងៗ។


 
ក្រៅពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ ស៊ីណា នាងក៏មានទំព័រជាក្រុមមួយទៀតឈ្មោះថា Check in Siem Reap- ដើរលេងសៀមរាប ដែលទាំងពីរផេកមានអ្នកតាមដានខ្ទង់៥០K។ ស៊ីណា ប្រាប់ថា ផេកនេះបង្កើតឡើងកំពុងពេលសៀមរាបស្ងាត់ខ្លាំងដោយសារជំងឺកូវីដ-១៩។ ដូច្នេះ ផេកនេះ បានជួយផ្សព្វផ្សាយ​ឱ្យទេសចរមកលេងសៀមរាបឡើងវិញ។

ទី៥. ពៅ អរុណ (ARUN POV, SIEM REAP VIBES)

ផ្តើមថតដំបូងនៅកំឡុងឆ្នាំ២០១៤ ក្រោយចូលរួមសិក្ខាសាលាក្នុងកម្មវិធីបាខែម ដែលនិយាយពី​ការថតរូប​តាមទូរសព្ទដៃ។ ជាបន្តបន្ទាប់ អរុណ បានប្រឹងប្រែងអភិវឌ្ឍន៍ជំនាញដែលគេមាន​ទេពកោសល្យនេះ រហូតក្លាយជាអ្នកថតរូបដ៏ចំណាន។ សម្រាប់ អរុណ រូបភាពមានតម្លៃជាប្រវត្តិសាស្រ្ត។ យុវជនរូបនេះយល់ថា សម្រាប់រូបភាពបច្ចុប្បន្នមើលទៅហាក់សាមញ្ញៗ តែវានឹងមានតម្លៃ​នៅរយៈពេល៥០​ ឬ១០០ឆ្នាំទៅមុខទៀត ដែលអ្វីៗវានឹងមានការផ្លាស់ប្ដូរ ដូចជារបៀបរបបរស់នៅរបស់ប្រជាជន ស្ថានភាពប្រាសាទ និងការអភិវឌ្ឍក្រុងជាដើម។



 ទី៦. អ៊ុយ ឌីណែត (Mr Donut ដូណាត់)

ឌីណែត ចាប់ស្រឡាញ់ការថតរូបកំឡុងពេលនៅរៀនវិទ្យាល័យ គឺបន្ទាប់ពីឪពុករបស់គេបានឱ្យកាដូ ជាកូនកាមេរ៉ាតូចមួយគ្រឿង។ ឪពុករបស់ឌីណា ជាអ្នកស្រឡាញ់ការថតរូបម្នាក់ និងតែងថតរូប សកម្មភាពពីនេះពីនោះក្នុងក្រុមគ្រួសារ តាំងពីឌីណែត នៅតូចៗមក។ ទាំងនេះហើយ ជំរុញឱ្យ យុវជន ឌីណែត មាននិស្ស័យជាមួយកាមេរ៉ា និងចូលចិត្តថតរូបដូចឪពុកខ្លួនដែរ។​


 
បច្ចុប្បន្ន ឌីណែត ដែលមានវ័យ៣២ឆ្នាំ ជាអ្នកគ្រប់គ្រងសាលារៀនឯកជនមួយកន្លែង និងយកពេលសម្រាកដើរថតរូបនៅតាមតំបន់ទេសចរណ៍ និងសហគមន៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយនៅក្នុងផេកផ្ទាល់ខ្លួនឈ្មោះថា Mr Donut ដូណាត់ ដែលបច្ចុប្បន្នមានអ្នកតាមដានជាង២K។ សម្រាប់ ឌីណែត ការថតរូបជាការកម្សាន្ត បំបាត់ទុក្ខព្រួយ ហើយមិនចាំបាច់ទាល់តែកន្លែងល្បីៗនោះទេ ឱ្យតែកន្លែង​ដែលគេ​​បាន​ទៅដល់ គឺអាចថតរូបសម្រាប់ផ្សព្វផ្សាយបានទាំងអស់៕
 

ព័ត៌មានទាក់ទង