ភ្នំពេញ៖ ធនាគារ SME បានផ្ដល់ហិរញ្ញប្បទាន ១០០លានដុល្លារ ដល់សហគ្រាសធនតូច និងមធ្យម ដែលជាសមាជិកសមាគមស្វាយចន្ទីកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី ព្រមទាំង ជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទី នៅកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត។ ការផ្ដល់ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ លោក លឹម អូន ជាអគ្គនាយកធនាគារ SME និងលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រីករាយយ៉ាងខ្លាំង ដោយរំពឹងថា ហិរញ្ញប្បទាន១០០លានដុល្លារ ដែលផ្ដល់ដោយ ធនាគារ SME នៅពេលនេះ នឹងជួយដោះស្រាយបញ្ហាចាក់ស្រេះមួយចំនួន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី ជាពិសេស កង្វះខាតដើមទុន ដើម្បីទិញគ្រាប់ឆៅស្តុកទុក។
ពាក់ព័ន្ធនឹងកង្វះដើមទុន ដែលជាបញ្ហាប្រឈមសម្រាប់អ្នករកស៊ីក្នុងវិស័យស្វាយចន្ទី ត្រូវបាន លោក ស៊ីឡុត ពន្យល់ថា បច្ចុប្បន្ន អ្នកវិនិយោគិនក្នុងស្រុក មិនអាចប្រកួតប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅជាមួយបរទេសបានទេ ដោយសារពួកគេខ្វះខាតដើមទុន សម្រាប់ទិញគ្រាប់ស្តុកទុក។ មូលហេតុនេះហើយ ទើបក្រុមហ៊ុន ឬសិប្បកម្មស្វាយចន្ទីកែច្នៃស្វាយចន្ទីកម្ពុជាមួយចំនួន គ្មានលទ្ធភាពផលិតពេញលេញ។
លោក ស៊ីឡុត បញ្ជាក់ថា សត្វថ្ងៃ មានក្រុមហ៊ុន ឬសិប្បកម្មកែច្នៃខ្លះ បើកដំណើរការបានត្រឹម ៣ទៅ៨ខែ ហើយត្រូវផ្អាកវិញ ដោយសារអស់គ្រាប់ផលិត។ បច្ចុប្បន្ន មានតែពីរក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចកែច្នៃស្វាយចន្ទី បានពេញមួយឆ្នាំ។
បន្ថែមពីលើនេះ កាលណា ក្រុមហ៊ុន ឬសិប្បកម្ម ដែលកែច្នៃស្វាយចន្ទី គ្មានលទ្ធភាពទិញគ្រាប់ឆៅស្តុកទុកហើយ នឹងធ្វើខ្សែច្រវ៉ាក់ផលិតកម្មពួកគេរអាក់រអួល ដូច្នេះ បុគ្គលិកជំនាញមួយចំនួន ត្រូវអត់ការងារធ្វើ។ នៅពេលដល់រដូវប្រមូលផល ហើយក្រុមហ៊ុន ឬសិប្បកម្ម ចង់ដំណើរការឡើងវិញ នឹងត្រូវរកបុគ្គលិកថ្មី មកជំនួសអ្នកចាស់។ ការធ្វើបែបនេះ នឹងនាំឱ្យមានការចំណាយច្រើន ដោយសារត្រូវបណ្ដុះបណ្ដាលធនធានមនុស្សឥតឈប់ឈរ។
លោក អួន ស៊ីឡុត ប្រាប់ដូច្នេះថា៖« កាលណាគាត់ (ក្រុមហ៊ុន ឬសិប្បកម្ម) អត់មានលទ្ធភាពទិញគ្រាប់ឆៅស្តុកទុកហើយ គឺខ្សែច្រវ៉ាក់ផលិតកម្មរបស់គាត់ អត់ដំណើរការបានពេញមួយឆ្នាំបានទេ។ អ៊ីចឹងៗ! បុគ្គលិករបស់គាត់ ដែលអត់ការងារធ្វើក្នុងរយៈពេលនោះ ពួកគេនឹងត្រូវទៅរកមុខរបរថ្មី។ ដល់រដូវកាលថ្មី ដែលយើងត្រូវអញ្ជើញគាត់(បុគ្គលិក) មកវិញ គឺថាពួកគាត់ជាប់មុខរបរថ្មីហើយ។ អ៊ីចឹង! យើងត្រូវបណ្ដោះបណ្ដាលធនធានថ្មីៗរហូត ដែលនាំឱ្យការចំណាយច្រើន»។
ហិរញ្ញប្បទានដែលផ្ដល់ធនាគារ SME នេះ មានអត្រាការប្រាក់ ៥,៥ភាគរយក្នុងមួយឆ្នាំ ឬស្មើ ០,៤១ ភាគរយក្នុងមួយខែ។ យ៉ាងណា លោក ស៊ីឡុត រំពឹងថា នឹងអាចមានការពិភាក្សាឱ្យការបន្ធូរបន្ថយការប្រាក់, លក្ខខណ្ឌកម្ចី និងលក្ខខណ្ឌ នៃការសងត្រឡប់មកវិញបន្ថែមទៀត មុនដល់រដូវប្រមូលផលឆ្នាំ ២០២៤។
បច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជា មានសមាជិក ១៨ ២០០គ្រួសារ ក្នុងនោះ មានសហគមន៍ចំនួន ៣៦ កន្លែង។ ដោយឡែក សហគ្រាសមាន១៨កន្លែង និងក្រុមហ៊ុនទិញ-លក់ស្វាយចន្ទីទៅវៀតណាមមានចំនួន៥កន្លែង។
យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ចាប់ពីខែមករា ដល់ខែឧសភា កម្ពុជា ផលិតស្វាយឆៅបាន ៥១ម៉ឺនតោន។ កម្ពុជា បាននាំចេញទៅវៀតណាម ៤៨៣ ០០០តោន ដែលគិតជាទឹកប្រាក់ ៦៦០លានដុល្លារ។ ចំនួននេះ បានថយចុះ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com