
ភ្នំពេញ៖ គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មសរុប ១៤,៤៤៩ លានដុល្លារ កើន១៥,៦ ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះកម្ពុជានាំចេញ ៦,៨៧៥ លានដុល្លារ ខណៈនាំចូលមកវិញ ៧,៥៧៣លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលឱ្យដឹងថា ដៃគូពាណិជ្ជកម្មកម្ពុជាធំជាងគេគឺប្រទេសចិន មានទំហំពាណិជ្ជកម្ម ៤,០៦៨ លានដុល្លារ កើន២៦,៧ ភាគរយធៀបនឹងឆ្នាំទៅ ខណៈលេខពីរគឺសហរដ្ឋអាម៉េរិក ក្នុងទំហំ ២,៥០១ លានដុល្លារ មានកំណើន ២២,៤ភាគរយ។ ប្រទេសវៀតណាមស្ថិតនៅលេខ៣ សម្រេចពាណិជ្ជកម្មរួមក្នុងទំហំ ២,៣៤១ លានដុល្លារ កើន ០,៧ភាគរយ។
បន្ទាប់គឺប្រទេសថៃ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ១,១៤៨លានដុល្លារ កើន ២,២ភាគរយធៀបនឹងឆ្នាំ២០២៤។ ឈរនៅលេខ៥ គឺប្រទេសជប៉ុន សម្រេចទំហំ ៦៥៦លានដុល្លារ មានកំណើន ២៩,៥ភាគរយ ចំណែកប្រទេសកាណាដា មានទំហំពាណិជ្ជកម្មសរុប ២៩៤ លានដុល្លារ កើន១៥ភាគរយ មានចំណាត់ថ្នាក់លេខ ៦។
ដោយឡែក ពាណិជ្ជកម្មរួមជាមួយកម្ពុជាមានចំនួន ២៨០លានដុល្លារ កើន ១០ភាគរយ គឺប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៧។ លេខ៨ គឺប្រទេសអេស្ប៉ាញ់ ដែលមានតម្លៃ ២៦៤លានដុល្លារ កើន២៤,៤ភាគរយ ធៀបនឹងឆ្នាំមុន។
ខណៈលេខ៩ គឺប្រទេស អាល្លឺមង់ មានតម្លៃសរុប ២៥៦ លានដុល្លារ មានកំណើន ១៣,៣ភាគរយ និងលេខ១០ គឺប្រទេសម៉ាឡេស៊ី មានទំហំពាណិជ្ជកម្មសរុប ២៤៩លានដុល្លារ កើន ៣៣,៥ ភាគរយ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

